កងជីវពលឃឺដពិភាក្សាជាមួយអាម៉េរិក ត្រៀមវាយប្រហារកងទ័ពអ៊ីរ៉ង់ពីខាងលិច
N
Nary Vann
16 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ខណៈអ៊ីរ៉ង់កំពុងរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរពីលើអាកាស កងជីវពលឃឺដអ៊ីរ៉ង់ (Iranian Kurdish Militias) ដែលមានមូលដ្ឋាននៅតាមព្រំដែនអ៊ីរ៉ង់-អ៊ីរ៉ាក់ បាននិងកំពុងពិភាក្សាយ៉ាងស្អិតល្មួតជាមួយសហរដ្ឋអាម៉េរិក អំពីលទ្ធភាពនៃការបើកការវាយប្រហារលើកងកម្លាំងសន្តិសុខអ៊ីរ៉ង់ នៅភាគខាងលិចនៃប្រទេស។ នេះបើយោងតាមប្រភពជិតស្និទ្ធនឹងយោធាទម្លាយចេញ...។

កងជីវពលចម្រុះឃឺដ បានហ្វឹកហាត់រួចជាស្រេច ដើម្បីត្រៀមបើកប្រតិបត្តិការជើងគោក ក្នុងបំណងធ្វើឱ្យកងទ័ពអ៊ីរ៉ង់កាន់តែចុះខ្សោយ។ គោលដៅចម្បងនៃប្រតិបត្តិការនេះ គឺដើម្បីបង្កើតឱកាសឱ្យប្រជាជនអ៊ីរ៉ង់ ប្រឆាំងនឹងរបបដឹកនាំបច្ចុប្បន្ន ដោយការងើបឈរឡើងបះបោរព្រមៗគ្នា បន្ទាប់ពីមេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេណី និងមន្ត្រីជាន់ខ្ពស់ជាច្រើនទៀត ត្រូវបានសម្លាប់ក្នុងសង្គ្រាមដែលបានចាប់ផ្ដើម កាលពីសប្តាហ៍មុន។ ប្រភពបង្ហើបឱ្យដឹងថា ក្នុងកិច្ចពិភាក្សានេះ ក្រុមកងជីវពលឃឺដ បានស្នើសុំឱ្យទីភ្នាក់ងារស៊ើបការណ៍សម្ងាត់អាម៉េរិក (CIA) ជួយផ្គត់ផ្គង់អាវុធ និងគាំទ្រផ្នែកយោធា ស្របពេលប្រធានាធិបតី ដូណាល់ ត្រាំ ត្រូវបានរាយការណ៍ថា បានជជែកតាមទូរសព្ទជាមួយមេដឹកនាំកំពូលៗនៃតំបន់ឃឺដ ដើម្បីពិភាក្សាពីយុទ្ធសាស្ត្រវាយឆ្មក់។

យ៉ាងណាមិញ មិនទាន់មានការសម្រេចចិត្តជាស្ថាពរលើពេលវេលានៃប្រតិបត្តិការ ឬទំហំនៃការចូលរួមដោយផ្ទាល់ពីកងទ័ពអាម៉េរិកនៅឡើយទេ ខណៈស្ថាប័នសំខាន់ៗដូចជា CIA សេតវិមាន និងមន្ទីរបញ្ចកោណ បានបដិសេធមិនបញ្ចេញព័ត៌មានលើបញ្ហាដ៏រសើបនេះឡើយ។ ប្រសិនបើផែនការនេះ ត្រូវបានអនុវត្តមែន វានឹងក្លាយជាការផ្លាស់ប្ដូរយុទ្ធសាស្ត្រសង្គ្រាមដ៏ធំមួយ ដោយបង្វែរពីការវាយប្រហារតាមអាកាស មកជាការបង្កចលាចល និងការវាយឆ្មក់ពីខាងក្នុងទឹកដីអ៊ីរ៉ង់វិញម្ដង។ ការវិវត្តនេះ ធ្វើឱ្យរដ្ឋាភិបាលរដ្ឋធានីបាកដាដ និងអឺប៊ីល ស្ថិតក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់ ព្រោះពួកគេនឹងត្រូវរ៉ាប់រងលើផលវិបាកផ្នែកសន្តិសុខតាមព្រំដែន ខណៈអាម៉េរិកកំពុងប្រើប្រាស់គ្រប់មធ្យោបាយ ដើម្បីផ្ដួលរំលំរបបដឹកនាំរបស់សាធារណរដ្ឋឥស្លាមអ៊ីរ៉ង់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត