រង្វង់មូលបន្ទាយស្រីប្រែមុខមាត់«ជាសួនកសិទេសចរណ៍» កំពុងទាក់ទាញភ្ញៀវទេសចរជាតិ-អន្តរជាតិ ឈប់រថយន្តគយគន់
S
Soriya Sou
14 ម៉ោងមុន

ក្រុងសៀមរាប៖ អាជ្ញាធរស្រុកបន្ទាយស្រី ខេត្តសៀមរាប បាននិងកំពុងសម្រុកពន្លឿនការរៀបចំប្រែក្លាយរង្វង់មូលបន្ទាយស្រី ទៅជា «សួនកសិទេសចរណ៍» ឱ្យរួចរាល់មុនពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដែលនឹងចូលមកដល់នៅពាក់កណ្ដាលខែមេសាខាងមុខ…។

ការប្រែក្លាយរង្វង់មូលបន្ទាយស្រីទៅជា «សួនកសិទេសចរណ៍» ជាគំនិតផ្ដួចផ្ដើមរបស់រដ្ឋបាលខេត្តសៀមរាប, រដ្ឋបាលស្រុកបន្ទាយស្រី, បណ្តាញសហគមន៍ទេសចរណ៍ និងកសិកម្មស្រុក។ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ លោក សាំង វត្តនា អភិបាលរងស្រុកបន្ទាយស្រី បានដឹកនាំអាជ្ញាធរស្រុក មន្រ្តីរាជការ លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស យុវជនស្ម័គ្រចិត្ត និងប្រជាពលរដ្ឋ ដាំកូនឈើហូបផ្លែចម្រុះ រួមមាន៖ ដើមចេក, ដើមល្ហុង ។ល។ នៅសួនកសិទេសចរណ៍រង្វង់មូលស្រុកបន្ទាយស្រី ដើម្បីកែលម្អសោភ័ណភាពអនាម័យបរិស្ថាន លើកកម្ពស់សេដ្ឋកិច្ចមូលដ្ឋាន និងទាក់ទេញទេសចរណ៍។

លោក សាំង វត្តនា បានឱ្យដឹងថា សកម្មភាពនេះ ជាការជំរុញការរៀបចំរង្វង់មូលស្រុកបន្ទាយស្រី ឱ្យក្លាយទៅជា «សួនកសិទេសចរណ៍» ហើយក៏ជាយុទ្ធនាការមួយជួយជំរុញដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានជាគំនិតថ្មីហៅថា «ការធ្វើកសិទេសចរណ៍» នៅតាមគេហដ្ឋានរបស់ខ្លួន ខណៈស្រុកបន្ទាយស្រី ជាគោលដៅទេសចរណ៍ដ៏ពេញនិយម សម្រាប់ភ្ញៀវទេសចរមកទស្សនាខេត្តសៀមរាប និងមានសក្ដានុពលលើវិស័យកសិកម្ម។ លោកអះអាងថា សួននេះគ្រោងបញ្ចប់ការរៀបចំកែលម្អក្នុងកំលុងខែមេសា ឆ្នាំ២០២៦ ពោលគឺមុនបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរមកដល់។

ក្រោយរៀបចំរួចរាល់ សួនកសិទេសចរណ៍នេះ ក៏មានដាក់តាំងលក់នូវផលិតផលកសិកម្មក្នុងសហគមន៍ ដូចជា៖ បន្លែ ផ្លែឈើជាច្រើនប្រភេទ រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។ សួនកសិទេសចរណ៍ រង្វង់មូលស្រុកបន្ទាយស្រី ស្ថិតនៅលើចំណុចប្រសព្វនៃផ្លូវជាតិលេខ៦៧ សៀមរាប-អន្លង់វែង ជាមួយនឹងផ្លូវបំបែកចូលទៅកាន់រមណីយដ្ឋានធម្មជាតិភ្នំគូលែន មានផ្ទៃក្រឡាប្រហែល២ហិកតាកន្លះ។ រង្វង់មូលស្រុកបន្ទាយស្រី ជារង្វង់មូលធំជាងគេលំដាប់ទី២នៅកម្ពុជា បន្ទាប់ពីរង្វង់មូលធំជាងគេនៅខេត្តត្បូងឃ្មុំ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត