
សុខភាព៖ ផ្លែឈើ មិនត្រឹមតែល្អចំពោះសុខភាពរាងកាយប៉ុណ្ណោះទេ ថែមទាំជួយដល់សម្រស់ទៀត ព្រោះសម្បូរទៅដោយវីតាមីន និងជាតិរ៉ែ។ សម្រាប់ស្រីៗ ដែលចង់បានស្បែកមុខទន់ម៉ត់រលោង និងភ្លឺថ្លា អាចសាកធ្វើម៉ាសផ្លែឈើបីប្រភេទ ដូចដែល SBM News បានរៀបរាប់ខាងក្រោម...។

១.ម៉ាសសំបកក្រូច៖ សំបកក្រូចសម្បូរ វីតាមីន C និងសារធាតុប្រឆាំងអុកស៊ីតកម្មដែលអាចជួយឱ្យស្បែកភ្លឺថ្លា ក៏ដូចជាការពារស្បែកពីការបំផ្លាញដោយកម្តៅថ្ងៃ។ របៀបធ្វើ៖ បកសំបកក្រូចចំនួន៣ផ្លែ ហាន់ឱ្យតូចៗ និងលាងសម្អាតឱ្យស្អាត ហើយហាលថ្ងៃរយៈពេល៣ថ្ងៃ។ បន្ទាប់មកត្រូវកិនឱ្យម៉ត់ល្អ និងរក្សាទុកក្នុងដបស្ងួត រួចលាយសំបកក្រូច ចំនួន២ស្លាបព្រាកាហ្វេ ជាមួយទឹកឃ្មុំ ចំនួន១ស្លាបព្រាកាហ្វ និងទឹកដោះគោជូរ១ស្លាបព្រាបាយ បន្ទាប់មកយកមកលាបលើស្បែក ទុកចោលរយៈពេល២០នាទី ចាំលាងជម្រះចេញ។

២.ម៉ាសល្ហុង៖ ល្ហុងផ្ទុកទៅដោយវីតាមីនA និងអង់ស៊ីម ជួយជម្រុះកោសិកា និងកម្ចាត់ចោលកោសិកាចាស់ៗ។ ផ្លែឈើមួយប្រភេទនេះ ក៏ជាប្រភពនៃសារធាតុប្រឆាំងនឹងការរលាក ដែលជួយកម្ចាត់មុន កាត់បន្ថយស្លាកស្នាមនៃស្បែក ធ្វើឱ្យស្បែកមានសំណើម និងភ្លឺថ្លា។ របៀបធ្វើ៖ លាយល្បាយល្ហុងពីរចំណិតដែលកិនម៉ត់ ជាមួយទឹកឃ្មុំមួយស្លាបព្រាកាហ្វេ រួចលាបនៅលើស្បែកមុខ ទុកចោលរយៈពេលពី១៥ទៅ២០នាទី ចាំលាងជម្រះទឹកត្រជាក់។

៣.ម៉ាសចេក៖ ចេកផ្ទុកទៅដោយវីតាមីនC ប៉ូតាស្យូម វីតាមីន B6 និងសារជាតិចិញ្ចឹមផ្សេងទៀត មានគុណសម្បត្តិជួយឱ្យស្បែកក្មេងជាងវ័យ។ លើសពីនេះ ផ្លែចេកក៏អាចជួយកម្ចាត់ស្នាមជាំ និងការពារស្បែកពីការបំផ្លាញដោយកម្តៅថ្ងៃ។ វិធីធ្វើ៖ លាយល្បាយចេកកិនម៉ត់កន្លះផ្លែ ទឹកឃ្មុំ កន្លះស្លាបព្រាកាហ្វេ និងទឹកក្រូចឆ្មារ មួយស្លាបព្រាកាហ្វេ រួចយកមកលាបនៅលើស្បែក និងទុកចោលរយៈពេលប្រមាណ២០នាទី ចាំលាងជម្រះចេញ។ គួរដឹងថា អ្នកដែលមានស្បែកស្ងួត និងងាយប្រតិកម្មហាមប្រើទឹកក្រូចឆ្មារលាយជាមួយ៕ ដកស្រង់ពី Hello គ្រូពេទ្យ



