
អន្តររដ្ឋធានី៖ មហាអំណាចកុម្មុយនីស្ដទាំង៣ ដែលជាសម្ព័ន្ធមិត្តជិតស្និតបំផុតរបស់អ៊ីរ៉ង គឺ «រុស្ស៊ី ចិន និងកូរ៉េខាងជើង» បានចេញមុខការពារអ៊ីរ៉ង់ តាមរយៈការប្រើវោហាសាស្ត្រការទូតយ៉ាងមុតស្រួច វាយបកទៅកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយថ្កោលទោសចំពោះការវាយប្រហារលើអ៊ីរ៉ង់ ថា «ជាអំពើឈ្លានពានបែបក្រុមទំនើង និងខុសច្បាប់» ខណៈរដ្ឋធានីប៉េកាំង និងរដ្ឋធានីមូស្គូ ប្រកាសជំហររឹងមាំក្នុងការគាំទ្ររដ្ឋធានីតេហេរ៉ង់ ការពារអធិបតេយ្យភាពរបស់ខ្លួន និងជំរុញឱ្យមានសន្តិភាព...។

ក្រោយឃើញសម្ព័ន្ធមិត្តត្រូវបានគេវាយប្រហារ ប្រធានាធិបតីរុស្ស៊ី ដែលមានរហស្សនាម បុរសខ្លាឃ្មុំទឹកក វ៉្លាឌីមៀ ពូទីន បានជជែកតាមទូរសព្ទជាមួយមេដឹកនាំនៃប្រទេសអារ៉ាប់ នៅតំបន់ឈូងសមុទ្ទចំនួន៣ កាលពីថ្ងៃចន្ទទី២មីនា ដោយបានផ្តល់ការសម្របសម្រួលតាមរយៈទំនាក់ទំនងជិតស្និទ្ធរវាងរដ្ឋធានីមូស្គូ និងរដ្ឋធានីតេហេរ៉ង់ ដើម្បីជួយស្តារសន្តិភាពឡើងវិញ នៅតំបន់មជ្ឈិមបូព៌ា បន្ទាប់ពីលោកបានចេញមុខថ្កោលទោសយ៉ាងដាច់អហង្កា ចំពោះការវាយប្រហារយ៉ាងសាហាវព្រឺព្រួចរបស់អាម៉េរិក និងអ៊ីស្រាអែល លើសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់។ ដោយសារឥទ្ធិពលរុស្ស៊ី ធ្លាក់ចុះនៅមជ្ឈិមបូព៌ាផង និងអ៊ីរ៉ង់ជាដៃគូយុទ្ធសាស្ត្រផង វាជាដង្ហើមអុកស៊ីសែនរបស់រុស្ស៊ីនៅក្នុងតំបន់មជ្ឈិមបូព៌ា ចង់មិនចង់ រដ្ឋធានីមូស្គូ ត្រូវតែចេញមុខថ្កោលទោសអាម៉េរិក-អ៊ីស្រាអែល និងបង្ហាញពីចេតសម្របសម្រួល ដើម្បីជំរុញឱ្យមានពន្លឺសន្តិភាពនៅក្នុងតំបន់ដ៏ផុយស្រួយមួយនេះ។

ជាមួយគ្នា ចិនបានប្រកាសចំៗលើជំហគាំទ្រអ៊ីរ៉ង់ ក្នុងការការពារអធិបតេយ្យភាព និងជំរុញឱ្យសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់។ នេះមានន័យថា ចិនកំពុងបើកដៃឱ្យអ៊ីរ៉ង់បើកការវាយប្រហារទៅលើអាម៉េរិក និងអ៊ីស្រាអែលវិញ ដើម្បីជាការសងសឹក និងការពារខ្លួន។ ជាក់ស្តែង ប្រមុខការទូតចចកចម្បាំងចិន លោក វ៉ាង យី បានប្រាប់សមភាគីអ៊ីរ៉ង់ តាមរយៈការសន្ទនាតាមទូរសព្ទ កាលពីថ្ងៃចន្ទទី២ ខែមីនាថា រដ្ឋធានីប៉េកាំងគាំទ្ររដ្ឋធានីតេហេរ៉ង់ ក្នុងការការពារខ្លួនទល់នឹងការវាយប្រហាររបស់អាម៉េរិក និងអ៊ីស្រាអែល។ យោងតាមស្ថានីយទូរទស្សន៍រដ្ឋ CCTV លោក វ៉ាង យី បានប្រាប់សមភាគី លោក អាបបាស់ អារ៉ាក់ជី (Abbas Araghchi) ថា៖«រដ្ឋធានីប៉េកាំង ឱ្យតម្លៃលើមិត្តភាពប្រពៃណីរវាងចិន និងអ៊ីរ៉ង់ គាំទ្រអ៊ីរ៉ង់ក្នុងការការពារអធិបតេយ្យភាព សន្តិសុខ បូរណភាពទឹកដី និងសេចក្តីថ្លៃថ្នូរជាតិ ហើយគាំទ្រអ៊ីរ៉ង់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ខ្លួន»។

លើសពីនេះ លោក វ៉ាង បន្តថា៖«ចិនបានជំរុញឱ្យអាម៉េរិក និងអ៊ីស្រាអែល បញ្ឈប់ប្រតិបត្តិការយោធាជាបន្ទាន់ ដើម្បីចៀសវាងការរីករាលដាលនៃភាពតានតឹង និងការពារកុំឱ្យជម្លោះនេះរាលដាលដល់តំបន់មជ្ឈិមបូព៌ាទាំងមូល»។ ថ្លែងនៅក្នុងកិច្ចសន្ទនាដាច់ដោយឡែកមួយទៀត ជាមួយរដ្ឋមន្ត្រីការបរទេសអូម៉ង់ កាលពីថ្ងៃចន្ទដដែល លោក វ៉ាង បានចោទប្រកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ថា បានរំលោភលើគោលបំណង និងគោលការណ៍នៃធម្មនុញ្ញអង្គការសហប្រជាជាតិ តាមរយៈចេតនាបង្កសង្គ្រាមប្រឆាំងអ៊ីរ៉ង់។ «ចិនមានឆន្ទៈដើរតួនាទីប្រកបដោយការស្ថាបនា រួមទាំងការប្រកាន់ខ្ជាប់នូវយុត្តិធម៌ ការខិតខំស្វែងរកសន្តិភាព និងការបញ្ឈប់សង្គ្រាមតាមរយៈវេទិកានៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ» នេះជាសំឡេងគ្រហឹមព្រមាន បែបការទូតដ៏មុតស្រួចចេញពីមាត់អ្នកការទូតចចកចម្បាំងចិន។

មិននៅស្ងៀមឡើយ កូរ៉េខាងជើង ក៏បានចេញមុខថ្កោលទោស ចំពោះការវាយប្រហារបន្តបន្ទាប់របស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ទៅលើប្រទេសអ៊ីរ៉ង់ផងដែរ ដោយចាត់ទុកថា«នេះគឺជាអំពើឈ្លានពានខុសច្បាប់ និងបង្ហាញឱ្យឃើញពីចរិតធម្មជាតិបែបទំនើងរបស់រដ្ឋធានីវ៉ាស៊ីនតោន»។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេសកូរ៉េខាងជើង យុទ្ធនាការយោធាប្រឆាំងនឹងអ៊ីរ៉ង់ដោយប្រទេសទាំង២ [អាម៉េរិក-អ៊ីស្រាអែល] គឺជាអំពើឈ្លានពានខុសច្បាប់ទាំងស្រុង និងជាទម្រង់នៃការរំលោភបំពានអធិបតេយ្យភាពដ៏អាក្រក់បំផុត។ មិនតែប៉ុណ្ណោះ រដ្ឋធានីព្យុងយ៉ាង បានប្រើវោហារសាស្ត្រចំៗ ដោយមិនញញើត ថា៖«សកម្មភាពយោធានេះ បានបង្ហាញពីចរិតលក្ខណៈឥតអៀនខ្មាស និងបែបក្រុមទំនើងរបស់សម្ព័ន្ធមិត្តទាំង២ ដែលបានជ្រើសរើសយកការរំលោភបំពានកម្លាំងយោធា ដើម្បីបំពេញមហិច្ឆតាអាត្មានិយម និងចង់ត្រួតត្រារបស់ខ្លួន»។

សូមជម្រាបថា ភ្លើងសង្រ្គាមចាប់ផ្តើមឆាបឆេះរីករាលដាលពាសពេញមជ្ឈិមបូព៌ា ដោយមនុស្សរាប់រយនាក់ បានស្លាប់នៅក្នុងប្រទេសអ៊ីរ៉ង់ រួមទាំងមេដឹកនាំកំពូលលោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ផងដែរ ក្រោយសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានចាប់ផ្តើមបើកប្រតិបត្តិការវាយប្រហារលើគោលដៅរាប់សិបកន្លែង ក្នុងប្រទេសនេះ។ យ៉ាងណា ជាការឆ្លើយតប រដ្ឋធានីតេហេរ៉ង់ បានបាញ់បង្ហោះមីស៊ីល និងដ្រូនជាច្រើនស្រោចទៅលើអ៊ីស្រាអែល បណ្តាប្រទេសឈូងសមុទ្ទក្នុងតំបន់ ដែលមានមូលដ្ឋានទ័ពអាម៉េរិក និងមូលដ្ឋានទ័ពអង់គ្លេសនៅប្រទេសស៊ីប (Cyprus) ក្នុងនោះ ក៏បានធ្វើឱ្យមនុស្សជាច្រើននាក់ស្លាប់ និងជាច្រើននាក់ផ្សេងទៀតរងរបួស។ ក្រោយឃើញអ៊ីរ៉ង់ ហ៊ានតដៃ ស្រាប់តែ អង់គ្លេស បារាំង និងអាល្លឺម៉ង់ ព្រមានចាត់វិធានការតបតវិញ ដើម្បីការពារផលប្រយោជន៍ខ្លួន នៅតំបន់មជ្ឈិមបូព៌ា៕




