ត្រាំ ព្រមានពីរលកវាយប្រហារធំបំផុត និងមិនទាត់ចោលការបញ្ជូនកងទ័ពជើងគោកចូលក្នុងប្រទេសអ៊ីរ៉ង់
N
Nary Vann
15 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាព្រមានយ៉ាងក្ដៅគគុកថា សហរដ្ឋអាម៉េរិកមិនទាន់ទាំងបានចាប់ផ្ដើមវាយប្រហារខ្លាំងនៅឡើយទេ ហើយលោកបង្ហើបថា រលកវាយប្រហារធំបំផុតជិតមកដល់ក្នុងពេលឆាប់ៗ។ ទន្ទឹមនេះ លោកក៏បានបង្ហាញជំហរមិនធ្លាប់មាន ដោយមិនព្រមទាត់ចោលលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោក​ ចូលទៅក្នុងទឹកដីអ៊ីរ៉ង់ឡើយ ប្រសិនបើចាំបាច់។

លោម ដូណាល់ ត្រាំ
លោម ដូណាល់ ត្រាំ

ទោះបីកន្លងមក លោក ត្រាំ តែងធ្វើយុទ្ធនាការប្រឆាំងនឹងការបញ្ជូនទ័ពអាម៉េរិកឱ្យទៅជាប់ផុងក្នុងសង្គ្រាមនៅមជ្ឈិមបូព៌ាក៏ដោយ ប៉ុន្តែក្នុងបទសម្ភាសជាមួយកាសែត New York Post លោកអះអាងថា លោកមិនមានការភ័យព្រួយក្នុងការសម្រេចចិត្តបញ្ជូនទ័ពជើងគោកនោះទេ។ លោកបានបញ្ជាក់ថា៖«ប្រធានាធិបតីគ្រប់រូប តែងតែនិយាយថា នឹងមិនមានការដាក់ពង្រាយកងទ័ពជើងគោកទេ ប៉ុន្តែខ្ញុំមិននិយាយបែបនោះឡើយ»

កងទ័ពអាម៉េរិក និងអ៊ីស្រាអែល បានវាយប្រហារលើគោលដៅរាប់រយក្នុងប្រទេសអ៊ីរ៉ង់ រួមមាន៖ ឃ្លាំងមីស៊ីល កងទ័ពជើងទឹក និងមជ្ឈមណ្ឌលបញ្ជាការ។ រហូតមកដល់ពេលនេះ កងទ័ពអាម៉េរិក៤នាក់បានស្លាប់ និងយន្តហោះចម្បាំង៣គ្រឿង ត្រូវបានបាញ់ធ្លាក់ (ដែលត្រូវបានបញ្ជាក់ជាផ្លូវការថា ជាកំហុសបច្ចេកទេសបាញ់ច្រឡំគ្នាឯង)។ ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់មីស៊ីលសងសឹកលើអ៊ីស្រាអែល និងមូលដ្ឋានទ័ពអាម៉េរិកក្នុងតំបន់ ព្រមទាំងគោលដៅក្នុងប្រទេសអារ៉ាប់ជិតខាងដូចជា បារ៉ែន ហ្ស៊កដានី គុយវ៉ែត កាតា និងអារ៉ាប់រួម។

ការប្រកាសរបស់ ត្រាំ អំពីរលកយក្សនៃការវាយប្រហារដែលជិតមកដល់ បានធ្វើឱ្យសហគមន៍អន្តរជាតិ កាន់តែព្រួយបារម្ភថា ជម្លោះនេះអាចនឹងវិវត្តទៅជាសង្គ្រាមទ្រង់ទ្រាយធំ ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់នៅតែបន្តបង្ហាញជំហរមិនចុះចាញ់៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត