អ៊ីរ៉ង់ផ្គុំក្បាលម៉ាស៊ីនដឹកនាំកំពូលឡើងវិញ និងបន្តប្រយុទ្ធជាមួយអាម៉េរិក-អ៊ីស្រាអែល
Mao Sopha
04 មីនា 2026 05:00 AM

រដ្ឋធានីតេហេរ៉ង់៖ អ៊ីរ៉ង់ ជាប់ដៃទប់ទល់ជាមួយអាម៉េរិក-អ៊ីស្រាអែលជាសត្រូវពីរផ្តុំកម្លាំងគ្នាដ៏ខ្លាំក្លាផង ហើយត្រូវងាកមករៀបចំក្បាលម៉ាស៊ីនដឹកនាំថ្នាក់កំពូលឡើងវិញផង។ គ្មាននរណាផ្សេងឡើយ គឺកូនប្រុសរបស់លោក អាយ៉ាតូឡា អាលី ខាមេណេ (Ayatollah Ali Khamenei) ផ្ទាល់តែម្តង ដែលត្រូវជ្រើសរើស និងត្រៀមតែងតាំងជាមេដឹកនាំកំពូលរបស់អ៊ីរ៉ង់។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Iran International នៅថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦។ 

លោក អាលី ខាមេណេ (ឪពុក), លោក ម៉ូចតាបា (កូន)
លោក អាលី ខាមេណេ (ឪពុក), លោក ម៉ូចតាបា (កូន)

លោក អាលី ខាមេណេ ជាមេដឹកនាំកំពូលអ៊ីរ៉ង់ មានវ័យ៨៦ឆ្នាំ ត្រូវបានសម្លាប់ ហើយក្បាលម៉ាស៊ីនដឹកនាំកំពូលរបស់អ៊ីរ៉ង់ ក៏ត្រូវខ្ចាត់ខ្ចាយមួយរំពេចតាំងពីចាប់ផ្តើមសង្គ្រាមថ្ងៃដំបូងមកម្ល៉េះ។ កូនប្រុសរបស់លោក អាលី ខាមេណេ ដែលត្រូវជ្រើសរើសសម្រាប់តំណែងកំពូលនេះ គឺលោក ម៉ូចតាបា ខាមេណេ (Mojtaba Khamenei) មានវ័យ៥៦ឆ្នាំ ត្រូវគេចាត់ទុកជាបញ្ញវន្តជាន់ខ្ពស់ក្នុងសាសនាអ៊ិស្លាម។ 

ភ្លើងនិងផ្សែងនៅទីតាំងមួយក្នុងប្រទេសអ៊ីរ៉ង់ កើតឡើងដោយសារអាម៉េរិក-អ៊ីស្រាអែលទម្លាក់គ្រាប់។ 
ភ្លើងនិងផ្សែងនៅទីតាំងមួយក្នុងប្រទេសអ៊ីរ៉ង់ កើតឡើងដោយសារអាម៉េរិក-អ៊ីស្រាអែលទម្លាក់គ្រាប់។ 

កូនប្រុសទី២របស់លោក អាលី ខាមេណេ រូបនេះ ថ្វីបើមិនសូវចេញមុខពីមុន ហើយក៏មិនធ្លាប់មានតំណែងផ្លូវការក្នុងជួររដ្ឋាភិបាល ឬក្នុងជួរថ្នាក់ដឹកនាំ តែគេជឿថា លោក ជាមនុស្សដ៏មានឥទ្ធិពលនៅក្រោយឆាក។ លោក ក៏ជាបុគ្គលមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយកងទ័ពឆ្មាំបដិវត្តន៍ ដែលជាកងទ័ពខ្លាំងក្លា និងមានអំណាចបំផុតរបស់អ៊ីរ៉ង់។ ទោះយ៉ាងណា គេមិនទាន់អាចដឹងនោះទេថា មេដឹកនាំកំពូលថ្មីរបសអ៊ីរ៉ង់រូបនេះ មានសមត្ថភាពពិតកម្រិតណា គឺមានតែរង់ចាំមើលជាក់ស្តែងប៉ុណ្ណោះ។ តើលោក អាចទប់ទល់ជាមួយអាម៉េរិក-អ៊ីស្រាអែលបានប៉ុនណា ហើយអាចសងសឹកឱ្យឪពុកបានដែរឬទេ?

អគារប្រទេសអ៊ីរ៉ង់ ត្រូវបាក់បែងដោយសារការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល។ 
អគារប្រទេសអ៊ីរ៉ង់ ត្រូវបាក់បែងដោយសារការវាយប្រហាររបស់អាម៉េរិក-អ៊ីស្រាអែល។ 

គួរជម្រាបថា រចនាសម្ព័ន្ធដឹកនាំ ឬប្រព័ន្ធនយោបាយនៅអ៊ីរ៉ង់ រៀងខុសប្លែកពីគេបន្តិច។ តាមបណ្តាប្រទេសនានា ប្រធានាធិបតី ជាប្រមុខរដ្ឋ ហើយក៏អាចមានអំណាចលើសគេដែរ បើប្រទេសនោះ ប្រកាន់យកប្រព័ន្ធនយោបាយបែបប្រធានាធិបតីនិយម។ ប៉ុន្តែ នៅអ៊ីរ៉ង់វិញ ប្រធានាធិបតី គ្រាន់តែជាអ្នកចាំស្តាប់បង្គាប់បញ្ជា ឬជាកូនចឹងរបស់មេដឹកនាំកំពូលប៉ុណ្ណោះ។ ម្យ៉ាងទៀត នៅអ៊ីរ៉ង់ មិនមែនប្រធានាធិបតីនោះទេ គឺមេដឹកនាំកំពូលនេះឯង ដែលជាប្រមុខរដ្ឋ។ 

រថយន្តសង្គ្រោះ ទៅយកជនរង់គ្រោះ បន្ទាប់ពីការទម្លាក់គ្រាប់របស់អាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ 
រថយន្តសង្គ្រោះ ទៅយកជនរង់គ្រោះ បន្ទាប់ពីការទម្លាក់គ្រាប់របស់អាម៉េរិក-អ៊ីស្រាអែលលើអ៊ីរ៉ង់។ 

ទោះស្ថិតក្នុងអំឡុងពេលគ្មានមេដឹកនាំកំពូលក្តី តែអ៊ីរ៉ង់មិនដួលឡើយ គឺនៅតែអាចបន្តប្រយុទ្ធជាមួយអាម៉េរិក-អ៊ីស្រាអែល។ អ៊ីរ៉ង់ ប្រញាប់ប្រញាល់ផ្គុំក្បាលម៉ាស៊ីនដឹកនាំកំពូលឡើងវិញ ដើម្បីឱ្យខ្លួនមានភាពនឹងនដូចដើម ឬបើមិនដូចដើម ក៏ប្រហាក់ប្រហែលស្ថានភាពមុនដែរ ក្នុងការទប់ទល់ជាមួយអាម៉េរិក-អ៊ីស្រាអែល ខណៈការប្រយុទ្ធស៊ីសាច់ហុតឈាមគ្នានេះ បានជះឥទ្ធិពលស្ទើរពេញតំបន់មជ្ឈិមបូព៌ាទៅហើយ ហើយគេមិនដឹងថា ត្រូវចប់ពេលណាដែរ៕ 

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងសម្ព័ន្ធមិត្ត លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ 
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាម៉េរិក និងសម្ព័ន្ធមិត្ត លោក ប៊េនចាមីន ណេតាន់យ៉ាហ៊ូ នាយករដ្ឋមន្រ្តីអ៊ីស្រាអែល។ 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត