
សុខភាព៖ ចំពោះអ្នកទឹកនោមផ្អែម អាហារ ការហាត់ប្រាណ គឺពិតជាសំខាន់ដើម្បីរក្សាទម្ងន់ និងធ្វើឱ្យមានលំនឹងជាតិស្ករនៅក្នុងឈាម។ អ្នកមានជំងឺទឹកនោមផ្អែម ងាយធាត់ខ្លាំងណាស់ បើបរិភោគអាហារជាតិខ្លាញ់ និងកាបូនអ៊ីដ្រាត (សារជាតិផ្អែម) ច្រើន នាំឱ្យថ្នាំទឹកនោមផ្អែមថយប្រសិទ្ធភាព…។

ទាំងនេះ ជារបៀបការរៀបចំអាហារសម្រាប់អ្នកទឹកនោមផ្អែម រួមមាន៖ ១.កំណត់ជាតិស្ករ៖ ការកំណត់ជាតិស្ករចំពោះអាហារដែលអាចទទួលទានបាន គឺដើម្បីចៀសវាងផលវិបាកដោយសារជាតិស្ករឡើងខ្ពស់ បង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុណាមួយ។ ការចាប់ផ្ដើមផ្លាស់ប្ដូរម្ហូបអាហារ ជារឿងលំបាកសម្រាប់មនុស្សគ្រប់រូប មិនថា អ្នកមានជំងឺទឹកនោមផ្អែម ឬអត់នោះទេ។ ដូច្នេះ អាចស្វែងរកជំនួយពីអ្នកឯកទេសចំណីអាហារ និងគ្រូពេទ្យព្រោះថា របបអាហារល្អ សុខភាពក៏ល្អ ហើយអាចការពារផលវិបាកធ្ងន់ធ្ងរដោយសារជំងឺទឹកនោមផ្អែម ក៏ដូចជា ជំងឺបេះដូង និងរោគពាក់ព័ន្ធសរសៃប្រសាទ។

២.ការទទួលទានអាហារ៖ ត្រូវបរិភោគអាហារក្នុងមួយពេល៤ចំណែក ដោយពីរចំណែកជាបន្លែបៃតង និងបន្លែគ្មានជាតិម្សៅ ដូចជា ការ៉ុត ស្ពៃ និងប៉េងប៉ោះ។ មួយចំណែកទៀត ជាជាតិប្រូតេអ៊ីនបានពីសាច់ ដូចជា ត្រីធូណា ឬសាច់ (ជ្រូក សាច់គោ សុទ្ធមិនលាយខ្លាញ់។ មួយចំណែកចុងក្រោយ ជាអាហារមានជាតិម្សៅ ដូចជា ដំឡូង និងអង្ករ។ លើសពីនេះ អាចទទួលទានផ្លែឈើ ទឹកដោះគោ កាហ្វេ និងតែ ដែលមិនដាក់ស្ករ។

៣.កាបូអ៊ីដ្រាត៖ ជាតិស្ករភាគច្រើន មានប្រភពពីកាបូអ៊ីដ្រាត (ជាតិស្ករដែលបានពីអាហារ)។ ដើម្បីរក្សាលំនឹងជាតិស្ករក្នុងឈាមឱ្យបានល្អ ត្រូវទទួលទានបរិមាណដូចគ្នារាល់ថ្ងៃ និងកំណត់ពេលវេលាឱ្យបានទៀង ទើបថ្នាំទឹកនោមផ្អែមមានប្រសិទ្ធភាព។ បើមានចម្ងល់អាចស្វែងរកអ្នកឯកទេសចំណីអាហារ ដើម្បីប្រឹក្សាយោបល់បាន ព្រោះអាចដឹងពីវិធីគណនាបរិមាណជាតិកាបូអ៊ីដ្រាត ឱ្យសមតុល្យទៅតាមបរិមាណជាតិថ្នាំដែលអ្នកទឹកនោមផ្អែមលេប និងអាំងស៊ុយលីនដែលត្រូវប្រើ៕ អត្ថបទដកស្រង់៖ Hello គ្រូពេទ្យ



