ក្នុងពេលកំពុងពង្រឹងអំណាច របបសឹកមីយ៉ាន់ម៉ា បានចាប់ដៃរុស្ស៊ី ចុះកិច្ចព្រមព្រៀងយោធាជាមួយគ្នារយៈពេល៥ឆ្នាំំ
N
Nary Vann
21 ម៉ោងមុន

រដ្ឋធានីម៉ូស្គូ៖ របបសឹកមីយ៉ាន់ម៉ា និងរដ្ឋាភិបាលរុស្ស៊ី បានឈានដល់ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការយោធារយៈពេល៥ឆ្នាំំ (រហូតដល់ឆ្នាំំ២០៣០) កាលពីថ្ងៃទី៣ខែកុម្ភៈ ដែលជាសញ្ញានៃការរឹតចំណងសម្ព័ន្ធភាពកាន់តែស្អិតល្មួតរវាងប្រទេសទាំងពីរដែលកំពុងរងទណ្ឌកម្មពីបស្ចិមលោក។

កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់មន្ត្រីសន្តិសុខជាន់ខ្ពស់វិមានក្រឹមឡាំង លោក សឺហ្កេ ស៊យហ្គូ (Sergei Shoigu) ទៅកាន់ប្រទេសមីយ៉ាន់ម៉ា ដើម្បីបញ្ជាក់ពីការគាំទ្រពេញទំហឹងរបស់មហាអំណាចរុស្ស៊ី ចំពោះអធិបតេយ្យភាព និងសន្តិសុខនៃរបបសឹកមីយ៉ាន់ម៉ា។ បើទោះបីជាព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងនេះមិនត្រូវបានបង្ហាញជាសាធារណៈ ប៉ុន្តែ ក្នុងជំនួបនោះ លោក ស៊យហ្គូ បានបញ្ជាក់ពីគោលជំហរគាំទ្រយ៉ាងមុតមាំរបស់រដ្ឋធានីម៉ូស្គូ ដោយបានលើកឡើងថា៖«រុស្ស៊ីគាំទ្រយ៉ាងពេញទំហឹងចំពោះមាគ៌ារបស់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ា ក្នុងការការពារបូរណភាពទឹកដី និងពង្រឹងអធិបតេយ្យភាព ព្រមទាំងសន្តិសុខជាតិ»។ លោកបានបន្ថែមទៀតថា បើទោះបីជាសម្ពាធពីបស្ចិមលោកមកលើប្រទេសទាំងពីរនឹងមិនថយចុះក៏ដោយ ប៉ុន្តែមីយ៉ាន់ម៉ាអាចទុកចិត្តបានទាំងស្រុងលើជំនួយគ្រប់ជ្រុងជ្រោយពីរដ្ឋធានីម៉ូស្គូ រួមទាំងនៅលើឆាកអន្តរជាតិផងដែរ។

លោក សឺហ្គេ ស៊យហ្គូ
លោក សឺហ្គេ ស៊យហ្គូ

ដំណើរទស្សនកិច្ច និងការចុះហត្ថលេខានេះ កើតឡើងស្របពេលដែលយោធាមីយ៉ាន់ម៉ា កំពុងរងការរិះគន់ពីការប្រើប្រាស់យន្តហោះចម្បាំងរុស្ស៊ី ដើម្បីវាយប្រហារលើក្រុមឧទ្ទាម និងជនស៊ីវិល។ ទន្ទឹមនឹងនេះ របបសឹកទើបតែបានបញ្ចប់ការបោះឆ្នោតរយៈពេលមួយខែ ដែលលទ្ធផលបង្ហាញថាគណបក្សចងសម្ព័ន្ធភាពជាមួយរបបយោធា (USDP) បានឈ្នះអាសនៈជាង៨០ភាគរយ។ យ៉ាងនេះក្ដី ការបោះឆ្នោតនេះត្រូវបានរងការរិះគន់យ៉ាងខ្លាំងពីសហគមន៍អន្តរជាតិ និងក្រុមប្រឆាំង ដោយសារតែលោកស្រី អ៊ុងសាន ស៊ូជី និងគណបក្សរបស់លោកស្រី ត្រូវបានផាត់ចេញ។ គេបារម្ភថា ជំនួយយោធាថ្មីពីរុស្ស៊ី អាចនឹងធ្វើឱ្យសង្គ្រាមស៊ីវិលក្នុងប្រទេសនេះកាន់តែឆេះសន្ធោសន្ធៅខ្លាំងឡើង៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត