
រដ្ឋធានីប៉េកាំង៖ អាជ្ញាធរចិន បានបន្តយុទ្ធនាការកណ្ដាប់ដៃដែករបស់ខ្លួន ដោយបានអនុវត្តទោសប្រហារជីវិតទៅលើសមាជិក៤នាក់នៃត្រកូលប៉ៃ (Bai) ជាគ្រួសារមានឥទ្ធិពលមួយក្នុងការគ្រប់គ្រងមជ្ឈមណ្ឌលឆបោកតាមប្រព័ន្ធអ៊ីនធឺណិត នៅទីក្រុងឡោកខ្ញែ (လောက်ကိုင်) ប្រទេសមីយ៉ាន់ម៉ា។

យោងតាមសារព័ត៌មានរដ្ឋចិន ជនជាប់ចោទទាំងនេះ ស្ថិតក្នុងចំណោមមនុស្ស២១នាក់នៃបក្ខពួកគ្រួសារត្រកូលប៉ៃ ដែលត្រូវបានតុលាការខេត្តក្វាងទុង (Guangdong) ផ្ដន្ទាទោសពីបទឆបោក ឃាតកម្ម និងបង្ករបួសស្នាមយ៉ាងធ្ងន់ធ្ងរ។ កាលពីខែវិច្ឆិកាកន្លងទៅ តុលាការបានកាត់ទោសប្រហារជីវិតមនុស្ស៥នាក់ រួមទាំងមេខ្លោងធំ និងជាមេគ្រួសារត្រកូលប៉ៃ គឺលោក ប៉ៃ ស៊ូឆឹង (Mr.Bai Suocheng) ប៉ុន្តែរូបលោកបានទទួលមរណភាពដោយសារជំងឺ ក្រោយការកាត់ទោស។ អាជ្ញាធរចិនបញ្ជាក់ថា សកម្មភាពឧក្រិដ្ឋរបស់ត្រកូលម៉ាហ្វីយ៉ានេះ បណ្ដាលឱ្យពលរដ្ឋចិនស្លាប់៦នាក់ ម្នាក់ធ្វើអត្តឃាត និងមនុស្សជាច្រើនទៀតរងរបួសនៅក្នុងមជ្ឈមណ្ឌលឆបោកចំនួន៤១កន្លែង ដែលពោរពេញដោយអំពើហិង្សា និងការធ្វើទារុណកម្ម។

អាណាចក្ររបស់ត្រកូលប៉ៃ ដែលធ្លាប់មានឥទ្ធិពលខ្លាំងក្រោមជំនួយពីមេដឹកនាំយោធា មីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង បានដួលរលំ ក្រោយរដ្ឋធានីប៉េកាំងបើកយុទ្ធនាការបង្ក្រាបយ៉ាងចាស់ដៃ កាលពីឆ្នាំ២០២៣ រហូតឈានដល់ការចាប់ខ្លួន និងបញ្ជូនខ្លួនមេខ្លោងទាំងនេះមកកាត់ទោសនៅប្រទេសចិន។ គួររំលឹកផងដែរថា កាលពីសប្តាហ៍មុន ចិនក៏បានប្រហារជីវិតសមាជិក១១នាក់នៃត្រកូលមីង (Ming) ដែលជាក្រុមម៉ាហ្វីយ៉ាដ៏ឃោរឃៅមួយទៀតផងដែរ ដើម្បីជាការព្រមានដល់ក្រុមឧក្រិដ្ឋជនដទៃទៀត កំពុងធ្វើសកម្មភាពឆបោកឆ្លងដែនក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលបានធ្វើឱ្យជនជាតិចិនរាប់ពាន់នាក់ធ្លាក់ក្នុងអន្ទាក់ និងខាតបង់ប្រាក់រាប់ពាន់លានដុល្លារ៕



