
រដ្ឋធានីវ៉ាស៊ីនតោន៖ បន្ទាប់ពីអាម៉េរិក រួមដៃគ្នាជាមួយអ៊ីស្រាអែល បើកប្រតិបត្តិការយោធាទ្រង់ទ្រាយធំលើអ៊ីរ៉ង់ ស្រាប់តែសហព័ន្ធបាល់ទាត់នៃសាធារណរដ្ឋឥស្លាមមួយនេះបានប្រកាសដកខ្លួនចេញពីប្រកួតបាល់ទាត់ពិភពលោក World Cup។ ប៉ុន្តែយ៉ាងណា ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានបោះសម្តីកាលពីថ្ងៃអង្គារទី៣ ខែមីនា ថា លោកមិនខ្វល់ទេថា តើអ៊ីរ៉ង់ចូលរួមក្នុងព្រឹត្តិការណ៍ប្រកួតបាល់ទាត់ពិភពលោក World Cup នារដូវក្ដៅនេះ ដែលត្រូវបានធ្វើជាសហម្ចាស់ផ្ទះដោយសហរដ្ឋអាម៉េរិក ម៉ិកស៊ិក និងកាណាដា ឬក៏អត់...?

«ខ្ញុំពិតជាមិនខ្វល់ទេ។ ខ្ញុំគិតថា អ៊ីរ៉ង់គឺជាប្រទេសដែលរងបរាជ័យយ៉ាងធ្ងន់ធ្ងរ។ ពួកគេកំពុងអស់ខ្យល់ហើយ...» នេះគឺប្រយោគដ៏ចុកឈាមចេញមាត់លោក ដូណាល់ ត្រាំ ប្រាប់ទៅកាសែត Politico។ មែនទែនទៅ អ៊ីរ៉ង់គឺជាប្រទេសតែមួយគត់ ដែលបានអវត្តមានពីកិច្ចប្រជុំកំពូលរៀបចំផែនការរបស់ FIFA សម្រាប់ប្រទេសចូលរួមប្រកួត World Cup ដែលបានធ្វើឡើងនៅសប្តាហ៍នេះក្នុងរដ្ឋធានីអាត្លង់តា(Atlanta) នៃប្រទេសហ្សកហ្ស៊ី។

សូមជម្រាបថា លោក មេហ៍ឌី តាច់ (Mehdi Taj) ប្រធានសហព័ន្ធបាល់ទាត់នៃសាធារណរដ្ឋឥស្លាមអ៊ីរ៉ង់ បានអះអាងថា ភាពសាហាវឃោរឃៅនៃការវាយប្រហារដោយកងកម្លាំងសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល មិនមែនជាសញ្ញាល្អសម្រាប់ World Cup ដែលនឹងត្រូវប្រារព្ធឡើងចាប់ពីថ្ងៃទី១១ ខែមិថុនា ដល់ថ្ងៃទី១៩ ខែកក្កដានោះទេ។ គួរបញ្ជាក់ថា អ៊ីរ៉ង់បានកក់កៅអីទៅប្រកួត World Cup ជាលើកទី៤ ជាប់ៗគ្នា ដោយឈរនៅកំពូលតារាងក្នុងពូល A ក្នុងវគ្គទី៣ នៃវគ្គជម្រុះនៅតំបន់អាស៊ីកាលពីឆ្នាំមុន។ នៅក្នុងប្រកួត World Cup នាពេលខាងមុខ អ៊ីរ៉ង់ស្ថិតនៅក្នុងពូល G ជាមួយបែលហ្ស៊ិក អេហ្ស៊ីប និងនូវែលហ្សេឡង់ ប៉ុន្តែរដ្ឋធានីតេហេរ៉ង់បានប្រកាសដកចេញពីការប្រកួតនេះរយចទៅហើយ៕




