
រាជធានីភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងធនធានទឹក និងឧតុនិយម លោក ថោ ជេដ្ឋា បានអំពាវនាវដល់អាជ្ញាធរ និងប្រជាពលរដ្ឋ ចូលរួមការពារប្រភពទឹក និងប្រើប្រាស់ទឹកដែលកម្ពុជាចាត់ទុកជា «មាស-ស» ដោយសន្សំសំចៃ ព្រោះការប្រែប្រួលអាកាសធាតុសកល និងការកើនឡើងកម្ដៅនៃភពផែនដី ធ្វើឱ្យកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង…។

ថ្លែងក្នុងឱកាសអបអរខួបលើកទី២៦ ទិវានយោបាយទឹក ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦ លោក ថោ ជេដ្ឋា បានឱ្យដឹងថា កន្លងមក ដោយសារកង្វះខាតនូវអាងស្តុកទឹក និងហេដ្ឋារចនាសម្ព័ន្ធស្រោចស្រព ភាពចាស់ទ្រុឌទ្រោមនៃប្រព័ន្ធធារាសាស្ដ្រ និងប្រព័ន្ធរំដោះទឹក ស្របពេលមានការប្រែប្រួលអាកាសធាតុជាសកល និងការឡើងកម្ដៅនៃភពផែនដី បានធ្វើឱ្យកម្ពុជាប្រឈមនឹងការខ្វះខាតទឹកនៅក្នុងរដូវប្រាំង និងជួបប្រទះទឹកជំនន់ស្ទើររៀងរាល់ឆ្នាំនៅរដូវវស្សា។ ដើម្បីដោះស្រាយបញ្ហាប្រឈមទាំងនេះ កំលុងទសវត្សរ៍ឆ្នាំ១៩៩០ រាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជាតិ សម្រាប់ការអភិវឌ្ឍជាអាទិភាពគន្លឹះចំនួន៤គឺ មនុស្ស ទឹក ផ្លូវ ភ្លើង និងបានប្តូរមកជាអាទិភាពគន្លឹះចំនួន៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា ក្រោមការដឹកនាំដោយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

បច្ចុប្បន្ន ទឹកមិនត្រឹមតែបម្រើឱ្យការស្រោចស្រពវិស័យកសិកម្ម និងការប្រើប្រាស់ក្នុងជីវភាពរស់នៅប្រចាំថ្ងៃប៉ុណ្ណោះទេ ប៉ុន្តែបានពង្រីកវិសាលភាពរបស់ខ្លួនបម្រើឱ្យពហុវិស័យ «ទឹកសម្រាប់ពហុវិស័យ»។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវគោលនយោបាយជាតិលើវិស័យធនធានទឹកសម្រាប់ការពារ គ្រប់គ្រង និងប្រើប្រាស់ធនធានទឹក ប្រកបដោយប្រសិទ្ធភាព ខណៈក្រសួងធនធានទឹក ក៏បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រ ដើម្បីពង្រឹងសន្តិសុខទឹក ទ្រទ្រង់ប្រព័ន្ធអេកូឡូស៊ី និងកាត់បន្ថយនូវការខូចខាតដែលបណ្ដាលមកពីគ្រោះធម្មជាតិ ដូចជា៖ គ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួត ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍។

ក្នុងស្មារតីនៃទិវានយោបាយទឹក លោក ថោ ជេដ្ឋា បានអំពាវនាវដល់ក្រសួងស្ថាប័នពាក់ព័ន្ធ រាជ/រដ្ឋាភិបាលនៃបណ្តាប្រទេសជាមិត្ត អង្គការជាតិ-អន្តរជាតិ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍ សូមបន្តកិច្ចសហប្រតិបត្តិការ និងចូលរួមគាំទ្រដល់ដំណើរការគ្រប់គ្រង និងអភិវឌ្ឍធនធានទឹកនៅកម្ពុជា ឈានឆ្ពោះទៅសម្រេចគោលដៅក្នុងការផ្គត់ផ្គង់ទឹកគ្រប់គ្រាន់សម្រាប់បម្រើឱ្យពហុវិស័យ រួមចំណែកក្នុងការកាត់បន្ថយភាពក្រីក្រ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។ រដ្ឋមន្រ្តីធនធានទឹក ក៏អំពាវនាវដល់ប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋានទាំងអស់ សូមចូលរួមប្រើប្រាស់ទឹកដែលជា «មាស-ស» ដោយសន្សំសំចៃ ចូលរួមការពារបរិស្ថាន ការពារប្រភពទឹក និងចូលរួមថែរក្សាហេដ្ឋារចនាសម្ព័ន្ធទឹក ដែលជាទ្រព្យសម្បត្តិរួម ដើម្បីអនាគតរបស់យើងទាំងអស់គ្នា៕




