ពលរដ្ឋចាស់-ក្មេង តក់ស្លុត ឈឺចាប់ ក្រោយឃើញផ្ទាំងគំនូរបង្ហាញពីទុក្ខវេទនារាប់មិនអស់របស់ពលរដ្ឋខ្មែរ ក្រោមស្នាដៃយោធាថៃឈ្លានពាន
L
Linda Sorn
មួយម៉ោងមុន

រាជធានីភ្នំពេញ៖ បន្ទាប់ពីចំណាយពេលអស់រយៈពេល១២ថ្ងៃ ពោលគឺចាប់ពីថ្ងៃដែលគូរដំបូង កាលពីថ្ងៃទី២០កុម្ភៈ ឆ្នាំ២០២៦ ផ្ទាំងដ៏ធំពោរពេញទៅដោយថ្នាំពណ៌ចម្រុះ គូរវាសពីដំណើរទុក្ខវេទនានៃពលរដ្ឋខ្មែរភៀសសឹក និងទង្វើឥតធម៌មេត្តារបស់យោធាថៃ ត្រូវបានក្រុមវិចិត្រករគូររួចរាល់ទាំងស្រុង និងដាក់សម្ពោធជាផ្លូវការ កាលពីល្ងាចថ្ងៃទី៣មីនា ឆ្នាំ២០២៦...។

ផ្ទាំងគំនូរដែលមានបណ្តោយប្រវែង៣៥ម៉ែត្រ និងកម្ពស់៥ម៉ែត្រ កំពុងបញ្ឈរក្នុងបរិវេណសួនច្បារវត្តបុទុម រាជធានីភ្នំពេញ ដោយមានការចូលរួមគូរពីវិចិត្រករចម្រុះជាតិសាសន៍ រួមជាមួយអ្នកស្ម័គ្រចិត្តសរុបចំនួន១០០នាក់។ ផ្ទាំងគំនូរដ៏ធំនេះ ត្រូវបានគូរដោយបែងចែកទៅតាមស្ថានភាពផ្សេងៗដែលវិចិត្រករស្រង់ពីរូបភាពពិតជាក់ស្តែង ដូចជា៖ រូបពលរដ្ឋរស់ក្នុងជំរំភៀសសឹក, ការរត់គេចពីគ្រាប់ផ្លោង, ភាពឈឺចាប់របស់ពលរដ្ឋខ្មែរព្រោះការបាត់បង់សាច់ញាតិ, ការរំលោភបំពានរាងកាយលើស្ត្រីពលការិនីខ្មែរមកពីថៃដោយយោធាឈ្លានពាន រួមនិងហេដ្ឋារចនាសម្ព័ន្ធ សម្បត្តិបេតិកភណ្ឌខ្មែរមួយចំនួន ដូចជា ប្រាសាទព្រះវិហារ និងប្រាសាទតាក្របី ដែលត្រូវបានយោធាថៃទម្លាក់គ្រាប់បែកបំផ្លាញស្ទើររាបដ៏ដី។ ចំណុចគួរឱ្យឈឺចាប់មួយទៀត គឺនៅលើផ្ទាំងគំនូរ ក៏មានបង្ហាញពីការរាយបន្លាលួស ដាក់ទូកុងតឺន័រ ហុំព័ទ្ធយកដី និងផ្ទះពលរដ្ឋខ្មែរដោយខុសច្បាប់ ធ្វើឱ្យពលរដ្ឋស៊ីវិលមិនអាចចូលទៅរស់នៅក្នុងលំនៅឋានបានដូចធម្មតាវិញ។

ផ្ទាំងគំនូរទាំងនេះ មិនមែនត្រឹមតែជារូបភាព ប៉ុន្តែត្រូវបានចាត់ទុកជាការចងចាំ និងការឈឺចាប់រាប់មិនអស់ សម្រាប់ពលរដ្ឋខ្មែរគ្រប់រូប។ សម្រាកពីការងារ ប្រជាពលរដ្ឋប្រកបរបរជាជាងធ្វើគ្រឿងសង្ហារឹមម្នាក់ លោក ជាង ភស្ស បានជូនភរិយា និងកូនសរុបចំនួន៥នាក់ មកទស្សនាផ្ទាំងកំណូរនៃការឈឺចាប់នេះ ក្នុងថ្ងៃសម្ពោធតែម្ដង។ ឈរមើលដោយអារម្មណ៍ស្មិងស្មាធិ៍ លោក ជាង ភស្ស បានរៀបរាប់ថា លោកសម្រេចមកទស្សនាគំនូរ ព្រោះចង់ឃើញការឈ្លានពានរបស់ថៃមកលើប្រជាជនខ្មែរ និងរូបភាពជាក់ស្តែងបានគូរ។ និយាយស្ទើរស្រក់ទឹកភ្នែក លោកថា៖«ចិត្តខ្ញុំមានអារម្មណ៍ថាតក់ស្លុត ពេលដែលប្រទេសមានអំណាចមកឈ្លានពានប្រទេសក្រីក្រដូចយើង។ ខ្ញុំចាប់អារម្មណ៍គំនូរដែលបាក់បែកប្រាសាទព្រះវិហារ ដោយសារ ជាបេតិកភណ្ឌពិភពលោកដែលថៃហ៊ានឈ្លានពាន ដូច្នេះ គួរឱ្យសង្វេគ!»។​

លោក ជាង ភស្ស ប្រកបរបរជាជាងធ្វើគ្រឿងសង្ហារឹម
លោក ជាង ភស្ស ប្រកបរបរជាជាងធ្វើគ្រឿងសង្ហារឹម

ជាមួយគ្នា លោកថែមទាំងបង្ហាញការសោកស្ដាយអាយុជីវិតចំពោះទាហានខ្មែរ ដែលបានពលីនៅសមរភូមិ។ ជាងធ្វើគ្រឿងសង្ហារឹមម្នាក់នេះ បានស្នើទៅអន្តរជាតិតាមរយៈ SBM News ថា៖«ខ្ញុំសូមសំណូមពរប្រទេសមហាអំណាចទាំងអស់ ឬក៏ប្រទេសដែលមានអំណាចអន្តរាគមន៍ទូទាំងពិភពលោក សូមជួយទប់ស្កាត់ការបំពានរបស់ប្រទេសដែលមានកម្លាំងធំជាងយើងផង។ ជួយ[..]ដើម្បីសង្រ្គោះប្រជាជន សង្រ្គោះបេតិកភណ្ឌ សង្រ្គោះជនភៀសសឹក សង្រ្គោះប្រាសាទបុរាណនានា»។ លោកក៏បានស្នើឱ្យពលរដ្ឋខ្មែរទាំងអស់មកទស្សនាផ្ទាំងគំនូរនេះ ហើយរួមគ្នាផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីធ្វើយ៉ាងណា ចែករំលែកឱ្យបានដល់ដល់ភាគីពាក់ព័ន្ធ និងអន្តរជាតិ ដើម្បីមើលឃើញពីការឈឺចាប់របស់ពលរដ្ឋខ្មែរ។ ស្ថិតក្នុងវ័យជាង៤០ឆ្នាំប្លាយ លោកស្រី សុភាព និងមិត្តភក្តិសរុបចំនួន៤នាក់ ក៏មិនអាចខកខានក្នុងការមកទស្សនាផ្ទាំងនៃទុក្ខសោករបស់ពលរដ្ឋខ្មែរក្នុងថ្ងៃបើកសម្ពោធនេះដែរ។ លោកស្រី ធ្លាប់បានជួបសង្រ្គាមចំនួន២ដងមកហើយ ពោលគឺកាលជំនាន់ឆ្នាំ១៩៧៩ម្ដង និងលើកទី២ ក្នុងឆ្នាំ២០២៥ ដែលថៃបាញ់ប្រហារមកលើកម្ពុជាជាថ្មីទៀតនេះ។

លោកស្រី សុភាព 
លោកស្រី សុភាព 

លោកស្រីនិយាយថា គំនូរទាំងអស់នេះ ធ្វើឱ្យលោកស្រីមានអារម្មណ៍តក់ស្លុតរកអ្វីមកប្រៀបផ្ទឹមពុំបាន ជាពិសេស រូបភាពបង្ហាញពីការព្រាត់គ្នារវាងប្ដី ប្រពន្ធ និងកូន ព្រោះត្រូវរត់គេចពីគ្រាប់ផ្លោង។ ស្ត្រីវ័យកណ្តាលរូបនេះ មិនអាចភ្លេចគិតពីសម្បត្តិិបេតិកភណ្ឌរបស់ខ្មែរដែរ លោកស្រីពោលថា លោកស្រីមានអារម្មណ៍សោកស្ដាយចំពោះការបាត់បង់ហេដ្ឋាចនាសម្ព័ន្ធ វត្ថុបុរាណនានារបស់ខ្មែរនេះយ៉ាងខ្លាំង។ លោកស្រីអះអាងថា៖«អ៊ី[..]នឹងផ្សព្វផ្សាយទៅកាន់មិត្តភក្តិទាំងអស់ឱ្យតែបានជួប ឱ្យមកមើលផ្ទាំងគំនូរនេះ ឱ្យរំឭក ឱ្យចងចាំជានិច្ច នូវប្រវត្តិសាស្ត្រខ្មែរដែលថៃឈ្លានពាន មកលើទឹកដីយើង។ សូមឱ្យកូនខ្មែរទាំងអស់ចងចាំ!»។ ហាក់មិនខុសគ្នា និស្សិតមកបន្តការសិក្សានៅរាជធានីភ្នំពេញម្នាក់ យុវជន ភក្រ្តា បាននិយាយថា លោកមកទីនេះ ព្រោះចង់ឃើញផ្ទាល់ភ្នែក ពីទិដ្ឋភាពដែលបានកើតឡើងនៅក្នុងសង្រ្គាមថ្ងៃទី២៤កក្កដា។ លោកនិយាយថា ផ្ទាំងគំនូរនេះ ធ្វើឱ្យលោកនឹកឃើញទៅដល់ជនភៀសសឹកដែលត្រូវរស់នៅដោយរងទុក្ខលំបាកមុនគេ ហើយរួមទាំងទាហានខ្មែរដែលបានពលីជីវិត ដើម្បីការពារទឹកដីទាំងមូល។ លោកចាត់ទុកថា ទុក្ខលំបាករបស់ពលរដ្ឋខ្មែរដែលត្រូវបានឈ្លានពានដោយយោធាថៃ គឺមិនអាចរៀបរាប់អស់ឡើយ៕

 យុវជន ភក្រ្តា និស្សិតមកបន្តការសិក្សានៅរាជធានីភ្នំពេញ
 យុវជន ភក្រ្តា និស្សិតមកបន្តការសិក្សានៅរាជធានីភ្នំពេញ
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត