
បទបរិយាយ៖ នៅចំពោះមុខនៃ«ប្រតិបត្តិការមហាកំហឹង ឬ (Epic Fury)» ដ៏សាហាវព្រឺព្រួចបំផុតរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បាននិងកំពុងក្លាយជាបិសាចទារព្រលឹងអ៊ីរ៉ងទាំងយប់ទាំងថ្ងៃ ក្នុងស្រមោលនៃមហិច្ឆតាកម្ទេចរបបតេហេរ៉ង់ឱ្យក្លាយជាផេះផង់។ ទន្ទឹមនឹងអណ្តាតភ្លើងសង្រ្គាមចាប់ផ្តើមឆាបឆេះកាន់តែខ្លាំង បង្កឱ្យមានភាពរង្គោះរង្គើថែមមួយកម្រិតទៀត ដល់គ្រឹះដ៏ផុយស្រួយនៃភូមិសាស្ត្រនយោបាយតំបន់មជ្ឈិមបូព៌ាទាំងមូល...។

យន្តហោះទម្លាក់គ្រាប់បែកបំបាំងកាយដ៏កំណាច យន្តហោះចម្បាំងទំនើបៗផុតលេខ យន្តហោះគ្មានមនុស្សបើក មីស៊ីល នាវាចម្បាំង និងនាវាផ្ទុកយន្តហោះធំជាងលើលោករបស់សហរដ្ឋអាម៉េរិក រួមជាមួយយុទ្ធោបករណ៍សឹកសាហាវរបស់អ៊ីស្រាអែល បានបញ្ចេញកំហឹង គ្រហឹមពេញមេឃ និងរញ្ជួយដល់ដែនសមុទ្ទអ៊ីរ៉ង់ ជាពិសេសច្រកសមុទ្ទហ័រមូស្ស ដែលជាដង្ហើមពាណិជ្ជកម្មប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។ ក្នុងស្ថានភាពដ៏ព្រឺឆ្អឹងខ្នងខ្ញាកៗនេះ ពិភពលោកទាំងមូលកំពុងសញ្ចឹងគិតគ្រប់ៗគ្នា ថា តើអ៊ីរ៉ងអាចនឹងរលាយខ្សុល ឬអាចគេចចេញពីជ្រោះមរណនេះបានដោយរបៀបណា...?

យ៉ាងណា SBM News សូមជម្រាបត្រង់ៗថា វាពិតជាពិបាកណាស់នៅក្នុងការកំណត់ជោគវាសនារបស់អ៊ីរ៉ង់ ថានឹងទៅជាយ៉ាងណានាពេលអនាគត? ព្រោះយើងគ្រប់គ្នាសុទ្ធតែបានដឹង និងជ្រាបរួចមកហើយថា អ៊ីរ៉ងពិតជាចាញ់ប្រៀបនៅក្នុងសង្គ្រាមមួយនេះណាស់ ដោយមានទាំងអ៊ីស្រាអែលផង និងមហាអំណាចយោធាផុតលេខលើលោក[សហរដ្ឋអាម៉េរិក]ផង រួមទាំងការបើកដៃឱ្យរដ្ឋធានីវ៉ាស៊ីន និងរដ្ឋធានីហ្ស៊រុហ្សាឡិម វាយសង្គ្រុបលើរដ្ឋធានីតេហេរ៉ង់បន្ថែមទៀតពីសំណាក់សម្ព័ន្ធមិត្តអឺរ៉ុបដូចជា៖ ចក្រភពអង់គ្លេស បារាំង និងអាល្លឺម៉ង់។ យ៉ាងណា ទោះកម្លាំងអាកាសដ៏ចំណាស់ទ្រុឌទ្រោម និងកងទ័ពជើងទឹកបែបប្រពៃណីរបស់អ៊ីរ៉ង់ ពិតមិនមែនជាដៃគូដ៏សក្តិសមសម្រាប់អធិរាជចម្បាំងអាម៉េរិក និងអ៊ីស្រាអែលនោះទេ ប៉ុន្តែអ៊ីរ៉ង់ក៏នឹងមិនអាចចុះញ៉ម ឬលើកទង់ជ័យ-ស ដោយងាយៗបានដែរ ព្រោះខ្លួនបានពួនសង្ងំសម្រួចចង្កូមយោធាអស់រយៈពេលជាង៤ទសវត្សរ៍មកហើយ។

ដ្បិតថា ទ័ពជើងទឹក និងជើងអាកាសរបស់អ៊ីរ៉ង់ ចាញ់ប្រៀបខ្លាំងក៏ពិតមិន ប៉ុន្តែរដ្ឋធានីតេហេអ៊ីរ៉ង់ ជាជង្រុកនៃយន្តហោះគ្មានមនុស្សបើក ឬដ្រូនតម្លៃថោក រួមទាំងមីស៊ីលបាលីស្ទីករាប់ពាន់ដើម។ ចៅហ្វាយសេតវិមាន ដូណាល់ ត្រាំ ប្រកាសថា សង្រ្គាមនេះអាចអូសបន្លាយដល់ទៅ៥សប្តាហ៍ ប៉ុន្តែប្រសិនបើអ៊ីរ៉ង់អាចបង្វែរប្រតិបត្តិការយោធា ៥សប្តាហ៍របស់អាម៉េរិក និងអ៊ីស្រាអែល ឱ្យទៅជាសង្គ្រាមរ៉ាំរ៉ៃរយៈពេលយូរបាន នោះមាន័យថា អំណាចរដ្ឋធានីវ៉ាស៊ីនតោន នឹងចាប់ផ្តើមថយចុះ ហើយកម្លាំងយោធាអាម៉េរិក ក៏អាចនឹងទន់ដៃដែរ។ ពេលនោះហើយ គឺជាពេលមហាអំណាចក្នុងតំបន់ផ្សេងៗ អាចនឹងរះឡើងកាន់តែខ្ពស់ ហើយក៏អាចគំរាមទៅដល់តំណែងមេដឹកនាំសណ្តាប់ធ្នាប់ពិភពលោកអាម៉េរិកផងដែរ។

ហេតុអ្វីបានជា SBM News ហ៊ានលើកឡើងថា អ៊ីរ៉ងអាចកំដរអាម៉េរិក និងអ៊ីស្រាអែល ធ្វើសង្គ្រាមរយៈពេលយូរបាន..? បានក៏នៅត្រង់ថា បច្ចុប្បន្ន អ៊ីរ៉ង់មានមីស៊ីលប៉ាឡេស្ទីកលើសពី៣០០០គ្រាប់ ជាឃ្លាំងមីស៊ីលធំជាងគេបំផុតនៅមជ្ឈិមបូព៌ា។ លើសពីនេះ អ៊ីរ៉ង់ក៏មានមីស៊ីលរយៈចម្ងាយឆ្ងាយប្រភេទ Sejjil, Ghadr, Shahab-3 ដែលអាចបាញ់បានចម្ងាយដល់២០០០គីឡូម៉ែត្រ ល្មមអាចហោះទៅកម្ទេចអ៊ីស្រាអែល និងមូលដ្ឋានអាម៉េរិកក្នុងតំបន់មជ្ឈិមបូព៌ាទាំងមូល។ មិនតែប៉ុណ្ណោះ រដ្ឋធានីតេហេរ៉ង់ ក៏មានមីស៊ីលហាយពើសូនិក Fattah-1 ជាមួយនឹងសមត្ថភាពហោះលឿនជាងល្បឿនសំឡេងរហូតដល់១៣ ឬ១៥ដងឯណោះ ដែលសមល្មមអាចឱ្យវាហោះឆ្លងពពក ទម្លុះមេឃ ជ្រែកចូលប្រព័ន្ធការពារអាកាសទំនើបៗ ទៅកម្ទេចគោលដៅដូចជិះសេះមើលផ្កា។

លើពីនេះ ដ្រូនអត្តឃាតប្រភេទ Shahed រាប់សិបពាន់គ្រឿនកំពុងស្ថិតក្នុងឃ្លាំងសព្វាវុធរបស់អ៊ីរ៉ង់នៅឡើយ។ នេះបើយោងតាមប្រភពពីបញ្ជាការដ្ឋានយោធាកណ្តាលរបស់អាម៉េរិក និងទីភ្នាក់ងារសារព័ត៌មានរដ្ឋអ៊ីរ៉ង់។ ហេតុផលសំខាន់មួយទៀត ដែលអាចអនុញ្ញាតឱ្យអ៊ីរ៉ងកំដរអាម៉េរិក និងអ៊ីស្រាអែលលេងទឹកភ្លៀងបានយូរ នោះគឺថា របបតេហេរ៉ង់ ជាមេកើយ និងជាបងធំរបស់ក្រុមភេរវកេរ ក៏ដូចជាក្រុមឧទ្ទាមជាច្រើននៅជុំពិភពលោក ជាពិសេស ក្រុមហេសបូឡាហ៍ (Hezbollah) នៅលីបង់, ក្រុមឧទ្ទាមហ៊ូធី (Houthis) នៅយេម៉ែន និងកងជីវពលនានានៅប្រទេសអ៊ីរ៉ាក់ និងតំបន់ជុំវិញមជ្ឈិមបូព៌ា។ នេះមានន័យថា បើអាម៉េរិក-អ៊ីស្រាល បង្ខំឱ្យអ៊ីរ៉ង់ដើរដល់ផ្លូវទាល់ច្រក នោះក្រុមឧទ្ទាម និងក្រុមសកម្មប្រយុទ្ធទាំងនោះ អាចនឹងចេញមុខមកគាំទ្រព្រមៗគ្នា ក្នុងពេលតែមួយ ខណៈបច្ចុប្បន្នគេសង្កេតឃើញថា ចេញមុខមកជាបណ្ដើរៗហើយ។

អ្វីដែលគួរឱ្យកត់សម្គាល់នោះ គឺថា..មហាអំណាចកុម្មុយនីស្ដកំពូលទាំង៣ «រុស្ស៊ី ចិន និងកូរ៉េខាងជើង» គឺជាបំពង់អុកស៊ីសែនដ៏សំខាន់សម្រាប់អ៊ីរ៉ង់ ក្នុងការប្រយុទ្ធតទល់ជាមួយអាម៉េរិក និងអ៊ីស្រាអែល ករណីជម្លោះអូសបន្លាយពេលយូរ។ ថ្វីបើមិនទាន់ឃើញសញ្ញានៃការគាំទ្រសព្វាវុធ ប៉ុន្តែទាំងរុស្ស៊ី ចិន និងកូរ៉េខាងជើង បានចេញមុខមកការពារអ៊ីរ៉ង់រួចទៅហើយ តាមរយៈការប្រើវោហាសាស្ត្រការទូតយ៉ាងធ្ងន់ និងមុតស្រួច ទៅកាន់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដោយថ្កោលទោសយ៉ាងដាច់អហង្កាចំពោះការវាយប្រហារលើអ៊ីរ៉ង់ ថា «ជាអំពើឈ្លានពានបែបក្រុមទំនើង និងខុសច្បាប់»។

គួរបញ្ជាក់ថា ដ្បិតអ៊ីរ៉ង់មានមីស៊ីល ដ្រូនអត្តឃាត មានការគាំទ្រពីសំណាក់ក្រុមសកម្មប្រយុទ្ធ និងមានការចេញមុខជួយការពារពីសម្ព័ន្ធកុម្មុយនីស្ដផ្សេងទៀតក៏ដោយ ប៉ុន្តែទំនងជាបានត្រឹមតែអូសបន្លាយសង្គ្រាមឱ្យកាន់តែរ៉ាំរ៉ៃថែមទៀតប៉ុណ្ណោះ ប៉ុន្តែមិនអាចឈ្នះសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែលបានទេ ព្រោះស្តេចឥន្ទ្រី និងស្តេចពពែភ្នំទាងពីរនេះ ពូកែប្រមាញ់។ ដូច្នេះ បើអ៊ីរ៉ង់ចង់អូសបន្លាយសង្គ្រាមរយៈពេលយូរ នោះប្រទេសទាំងមូលអាចនឹងក្លាយជាផេះផងក៏មិនដឹង។ យ៉ាងណា ឈុតឆាកសង្គ្រាមដ៏ព្រឺព្រួចនៅមជ្ឈិមបូព៌ា មិនទាន់ដល់ភាគបញ្ចប់ភ្លាមៗទេ។ មានសំណួរជាច្រើនដាក់ជាមន្ទិលថា តើរុស្ស៊ី ចិន និងកូរ៉េខាងជើង អាចនឹងចូលខ្លួនមកដោះស្រាយសមីការសង្គ្រាមនេះដែរឬយ៉ាងណា..? ចុះប្រសិនបើមហាអំណាចកុម្មុយនីស្ដនុយក្លេអ៊ែរទាំង៣ លូកដៃដោយផ្ទាល់ក្នុងសង្គ្រាមនេះពិតមែន តើអាចនឹងផ្ទុះសង្គ្រាមលោកលើក៣ ឬសង្គ្រាមអាវុធនុយក្លេអ៊ែរដែរឬទេ?...៕





