
មជ្ឈិមបូព៌ា៖ ភាពតានតឹងនៅមជ្ឈិមបូព៌ា បានឈានដល់ចំណុចកំពូល បន្ទាប់ពីមន្ត្រីជាន់ខ្ពស់នៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ (IRGC) ប្រកាសថា ច្រកសមុទ្ទហរមូស (Hormuz) ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក ត្រូវបានបិទជាដាច់ខាតហើយ។ អ៊ីរ៉ង់បានព្រមានដោយសម្តីមុតស្រួចថា នឹងបាញ់កម្ទេចរាល់នាវាណាដែលព្យាយាមឆ្លងកាត់ផ្លូវទឹកនេះ...។

លោក អ៊ីប្រាហ៊ីម ចាបារី (Ebrahim Jabari) ទីប្រឹក្សាជាន់ខ្ពស់នៃមេបញ្ជាការកងឆ្មាំបដិវត្តន៍ បានបញ្ជាក់តាមរយៈប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា៖«ច្រកសមុទ្ទហរមូស ត្រូវបានបិទ! ប្រសិនបើនរណាម្នាក់ព្យាយាមឆ្លងកាត់ វីរបុរសនៃកងឆ្មាំបដិវត្តន៍ និងកងទ័ពជើងទឹកអ៊ីរ៉ង់ នឹងបាញ់បំផ្លាញនាវាទាំងនោះឱ្យក្លាយជាផេះ»។ ការសម្រេចចិត្តបិទច្រកសមុទ្ទនេះ គឺជាការសងសឹកចំពោះការវាយប្រហារតាមអាកាសរបស់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ដែលមានបំណងផ្ដួលរំលំរបបដឹកនាំអ៊ីរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់ ក៏បានបាញ់ស្រោចមីស៊ីលទៅលើប្រទេសជិតខាង ដែលផ្ដល់មូលដ្ឋានទ័ពឱ្យអាម៉េរិក រួមមាន៖ កាតា គុយវ៉ែត បារ៉ែន អារ៉ាប់រួម និងអារ៉ាប់ប៊ីសាអ៊ូឌីត។

ច្រកសមុទ្ទហរមូស មានសារសំខាន់ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ចសកល ដោយសារវាជាផ្លូវចេញចូលតែមួយគត់សម្រាប់ប្រេងប្រហែល២០ភាគរយ នៃតម្រូវការប្រើប្រាស់ប្រចាំថ្ងៃរបស់ពិភពលោក។ ការបិទផ្លូវទឹកនៅចំណុចចង្អៀតបំផុតនេះ នឹងធ្វើឱ្យរំហូរប្រេងពីមជ្ឈិមបូព៌ាត្រូវកាត់ផ្ដាច់ នាំឱ្យតម្លៃប្រេងឆៅហក់ឡើងខ្ពស់មិនធ្លាប់មាន និងបង្កឱ្យមានអស្ថិរភាពសេដ្ឋកិច្ចទូទាំងសកលលោក៕




