អង្គការ VFW ចាប់ដៃជាមួយអាជ្ញាធរមីន ជួយជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះ
L
Linda Sorn
16 ម៉ោងមុន

រាជធានីភ្នំពេញ៖ អង្គការ Mayaguez Memorial VFW Post 11575 បានចុះអនុស្សរណៈយោគយល់ជាមួយអាជ្ញាធរមីន លើការគាំទ្រដល់ពលរដ្ឋកម្ពុជាដែលរងរបួស ឬគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម...។

ពិធីចុះអនុស្សារណៈលើការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ រូបភាព៖ អាជ្ញាធរមីន
ពិធីចុះអនុស្សារណៈលើការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ រូបភាព៖ អាជ្ញាធរមីន

ការចុះអនុស្សរណៈយោគយល់ ស្តីពីការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ធ្វើឡើងនាព្រឹកថ្ងៃអង្គារទី៣មីនា ឆ្នាំ២០២៦ ដោយមានការចុះហត្ថលេខាដោយ លោក លី បញ្ញារិទ្ធិ៍ អគ្គលេខាធិការ តំណាងអាជ្ញាធរមីន និង លោក ហ្ការី ឃីត (Gary Kidd)​ តំណាងអង្គការ Mayaguez Memorial VFW Post 11575។ ថ្លែងក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា កម្ពុជារស់នៅជាមួយនឹងផលវិបាកនៃសង្គ្រាមអស់ជាច្រើនទសវត្សរ៍មកហើយ។ គ្រាប់មីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម បានសម្លាប់ បង្ករបួស និងបានរារាំងសហគមន៍ទាំងមូល ហើយការខូចខាតមិនបញ្ចប់ដោយការផ្ទុះនោះទេ គឺបានប៉ះពាល់ដល់គ្រួសារ និងប៉ះពាល់ដល់ជីវភាពរស់នៅរបស់ប្រជាជនទាំងមូល។

លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ រូបភាព៖ អាជ្ញាធរមីន
លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន។ រូបភាព៖ អាជ្ញាធរមីន

លោកបញ្ជាក់ថា សកម្មភាពទាំងអស់ក្នុងអនុស្សរណៈយោគយល់នេះ នឹងត្រូវអនុវត្តតាមក្របខណ្ឌជាតិ និងគោលនយោបាយរបស់កម្ពុជា សម្រាប់សកម្មភាពមីន និងជំនួយជនរងគ្រោះ ប្រកបដោយទំនួលខុសត្រូវចំពោះប្រជាជនកម្ពុជា។ លោកក៏បានសម្ដែងនូវការស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការប្តេជ្ញាចិត្តរបស់អង្គ l VFW Post 11575 ក្នុងការរួមចំណែកគាំទ្រដល់ជនមានពិការភាព និងធ្វើជាដៃគូដើម្បីបង្កើនការគាំទ្រសម្រាប់ចក្ខុវិស័យកម្ពុជាគ្មានមីន។

ពិធីចុះអនុស្សារណៈលើការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ រូបភាព៖ អាជ្ញាធរមីន
ពិធីចុះអនុស្សារណៈលើការគាំទ្រដល់ជនរងគ្រោះដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម។ រូបភាព៖ អាជ្ញាធរមីន

គួរបញ្ជាក់ថា កម្ពុជានៅមានផ្ទៃដីមួយចំនួនធំ ដែលបានបន្សល់នូវសំណល់ជាតិផ្ទុះ ជាពិសេសសង្គ្រាមឈ្លានពានរបស់យោធាថៃ ក្នុងឆ្នាំ២០២៥ កន្លងទៅថ្មីៗ បង្កឱ្យមានផលប៉ះពាល់ដល់ប្រជាជនកម្ពុជាមួយភាគធំ ដែលបាននិងកំពុងរស់នៅតាមខេត្តជាប់ព្រំដែនជាមួយប្រទេសថៃ ពោលគឺគ្រាប់បែកចង្កោម​ គ្រាប់បែកទម្លាក់ពីលើយន្តហោះ ដ្រូនអត្តឃាត​ អាវុធសារធាតុគីមី​ និងគ្រាប់យុទ្ធភណ្ឌ​មិនទាន់ផ្ទុះទូទៅ​ បានគំរាមកំហែងសុខសុវត្ថិភាពលើផ្ទៃដីប្រមាណ៤៤១ ៥៩៥ហិកតា​ ក្នុងភូមិសាស្ត្រនៃភូមិចំនួន៣៤០​ក្នុងខេត្តចំនួន៧ ​តាមបណ្តោយព្រំដែនកម្ពុជា-ថៃ៕  

សំណល់ជាតិផ្ទុះ និងគ្រាប់បែកចង្កោម​ ដែលបន្សល់ទុកពីការឈ្លានពានរបស់យោធាថៃ។ រូបភាព៖ លោក ហេង រតនា

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត