
រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានអះអាងកាលពីថ្ងៃអង្គារទី៣មីនា ថា លោកបានបញ្ជាឱ្យកងកម្លាំងសហរដ្ឋអាម៉េរិកចូលរួមជាមួយប្រតិបត្តិការវាយប្រហាររបស់អ៊ីស្រាអែលលើអ៊ីរ៉ង់ ព្រោះលោកជឿថា អ៊ីរ៉ង់រៀបនឹងវាយប្រហារមុន ខណៈការអះអាងនេះ ផ្ទុយទៅនឹងសនិទានកម្ម(គោលការណ៍ជាមូលដ្ឋាន ឬហេតុផល) ដែលរដ្ឋមន្ត្រីការបរទេស លោក ម៉ាកូ រ៉ូប៊ីអូ បានបញ្ជាក់អំពីរបៀបដែលសង្រ្គាមបានចាប់ផ្តើមឡើង...។

លោក ម៉ាកូ រ៉ូប៊ីអូ បានប្រាប់អ្នកយកព័ត៌មានកាលពីដើមសប្តាហ៍នេះថា សហរដ្ឋអាម៉េរិក បើកការវាយប្រហារដោយសារតែភ័យខ្លាចថា អ៊ីរ៉ង់នឹងសងសឹកតបតទៅនឹងសកម្មភាពរបស់អ៊ីស្រាអែល ដែលបានគ្រោងទុកប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់។ «យើងដឹងថា នឹងមានសកម្មភាពរបស់អ៊ីស្រាអែល។ យើងដឹងថា វានឹងជំរុញឱ្យមានការវាយប្រហារលើកងកម្លាំងសហរដ្ឋអាម៉េរិក ហើយយើងដឹងច្បាស់ទៀតថា ប្រសិនបើយើងមិនវាយប្រហាលើពួកគេមុនទេ យើងនឹងរងគ្រោះថ្នាក់កាន់តែខ្លាំង» នេះជាសម្តីរបស់លោក រ៉ូប៊ីអូ។ យ៉ាងណា លោក ត្រាំ បានបដិសេធចំពោះការលើកឡើងថា អ៊ីស្រាអែលបានទាញដៃសហរដ្ឋអាម៉េរិកឱ្យចូលទៅក្នុងជម្លោះនេះ។

ថ្លែងនៅក្នុងការិយាល័យពងក្រពើ ឬ Oval Office កំលុងពេលជួបជាមួយអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រីឌ្រីក មើស៍ (Friedrich Merz) លោក ត្រាំ បានសង្កត់ធ្ងន់ថា៖«ខ្ញុំប្រហែលជាអ្នកជំរុញឱ្យអ៊ីស្រាអែលដាច់ចិត្តធ្វើវា(វាយប្រហារ)។ យើងបានព្យាយាមចរចាជាមួយពួកមនុស្សឆ្កួតទាំងនោះ (មេដឹកនាំអ៊ីរ៉ង់) ហើយខ្ញុំយល់ថា ពួកគេច្បាស់ជានឹងបើកការវាយប្រហារមុនមិនខាន។ បើយើងមិនធ្វើសកម្មភាពមុនទេ ពួកគេនឹងវាយយើងមុនហើយ។ ខ្ញុំជឿជាក់យ៉ាងខ្លាំងលើរឿងនេះ»។

ជុំវិញការអះអាងផ្ទុយគ្នារបស់ចៅហ្វាយសេតវិមាន និងរដ្ឋមន្រ្តីការបរទេសអាម៉េរិក អ្នកអភិរក្សនិយមបានបង្កើនការរិះគន់ដូចព្យុះ ចំពោះការវាយប្រហារលើអ៊ីរ៉ង់ ដោយលើកហេតុផលថា សម្តីរបស់លោក រ៉ូប៊ីអូ បានបង្ហាញថា អ៊ីស្រាអែល ជាអ្នកបើកការវាយប្រហារលើអ៊ីរ៉ង់មុនដោយឯកឯង ប៉ុន្តែ លោក ត្រាំ បែរជាបញ្ជាក់ថា លោកជាអ្នកបញ្ជាឱ្យយោធាអាម៉េរិករួមដៃគ្នាជាមួយអ៊ីស្រាអែលវាយប្រហារកម្ទេចអ៊ីរ៉ង់។ ដូច្នេះ នៅតែជាសញ្ញាសួរ(?) ថា តើអ៊ីស្រាអែលជាអ្នកផ្តើមគំនិតបើកការវាយប្រហារលើអ៊ីរ៉ង់ ឬក៏មានបញ្ជាពីសហរដ្ឋអាម៉េរិក?...៕



