
រាជធានីភ្នំពេញ៖ ឯកអគ្គរដ្ឋទូតថ្មីប្រចាំកម្ពុជា លោកស្រី កាត់ថារីណា វីសស៊ើរ (Katharina Wieser) ប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រុំទំនាក់ទំនងកម្ពុជា-អូទ្រីស ឱ្យកាន់តែរីកចម្រើនជាពិសេសលើវិស័យវិនិយោគ និងពាណិជ្ជកម្មទ្វេភាគី ខណៈពេលដ៏ខ្លីខាងមុខ ធុរជនអូទ្រីសនឹងមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ លោកស្រីឯកអគ្គរដ្ឋទូត ថ្លែងក្នុងឱកាសចូលជួប សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅថ្ងៃទី៤មីនា ឆ្នាំ២០២៦ ដើម្បីប្រគល់សារតាំង...។

ក្នុងជំនួបលោកស្រីឯកអគ្គរដ្ឋទូតរំឭកថា រយៈពេល៧០ឆ្នាំកន្លងមកនេះ ពោលគឺចាប់តាំងពីឆ្នាំ១៩៥៦មក ប្រទេសអូទ្រីស និងកម្ពុជា បានបង្កើតទំនាក់ទំនងជាមួយគ្នាយ៉ាងល្អប្រសើរ ដោយភាគីទាំងពីរជឿជាក់គ្នាទៅវិញទៅមក។ ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មី លោកស្រីប្ដេជ្ញាខិតខំប្រឹងប្រែងពូនជ្រុំនូវទំនាក់ទំនងទ្វេភាគីនេះឱ្យកាន់តែរីកចម្រើន ទាំងក្នុងក្របខណ្ឌនយោបាយ ជាពិសេស គឺក្របខណ្ឌសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ។ លោកស្រីសន្យាថា នឹងខិតខំប្រឹងប្រែងជំរុញពាណិជ្ជកម្ម វិនិយោគឱ្យកាន់តែមានការកើនឡើង។ ក្នុងន័យនេះ លោកស្រីបង្ហើបថា៖«នៅពេលខាងមុខនឹងមានធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន នឹងអញ្ជើញមកកាន់ប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសក្នុងការវិនិយោគ»។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បង្ហាញការពេញចិត្ត និងឯកភាពទាំងស្រុងចំពោះការពង្រីកនូវពាណិជ្ជកម្មរវាងកម្ពុជា និងអូទ្រីស ឱ្យកាន់តែមានការកើនឡើងជាពិសេស គឺទាក់ទងទៅនឹងការវិនិយោគ។ សម្ដេចតេជោ សាទរចំពោះគម្រោងធុរជនរបស់អូទ្រីសប្រមាណ១០ក្រុមហ៊ុន គ្រោងមកកាន់ប្រទេសកម្ពុជានាពេលខាងមុខ។ ក្នុងន័យនេះ សម្ដេចសង្ឃឹមខ្ពស់ថា តាមរយៈធុរជន រួមទាំងតាមរយៈការប្ដេជ្ញាចិត្តរបស់លោកស្រី ក្នុងនាមជាឯកអគ្គរដ្ឋទូតថ្មីរបស់អូទ្រីសប្រចាំកម្ពុជា នឹងញ៉ាំងឱ្យទំនាក់ទំនងផ្នែកនយោបាយ ជាពិសេស ទំហំពាណិជ្ជកម្ម សេដ្ឋកិច្ច និងការវិនិយោគរវាងប្រទេសទាំងពីរ កាន់តែរីកចម្រើនបន្តទៀត៕





