
រដ្ឋធានីណៃពិដោ៖ មេដឹកនាំក្រុមប្រដាប់អាវុធជនជាតិភាគតិចដ៏មានឥទ្ធិពលបំផុតមួយរបស់ប្រទេសមីយ៉ាន់ម៉ា បានចោទប្រកាន់មេដឹកនាំពិភពលោកថា កំពុងឱបដៃឈរមើលការសម្លាប់ពលរដ្ឋស្លូតត្រង់ដោយអមនុស្សធម៌ ជុំវិញការវាយប្រហារតាមអាកាសដ៏សាហាវរបស់របបយោធា ដោយមានតែរដ្ឋធានីប៉េកាំងប៉ុណ្ណោះ កំពុងធ្វើអន្តរាគមន៍ក្នុងជម្លោះនេះ...។

«ជនស៊ីវិលកំពុងរងទុក្ខវេទនា ហើយខ្ញុំចង់ឱ្យសហគមន៍អន្តរជាតិ កុំព្រងើយកន្តើយនឹងវា» នេះជាសម្រែកដ៏ឈឺចាប់សុំការអន្តរាគមន៍ ចេញពីមាត់ លោក យ៉ដ ស៊ើក (Yawd Serk) ប្រធានក្រុមប្រឹក្សាស្តាររដ្ឋសាន (RCSS)។ លោកបានអះអាងថា ពិភពលោកបានបរាជ័យក្នុងការបញ្ឈប់ភាពចលាចលក្នុងប្រទេសភូមា ខណៈរបបយោធា បានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែកនៅទូទាំងប្រទេស ហើយវាយប្រហារតាមអាកាស បានកម្ទេចទីតាំងជនស៊ីវិលជាង១០០០កន្លែង ក្នុងរយៈពេល១៥ខែចុងក្រោយនេះ។ នេះបើយោងតាមទិន្នន័យពី Myanmar Peace Monitor។

លោក យ៉ដ ស៊ើក ដែលក្រុមរបស់លោកគ្រប់គ្រងទឹកដីយុទ្ធសាស្ត្រ ចន្លោះប្រទេសចិន និងប្រទេសថៃ មានទីស្នាក់ការកណ្តាលរឹងមាំបំផុតនៅតំបន់ឡយតៃឡេង (Loi Tai Leng) ក្នុងរដ្ឋសាន បានបន្ថែមថា៖«សព្វថ្ងៃនេះ យើងមិនដឹងថាត្រូវទៅពឹងអ្នកណាឡើយ។ មានប្រទេសមួយប៉ុណ្ណោះ ដែលឈឺឆ្អាលជាមួយមីយ៉ាន់ម៉ា គឺប្រទេសចិន ហើយមានតែប្រទេសចិនប៉ុណ្ណោះ..!»។ សូមរំឭកថា មីយ៉ាន់ម៉ា ឬភូមា បានរអិលចូលជម្លោះស៊ីវិលទូទាំងប្រទេស ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ២០២១ ក្រោយរបបយោធា បានផ្តួលរំលំរដ្ឋាភិបាលលោកស្រី អ៊ុង សានស៊ុជី (Aung San Suu Kyi)។ ចាប់តាំងពីចុងឆ្នាំ២០២៤ ការវាយប្រហារតាមអាកាសដោយរបបសឹក បានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់១៧២៨នាក់ ក្រោមលេសកំណត់គោលដៅលើសំបុកភេរវករ៕




