
រាជធានីភ្នំពេញ៖ បន្ទាប់ពីកម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៦ ខាងមុខ អ្នកតាមដានស្ថានការណ៍សង្គម បានផ្តល់មតិសំយោគអំពីផលប៉ះពាល់ និងវិជ្ជមានមួយចំនួន ជូនដល់ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ពិចារណា...។

ជុំវិញគម្រោងរៀបចំកម្មវិធី «នគរសង្រ្កាន្ត» លោកបណ្ឌិត ឈត ប៊ុនថង អ្នកជំនាញទស្សនវិជ្ជានៃរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃអង្គារទី៣មីនា ឆ្នាំ២០២៦នេះ បានថ្លែងប្រាប់ SBM News តាមទូរសព្ទថា លោកយល់ស្របចំពោះការត្រៀមរៀបចំឱ្យមានព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ព្រោះលោកយល់ឃើញថា វាជាឱកាសដែលអាចឱ្យអ្នករៀបចំរៃអង្គាសប្រាក់ និងអំណោយផ្សេងៗ ជួយដល់វីរកងទ័ព ដែលបាននិងកំពុងឈរជើងពាំងគ្រាប់ការពារទឹកដីពីការឈ្លានពានរបស់យោធាថៃ និងមួយផ្នែកទៀតជួយដល់ជនភៀសសឹក ដែលកំពុងជួបការខ្វះខាត។ លោកបណ្ឌិតបន្តថា ការរៀបចំសង្រ្កាន្ត ក៏ជាការបង្ហាញពីអត្តសញ្ញាណជាតិខ្មែរ និងឱ្យយុវជនយល់ដឹងពីវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដូនតា ក៏ដូចជាអាចទាក់ទាញភ្ញៀវទេសចរបរទេសឱ្យមកលេងកម្ពុជាកាន់តែច្រើន។

អ្នកជំនាញទស្សនវិជ្ជារូបនេះ គូសបញ្ជាក់យ៉ាងដូច្នេះថា៖«[..] ជារឿងដែលយើងគួរតែធ្វើ! ការដែលខ្ញុំគាំទ្រនេះ ដោយសារតែយើងដឹងហើយថា សង្រ្កាន្តនេះ ធ្វើទៅជួយដល់កូនខ្មែរមានឱកាសចូលរួមស្វែងយល់ ឬគាត់ក៏អាចនឹងធ្វើសកម្មភាពផ្សេងៗ ជួយពង្រីកការផ្សព្វផ្សាយ លើកកម្ពស់អត្តសញ្ញាណវប្បធម៌ជាតិ។ អាចទាក់ទាញភ្ញៀវទេសចរ ហើយក៏ជាឱកាសមួយ ដែលយើងអាចប្រមូលបច្ច័យ ឬអំណោយសប្បុរសធម៌ បន្តជួយដល់បងប្អូនយើងដែលកំពុងរស់នៅក្នុងជំរំភៀសសឹក ឬក៏អ្នកទើបតែបានត្រទ្បប់ទៅវិញ នៅមានការខ្វះខាត ហើយក៏ជួយទៅដល់វីរយុទ្ធជន វីរនគរបាល និងកងកម្លាំង នៅតាមខ្សែបន្ទាត់ព្រំដែនផងដែរ[..]។

ចំណែក លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា បានប្រាប់អង្គភាពសារព័ត៌មាន SBM News តាមទូរសព្ទនៅថ្ងៃដដែលនេះថា សម្រាប់លោក មិនយល់ទាស់ ឬមានគំនិត្យហាមឃាត់ការប្រារព្ធកម្មវិធី «នគរសង្រ្កាន្ត» នេះទេ ប៉ុន្តែ យ៉ាងណាការរៀបចំគួរតែធ្វើក្នុងកម្រិតមួយដែលមានគោលដៅជួយដល់ប្រជាពលរដ្ឋ កំពុងជួបការលំបាកដោយការឈ្លានពានពីសំណាក់យោធាថៃ។ ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា គូសបញ្ជាក់យ៉ាងដូច្នេះថា៖ «[..]សម្រាប់ខ្ញុំ! ខ្ញុំមិនបដិសេធចំពោះការរៀបចំកម្មវិធី នគរសង្រ្កាន្ត ឬកម្មវិធីជួបជុំណាមួយទេ ប៉ុន្តែសុំសង្រួម ហើយបង្វែរគោលដៅនៃការរៀបចំកម្មវិធី ហ្នឹង! ជាការរិតចំណងសាមគ្គីភាពរបស់ជាតិ និងប្រមូលធនធាន ក៏ដូចជាថាមពល ដើម្បីជួយប្រជាពលរដ្ឋជនរួមជាតិយើងដទៃទៀត ដែលកំពុងប្រឈមមុខនឹងការលំបាកដោយសារ តែផលលំបាកនៃសង្គ្រាមឈ្លានពានកន្លងមក[..]»។

សូមជម្រាបថា បើតាម លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានគូសរំលេចអំពីអត្ថន័យនៃការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ ក្នុងឱកាសអញ្ជើញជាអធិបតី នៃពិធីជំនួបពិភាក្សាគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ក្រសួងព័ត៌មាន សមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន កាលពីថ្ងៃទី០២មីនា ថា ការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នេះឡើង គឺដើម្បីបង្ហាញស្មារតីរួបរួមជាតិ ផ្សារភ្ជាប់ជាមួយបងប្អូនវីរកងទ័ពជួរមុខ និងបងប្អូនជនភៀសសឹក បន្ថែមពីលើការរក្សាបាននូវប្រពៃណីដូនតា ទំនៀមទម្លាប់ និងអត្តសញ្ញាណជាតិខ្មែរ។ អ្វីដែលសំខាន់នោះ ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» គ្រាន់តែជាផ្នែកមួយនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរប៉ុណ្ណោះ ពុំមែនដើរតួនាទីជំនួសពិធីបុណ្យជាតិនេះឡើយ ខណៈការរៀបចំក៏ធ្វើទៅតាមតថភាពសង្គមកម្ពុជាបច្ចុប្បន្នផងដែរ ពោលគឺមិនមានការរៀបចំកម្មវិធីណាមួយ ឱ្យសប្បាយរីករាយហួសពីព្រំដែននៃស្រុកទេសកំពុងរងទុក្ខនោះឡើយ៕




