
ក្រុងសិរីសោភ័ណ៖ ជនសង្ស័យចំនួន៤នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ក្រសោបចាប់ជាប់បញ្ជូនទៅតុលាការ ក្រោយពួកគេលបលួចចរាចរណ៍គ្រឿងញៀននៅក្នុងភូមិសាស្ត្រ ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ...។

លោកវរសេនីយ៍ត្រី សុខ ឡេង មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងសិរីសោភ័ណ បានឱ្យដឹង នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៦ នេះថា ការបង្រ្កាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ក្រោមការសម្របសម្រួលនីតិវិធីច្បាប់ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តផងដែរនោះ កម្លាំងជំនាញ បានធ្វើការឃាត់ខ្លួនអ្នកពាកព័ន្ធចំនួន៤នាក់រួមមាន៖ ១-ឈ្មោះ ចាប ចំរើន ហៅ មើន, ២-ឈ្មោះ ហង្ស រស្មី, ៣-ឈ្មោះ ឈុំ ចំរើន ហៅ ង៉ា, និង៤-ឈ្មោះ រ៉េត ដានិត។

ក្រោយបញ្ចប់នីតិវិធីសាកសួរ និងកត់កំណត់ហេតុរួច មន្ត្រីកងរាជអាវុធហត្ថបានធ្វើការដកហូតវត្ថុតាង ប្រភេទម្សៅក្រាមពណ៌សថ្លា (ICE) ជាងកន្លះគីឡូក្រាម, កញ្ចប់ម្សៅពណ៌លឿង ជាប្រភេទអ៊ិចស្តាស៊ី រួមទាំងមធ្យោបាយបម្រើឱ្យការប្រព្រឹត្តិបទល្មើសផងដែរ។ បច្ចុប្បន្ន ជនសង្ស័យរួមជាមួយវត្ថុតាង ត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀននៃកងរាជអាវុធហត្ថខេត្ត បញ្ជូនទៅកាន់សាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់ការតាមនីតិវិធីច្បាប់ជាធរមាន៕




