តើអាម៉េរិកបញ្ចេញស្ដេចអាវុធអ្វីខ្លះកម្ទេចអ៊ីរ៉ង់ និងជះលុយអស់ប៉ុន្មានក្នុងមួយថ្ងៃ?
ហៀប ស៊ីថេត
16 ម៉ោងមុន

មជ្ឈិមបូព៌ា៖ សំឡេងគ្រហឹមនៃយន្តហោះចម្បាំងទំនើបៗ សម្រែកមីស៊ីលដូចផ្គរលាន់ ខ្ទរកណ្តាលមេឃា សន្ធឹកនាវាចម្បាំង នាវាផ្ទុកយន្តហោះធំជាងគេ និងទំនើបជាងគេ ផុតលេខលើលោក នោះគឺប្រតិបត្តិការមហាកំហឹង ឬ (Epic Fury) របស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានបើកសមរភូមិវាយលុកយោធាទ្រង់ទ្រាយធំ ដើម្បីកម្ទេចអ៊ីរ៉ង់ដោយចំហ ខណៈស្តេចឥន្ទ្រី ដូណាល់ ត្រាំ បង្ហើបថា សង្រ្គាមនេះ អាចអូសបន្លាយដល់ទៅ៥សប្តាហ៍ នាំឱ្យមានប្រយោគជាច្រើនដាក់សញ្ញាសួរ(?) ថា តើរដ្ឋធានីវ៉ាស៊ីនតោន ត្រូវដុតលុយអស់ប៉ុន្មានពាន់លានដុល្លារ ដើម្បីទ្រទ្រង់មហិច្ឆតាសឹកលើរបបតេហេរ៉ង់ដ៏ធំមួយនេះ..? ហើយថាតើក្នុងប្រតិបត្តិការសឹកនេះ មានស្តេចអាវុធអ្វីខ្លះ ដែលបានបង្ហាញខ្លួន..?

ចាយពេល៨នាទី នៅលើបណ្តាញសង្គម Truth Social លោក ត្រាំ បានបន្លឺសំឡេងដ៏គួរ​ឱ្យព្រួយបារម្ភថា សហរដ្ឋអាម៉េរិក បានចូលរួមក្នុងប្រតិបត្តិការប្រយុទ្ធដ៏ធំលើការវាយប្រហារអ៊ីរ៉ង់ ខណៈបេសកកម្មយោធានេះ ត្រូវបានដាក់ឈ្មោះថា «ប្រតិបត្តិការមហាកំហឹង ឬ Epic Fury»។ ចៅហ្វាយសេតវិមានរូបនេះ បានសង្កត់ធ្ងន់ថា៖«គោលបំណង គឺដើម្បីធានាថា អ៊ីរ៉ង់មិនទទួលបានអាវុធនុយក្លេអ៊ែរ។ យើងនឹងបំផ្លាញមីស៊ីលរបស់ពួកគេ និងកម្ទេចឧស្សាហកម្មនុយក្លេអ៊ែររបស់ពួកគេ ឱ្យខ្ទេចក្លាយជាធូលីដី។ វានឹងត្រូវបានលុបបំបាត់ទាំងស្រុង»។ ទន្ទឹមគ្នា កងទ័ពអាម៉េរិក បានបញ្ជាក់ថា ពួកគេវាយប្រហារលើគោលដៅជាង១២៥០កន្លែងក្នុងប្រទេសអ៊ីរ៉ង់ ចាប់តាំងពីប្រតិបត្តិការបានចាប់ផ្តើម ខណៈបញ្ជាការដ្ឋានយោធាកណ្តាលរបស់សហរដ្ឋអាម៉េរិក ឬ CENTCOM ប្រកាសថា ខ្លួនបានវាយប្រហារ និងកម្ទេចនាវាអ៊ីរ៉ង់ចំនួន ១១គ្រឿង ឱ្យលង់លិចចូលទៅក្នុងមហាសាគរ ហើយសូម្បីតែមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ក៏ត្រូវបានសម្លាប់ផងដែរ។ មនុស្សសរុបចំនួន ៥៥៥នាក់ ត្រូវបានសម្លាប់រួចទៅហើយនៅក្នុងប្រទេសអ៊ីរ៉ង់ ប៉ុន្តែចំនួនអ្នកស្លាប់សរុបអាចនឹងកើនឡើងកាន់តែច្រើន។

លោក ដូណាល់ ត្រាំ
លោក ដូណាល់ ត្រាំ

តើប្រព័ន្ធអាវុធអ្វីខ្លះ ដែលកំពុងត្រូវបានប្រើប្រាស់ក្នុងសង្រ្គាមអ៊ីរ៉ង់? យោងតាម CENTCOM ប្រតិបត្តិការមហាកំហឹងនេះ ត្រូវបានប្រើប្រាស់ប្រព័ន្ធអាវុធទំនើបៗច្រើនជាង២០ប្រភេទផ្សេងគ្នា។ កម្លាំងដែនអាកាសរួមមាន៖ យន្តហោះទម្លាក់គ្រាប់បែក B-1, B-2, យន្តហោះចម្បាំង F-35, F-22, F-15, F-16, F/A-18 និង A-10។ ក្រៅពីនេះ ក៏មានដ្រូន និងប្រព័ន្ធវាយប្រហារចម្ងាយឆ្ងាយ ដូចជា៖ ដ្រូន LUCAS, ដ្រូន MQ-9 Reaper, ប្រព័ន្ធមីស៊ីល HIMARS និងមីស៊ីល Tomahawk។ លើសពីនេះក៏មានប្រព័ន្ធការពារមីស៊ីល Patriot និង THAAD ផងដែរ ដែលប្រើសម្រាប់ស្ទាក់ចាប់មីស៊ីលបាលីស្ទីក និងដ្រូនរបស់អ៊ីរ៉ង់។ រីឯ កម្លាំងជើងទឹក រួមមាន៖ នាវាចម្បាំង និងនាវាផ្ទុកយន្តហោះចម្បាំងចំនួន២គ្រឿង នោះគឺ យូអេសអេស ជើរ៉ាល់ដ៍ អរហ្វដ (USS Gerald R. Ford) និងយូអេសអេស អាប្រាហាំ លីនខូលន៍ (USS Abraham Lincoln)។  

នៅក្នុងប្រតិបត្តិការដ៏សាហាវព្រឺព្រួចនេះ តើអាម៉េរិកខាតបង់ថវិកាសរុបចំនួនប៉ុន្មាន..? បើទោះបីជា វាពិបាកក្នុងការទស្សន៍ទាយបន្តិចមែន ប៉ុន្តែ​ទីភ្នាក់ងារសារព័ត៌មានអាណាដូលូ (Anadolou) បានប៉ាន់ប្រមាណថា សហរដ្ឋអាម៉េរិកអាចនឹងចំណាយអស់ប្រហែល៧៧៩លានដុល្លារ ក្នុងរយៈពេល២៤ម៉ោងដំបូង នៃប្រតិបត្តិការសឹកនេះ ហើយការត្រៀមកម្លាំងយោធាមុនការវាយប្រហារ ត្រូវបានប៉ាន់ប្រមាណថា ចំណាយអស់៦៣០លានដុល្លារបន្ថែមទៀត។ ទោះជាយ៉ាងណាក៏ដោយ អ្នកជំនាញយល់ថា បញ្ហាធំបំផុតរបស់មហាអំណាចអាម៉េរិក មិនមែនរឿងថវិកានោះទេ ប៉ុន្តែគឺចំនួនគ្រាប់ដែលមាននៅក្នុងឃ្លាំង។ រង់ចាំអុតមើលទាំងគ្នាថា តើអាម៉េរិក និងអ៊ីស្រាអែល នឹងប្រតិបត្តិការសឹកលើអ៊ីរ៉ង់យូរប៉ុណ្ណា..? ហើយថា តើរបបតេហេរ៉ង់អាចនឹងត្រូវបានកម្ទេច ក្រោមក្រញ៉ាំពិសរបស់ស្តេចឥន្ទ្រីអាម៉េរិកឬយ៉ាងណា?...៕  

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត