មេសហជីពមិនជឿទាល់តែសោះ កម្មការិនីម្នាក់ស្លា.ប់ និង២០នាក់សន្លប់ដោយគ្រាន់តែមើលវីដេអូរន្ធត់
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​(ស៊ីខៅឌូ) លោក អាត់ ធន់ មើលឃើញករណីកម្មការិនីរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូ យូនីសូល​ (CAMBO UNISOLL LTD.) ដួលសន្លប់២១នាក់ និងឈានទៅដល់ការបាត់បង់ជីវិត១នាក់ គឺជារឿងធ្ងន់ធ្ងរដែលទាមទារឱ្យមានការស៊ើបអង្កេតស៊ីជម្រៅ លើសពីការត្រួតពិនិត្យត្រឹមតែបរិស្ថានក្នុងរោងចក្រ...។

ក្រុមការងារក្រសួងការងារ។
ក្រុមការងារក្រសួងការងារ។

ថ្លែងប្រាប់អង្គភាពសារព័ត៌មាន SBM News នៅថ្ងៃទី៣មីនា ឆ្នាំ២០២៦ លោក អាត់ ធន់ លើកជាយោបល់ឱ្យគ្រប់ភាគីពាក់ព័ន្ធពិនិត្យលម្អិតថា ក្រៅពីបរិយាកាស តើការដួលសន្លប់របស់កម្មការិនីទាំង២១នាក់នៅរោងចក្រកាត់ដេរសម្លៀកបំពាក់ខេមបូ យូនីសូល ស្ថិតនៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៧កុម្ភៈនោះអាចបណ្ដាលមកពីសារធាតុគីមីដាក់លើក្រណាត់ ឬសម្ភារ និងបញ្ហាសុខភាពណាមួយ។ ការទទូចរបស់អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ធ្វើឡើងក្រោយក្រសួងការងារ និងក្រសួងបរិស្ថាន សុទ្ធតែអះអាងថា បានចុះទៅពិនិត្យបរិស្ថានរោងចក្រតែរកពុំឃើញមានករណីបំពុលខ្យល់ណាមួយឡើយ។ ផ្ទុយមកវិញ ក្រសួងការងារបញ្ជាក់ថា ករណីកម្មការិនីដួលសន្លប់ដាច់សរសៃឈាមខួរក្បាលស្លាប់ម្នាក់ គឺបណ្ដាលមកពីមើលព័ត៌មានគ្រោះថ្នាក់ចរាចរណ៍ ចំណែក២០នាក់ផ្សេងទៀតដួលសន្លប់បន្តគ្នាព្រោះភិតភ័យ។ 

លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​(ស៊ីខៅឌូ)
លោក អាត់ ធន់ អនុប្រធាន​សម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា​(ស៊ីខៅឌូ)

លោក អាត់ ធន់ ថ្លែងថា៖«[..]ករណីកន្លងមក! ខ្ញុំធ្លាប់ធ្វើការជាង១០ឆ្នាំ ភាគច្រើនគឺនៅក្នុងរោងចក្រវាតែងតែមានធូលី កម្តៅ ហើយបិទជិត អុកស៊ីសែនអត់គ្រប់ អ៊ីចឹងមានកម្មករសន្លប់ច្រើនដែរ​..ពេលខ្លះមានគីមីពុលខ្លាំង ដែលធ្វើឱ្យស្រួចស្រាវទៅ វាប៉ះពាល់ដល់សុខភាព អាហ្នឹងក៏មានដែរ! អ៊ីចឹង..គួរតែស៊ើបអង្កេតឱ្យបានស៊ីជម្រៅនៅក្នុងរឿងនេះ[..]»។ ទន្ទឹមគ្នា លោក មិនយល់ស្របចំពោះការបញ្ជាក់របស់ក្រសួងការងារ ដែលពណ៌នា ករណីកម្មការិនីដួលសន្លប់ គឺផ្តើមពីការមើលព័ត៌មានរន្ធត់។ ផ្ទុយមកវិញលោកថា ករណីកម្មករដួលសន្លប់ភាគច្រើនកើតមកពីបរិយាកាសក្នុងរោងចក្រ ព្រោះរោងចក្រមួយចំនួនក្ដៅខ្លាំង, ខ្វះខ្យល់ចេញ-ចូល និងបរិបទមួយទៀតកម្មករ-កម្មការិនី ធ្វើការច្រើនម៉ោងលើសកម្លាំងទើបបណ្ដាលឱ្យខ្សោយ។ 

ក្រុមការងារក្រសួងបរិស្ថានចុះទៅ។
ក្រុមការងារក្រសួងបរិស្ថានចុះទៅ។

សូមរំឭកថា នៅព្រឹមថ្ងៃទី២៧កុម្ភៈ កម្មការិនីម្នាក់ឈ្មោះ យឹម រីន អាយុ៣៤ឆ្នាំ​ បានស្លាប់ បន្ទាប់ពីដួលសន្លប់នៅកន្លែងធ្វើការក្នុងរោងចក្រកាត់ដេរសម្លៀកបំពាក់ ខេមបូ យូនីសូល ភ្លាមៗទាំងក្រសួងការងារ និងក្រសួងបរិស្ថាន សុទ្ធតែប្រកាសពីចំណាត់ការ ចុះទៅតាមដានលើករណីខាងលើ។ ក្នុងនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បញ្ជាក់ប្រាប់ SBM News នៅថ្ងៃ៣មីនានេះថា ការត្រួតពិនិត្យត្រូវបានបិទបញ្ជាប់ ព្រោះរកពុំឃើញការបំពុលណាមួយកើតឡើងក្នុងរោងចក្រ៕ 

លោក ខ្វៃ អាទិត្យា  អ្នកនាំពាក្យក្រសួងបរិស្ថាន។
លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន។
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត