
រាជធានីភ្នំពេញ៖ ភារធារីស្តីទីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា លោកស្រី ប្រ៊ីដហ្គីទី វ៉កគើ (Bridgette Walker) វាយតម្លៃខ្ពស់អំពីភាពរីកចម្រើននៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក ដោយចង់ឱ្យទំនាក់ទំនងទ្វេភាគីនេះ កាន់តែរីកចម្រើន និងខ្លាំងក្លាបន្ថែមទៀត ទោះបីកម្ពុជាកំពុងជួបប្រទះបញ្ហាប្រឈមជាច្រើនក៏ដោយ…។

ការប្រកាសរបស់មន្ត្រីស្ថានទូតអាម៉េរិកប្រចាំកម្ពុជានេះ ធ្វើឡើងតាមរយៈជំនួបពិភាក្សាការងារជាមួយលោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃទី៣មីនា ឆ្នាំ២០២៦។ ក្នុងជំនួប លោកស្រី ប្រ៊ីដហ្គីទី វ៉កគើ សង្កត់ធ្ងន់ចំពោះការវិវត្តជាវិជ្ជមាននៃទំនាក់ទំនងអាម៉េរិក-កម្ពុជា និងវាយតម្លៃខ្ពស់ ចំពោះការសន្ទនាដោយបើកចំហរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ជាមួយសហរដ្ឋអាម៉េរិក។ លោកស្រីថ្លែងថា៖«ថ្វីដ្បិតកម្ពុជា បានជួបប្រទះបញ្ហាប្រឈមជាច្រើន តួយ៉ាងជម្លោះព្រំដែននាពេលថ្មីៗនេះ ក៏សហរដ្ឋអាម៉េរិកមានបំណងចង់ឃើញទំនាក់ទំនងទ្វេភាគីបន្តរីកចម្រើន ទាំងវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម សន្តិសុខ និងភាពជាដៃគូក្នុងកិច្ចពិភាក្សាអំពីបញ្ហាតំបន់»។

ក្នុងន័យនេះ លោកស្រីបញ្ជាក់ថា កិច្ចសន្ទនារវាងរដ្ឋ និងវិស័យឯកជនកម្ពុជា-សហរដ្ឋអាម៉េរិក លើកទី៤ ដែលនឹងប្រព្រឹត្តក្នុងរយៈពេលដ៏ខ្លីខាងមុខ នឹងជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម, វិនិយោគរវាងប្រទេសទាំងពីរ ជាពិសេស ជួយបង្កើតឱ្យមានបរិយាកាសធុរកិច្ចដ៏ប្រសើរ និងការប្រកួតប្រជែងដោយស្មើភាពគ្នា (level playing field) ដែលនឹងទាក់ទាញវិនិយោគិនអាម៉េរិកបន្ថែមទៀត។

ជាការឆ្លើយតប លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានរំឭកពីតួនាទីដ៏សំខាន់របស់សហរដ្ឋអាម៉េរិក ក្រោមការដឹកនាំរបស់លោកប្រធានាធិបតី ដូណាល់ត្រាំ ដែលបានសម្របសម្រួលឱ្យមានកិច្ចព្រមព្រៀងសន្តិភាព រវាងកម្ពុជា-ថៃនៅរាជធានីគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។ ទន្ទឹមគ្នា លោកឧបនាយករដ្ឋមន្ត្រី គូសបញ្ជាក់ថា កម្ពុជាចង់បានវិនិយោគិនសហរដ្ឋអាម៉េរិកដែលមានគុណភាព និងចម្រុះបែប ដើម្បីជំរុញវិស័យឧស្សាហកម្ម និងផលិតកម្ម ជាពិសេស ជំរុញការចូលរួមរបស់ឧស្សាហកម្មកម្ពុជា ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។ លោក វង្សី វិស្សុត សង្កត់ធ្ងន់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច គឺជាផ្នែកមួយនៃការកសាងភាពធន់របស់ប្រទេស។ ក្នុងន័យនេះ កម្ពុជាលើកទឹកចិត្តឱ្យមានការពិភាក្សាត្រង់ទៅត្រង់មក រវាងវិនិយោគិន ដើម្បីស្វែងយល់អំពីតម្រូវការ និងឧបសគ្គរាំងស្ទះនានា។

ក្រៅពីកិច្ចពិភាក្សាខាងលើ តាមរយៈជំនួបដដែលនេះ ភាគីទាំងពីរ ក៏បានជជែកគ្នាអំពីការបង្ក្រាបបទល្មើសឆបោកអនឡាញ (online scam) នៅកម្ពុជា។ ក្នុងនោះសហរដ្ឋអាម៉េរិក វាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរកម្ពុជា ព្រមទាំងបង្ហាញទស្សនវិជ្ជមាន និងជំនឿមុតមាំក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស ការបង្ក្រាបបទល្មើសឆបោកអនឡាញ និងការពង្រឹងទំនាក់ទំនងក្នុងវិស័យយោធា, ការទូត, សង្គមកិច្ច, ពាណិជកម្ម និងសន្តិសុខ៕






