
រាជធានីភ្នំពេញ៖ រឿងរ៉ាវនៅមន្ទីរពេទ្យ អរៀនដា (Orianda) បាននិងកំពុងក្លាយជាប្រធានបទក្ដៅគគុកនៅលើបណ្ដាញសង្គម បន្ទាប់ពីមានការបង្ហោះពីសំណាក់អាណាព្យាបាលទារក អំពីបញ្ហាដែលមន្ទីរពេទ្យពិនិត្យផ្ទៃពោះមិនឃើញបញ្ហាបេះដូងចំហ តាំងពីនៅក្នុងពោះ រហូតដល់ក្មេងនោះកើតមកបាន៣ខែទើបដឹង...។

តាមរយៈគណនីហ្វេសប៊ុកដែលមានឈ្មោះថា Oun Bormey Official កាលពីថ្ងៃទី០៣មីនា បានធ្វើការផ្សាយផ្ទាល់នៅក្នុងមន្ទីរពេទ្យខាងលើផ្ទាល់តែម្ដង ដោយបានរៀបរាប់ទាំងទឹកភ្នែកថា រូបនាងបានទទួលសេវាកម្មមើលថែទាំទារកចាប់តាំងពីនៅក្នុងផ្ទៃរហូតដល់ប្រសូតចេញមកបានជាង៣ខែ ទើបដឹងថា កូនប្រុសរបស់ខ្លួនមានបញ្ហាបេះដូងចំហ តាំងពីចាប់កំណើតមកម៉្លេះ ខណៈកន្លងមកក្រុមគ្រូពេទ្យជំនាញតែងតែអះអាងថា ទាំងម្ដាយទាំងកូនមានសុខភាពល្អទាំងអស់ មិនមានបញ្ហាអ្វីឡើយរាល់ពេលដែលពិនិត្យផ្ទៃពោះ។ យ៉ាងណា ភ្លាមៗក្រុមគ្រូពេទ្យបានព្យាយាមធ្វើការសម្របសម្រួល និងលួងលោមស្ត្រីរូបនោះ ដើម្បីធ្វើការបញ្ឈប់ការផ្សាយផ្ទាល់ និងលុបចោលវីដេអូឃ្លីប ប៉ុន្តែត្រូវបាននារីជាម្ដាយទារកបដិសេធ ដោយបញ្ជាក់ថា រូបនាងមិនព្រមឡើយ ដរាបណាភាគីមន្ទីរពេទ្យមិនមានដំណោះស្រាយលើបញ្ហានេះ។

ទោះយ៉ាងណា រំលងមិនបានប៉ុន្មានម៉ោងផង មន្ទីរពេទ្យ អរៀនដា បានចេញសេចក្ដីប្រកាសព័ត៌មាន ដោយអះអាងថា និងធ្វើការជជែកជាមួយអ្នកជំងឺ ដោយណាត់ជួប ដើម្បីដោះស្រាយការព្រួយបារម្ភ និងផ្តល់ភាពច្បាស់លាស់ ឬការគាំទ្រដែលចាំបាច់តាមតម្រូវការ។ បន្ថែមលើនេះ មន្ទីរពេទ្យ អរៀនដា សូមរក្សាសិទ្ធិមិនធ្វើការបកស្រាយ ឬពិភាក្សាលម្អិតតាមបណ្តាញសង្គម ដោយប្រកាន់ភ្ជាប់នូវគោលការណ៍រក្សាការសម្ងាត់ និងឯកជនភាពរបស់អ្នកជំងឺ។ ជុំវិញជម្លោះនេះ បាននិងកំពុងធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់អតិថិជន ចំពោះសេវាកម្មថែទាំមាតា និងទារកនៅទីនោះ ខណៈមហាជនជាច្រើន បានលើកឡើងនូវមតិរៀងៗខ្លួន ពោលគឺមតិខ្លះបានជំរុញឱ្យពលរដ្ឋងាកទៅរកសេវាកម្មព្យាបាល និងសម្រាលកូន នៅមន្ទីរពេទ្យរដ្ឋវិញម្ដង ក៏ព្រោះតែពេលបច្ចុប្បន្នវិស័យសុខាភិបាល ព្រមទាំងទំនើបកម្មនៃការព្យាបាលមិនអន់ជាងវិស័យឯកជនឡើយ។

ជាមួយគ្នា អង្គភាពសារព័ត៌មាន SBM News បានព្យាយាមសុំការបំភ្លឺពីលោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ តាមប្រព័ន្ធតេលេក្រាម នាព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៦នេះ ដោយលោកបានចូលមើលសំណួររបស់ការីនិពន្ធយើង តែពុំមានការឆ្លើយតបអ្វីឡើយ គិតត្រឹមម៉ោងចេញផ្សាយនេះ៕



