ករណីដ៏កម្រក្នុងប្រវត្តិសាស្រ្តសង្គ្រាម! ទ័ពអាម៉េរិក៦នាក់លោតចេញពីយន្តហោះចម្បាំងនៅរស់ទាំងអស់ ពេលត្រូវមីស៊ីលបាញ់កម្ទេច
Mao Sopha
14 ម៉ោងមុន

រាជធានីភ្នំពេញ៖ វាមិនមែនជាព្រេងសំណាង ហើយក៏មិនមែនជារឿងចៃដន្យដែរ ដែលកងទ័ពជើងអាកាសអាចនៅសល់ជីវិតត្រឡប់មកវិញ ពេលយន្តហោះចម្បាំងរបស់ពួកគេត្រូវបានបាញ់កម្ទេច តែដោយសារពួកគេមានស្មារតីខ្ពស់ និងមានភាពស្ទាត់ជំនាញក្នុងការគេចចេញពីគ្រោះថ្នាក់។ ក្នុងប្រវត្តិសាស្រ្តសង្គ្រាម គេកម្រឃើញណាស់ ចំពោះករណីមហាគ្រោះថ្នាក់បែបនេះ កងទ័ពបែរជាអាចនៅរស់រានមានជីវិត។ 

រូបតំណាង៖ កងទ័ពលោតឆត្រយោង
រូបតំណាង៖ កងទ័ពលោតឆត្រយោង

ក្នុងសមភូមិសង្គ្រាមដែលអាម៉េរិក-អ៊ីស្រាអែល រួមគ្នាវាយប្រហារអ៊ីរ៉ង់ មានយន្តហោះចម្បាំង F-15E ចំនួន៣គ្រឿងរបស់កងទ័ពអាម៉េរិក ត្រូវបានបាញ់កម្ទេច ហើយធ្លាក់លើទឹកដីប្រទេសគុយវ៉ែត នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ (ជាសង្គ្រាមថ្ងៃទី៣)។ ក្នុងយន្តហោះ១ មានកងទ័ពជើងអាកាស២នាក់។ ក្រោយមក បញ្ជាការកងទ័ពកណ្តាលអាម៉េរិក (CENTCOM) បានប្រកាសជាផ្លូវការថា កងទ័ពជើងអាកាសខ្លួនទាំង៦នាក់នោះ បានរួចផុតជីវិតទាំងអស់។  

ទី១៖ យន្តហោះចម្បាំង F-15E រេចុះរេឡើងពេលត្រូវគ្រាប់មីស៊ីល។ រូបកណ្តាល៖ កងទ័ពអាម៉េរិក លោតចេញជាមួយឆត្រយោង ពេលយន្តហោះចម្បាំង ត្រូវគ្រាប់មីស៊ីល។ រូបស្តាំដៃ៖ ឆត្រយោង និងបំណែកយន្តហោះចម្បាំង ពេលធ្លាក់ដល់ដី។ 
ទី១៖ យន្តហោះចម្បាំង F-15E រេចុះរេឡើងពេលត្រូវគ្រាប់មីស៊ីល។ រូបកណ្តាល៖ កងទ័ពអាម៉េរិក លោតចេញជាមួយឆត្រយោង ពេលយន្តហោះចម្បាំង ត្រូវគ្រាប់មីស៊ីល។ រូបស្តាំដៃ៖ ឆត្រយោង និងបំណែកយន្តហោះចម្បាំង ពេលធ្លាក់ដល់ដី។ 

មិនមែនអ៊ីរ៉ង់ជាសត្រូវទេ គឺគុយវ៉ែតជាសម្ព័ន្ធមិត្ត បានបាញ់មីស៊ីលកម្ទេចយន្តហោះចម្បាំងអាម៉េរិកទាំង៣គ្រឿងនោះ។ កងទ័ពគុយវ៉ែត ច្រឡំថា ជាយន្តហោះចម្បាំងរបស់សត្រូវ ទើបបាញ់ទម្លាក់។ ពេលត្រូវគ្រាប់មីស៊ីល យន្តហោះចម្បាំងទាំង៣គ្រឿង ក៏លែងអាចគ្រប់គ្រង និងបញ្ជាបាន ហេតុដូច្នេះ កងទ័ពជើងអាកាសអាម៉េរិកទាំងទាំង៦នាក់ ក៏ប្រញាប់ចុចប៊ូតុងកៅអីរំដោះខ្លួនភ្លាៗ។ 

យន្តហោះចម្បាំង F-15E តែមិនមែនជាយន្តហោះស្ថិតក្នុងសង្គ្រាមដែលកងទ័ពគុយវ៉ែតបាញ់ទម្លាក់នោះទេ។ 
យន្តហោះចម្បាំង F-15E តែមិនមែនជាយន្តហោះស្ថិតក្នុងសង្គ្រាមដែលកងទ័ពគុយវ៉ែតបាញ់ទម្លាក់នោះទេ។ 

កៅអីក្នុងយន្តហោះចម្បាំង F-15E ហៅថា Ejection Seats ដែលអាចផ្តាច់ខ្លួនចេញបាន ពេលមានគ្រោះថ្នាក់។ កៅអីដែលកងទ័ពអង្គុយ ​មានភ្ជាប់ជាមួយឆត្រយោងស្រាប់ ហើយពេលកៅអី និងកងទ័ព ត្រូវបានផ្តាច់ខ្លួនចេញពីយន្តហោះ ឆត្រយោង នឹងត្រូវបើកដោយស្វ័យប្រវត្តិតែម្តង។ គេមិនអាចមើលរំលងឡើយ! ក្រៅពីភាពស្ទាត់ជំនាញ និងស្មារតីខ្ពស់ កងទ័ពអាម៉េរិកទាំង៦នាក់ អាចមានជីវិតទៅជួបគ្រួសារវិញ ក៏ដោយសារមានជំនួយពីប្រព័ន្ធទំនើបការពារ និងរំដោះខ្លួន ដែលត្រូវបានបំពាក់ក្នុងយន្តហោះចម្បាំងនោះ។  

រូបតំណាងអំពីគ្រាប់មីស៊ីល
រូបតំណាងអំពីគ្រាប់មីស៊ីល

អាម៉េរិក ពុំបានបញ្ជាក់លម្អិតឡើយថា គ្រាប់មីស៊ីលគុយវ៉ែត បាញ់ត្រូវចំតួនៃយន្តហោះចម្បាំងទាំង៣គ្រឿងត្រង់កន្លែងណាខ្លះ។ ត្រូវចំកាប៊ីន ឬកៅអ៊ីដែលកងទ័ពអង្គុយ ឬក៏ត្រូវចំកន្លែងផ្សេង? ទោះយ៉ាងណា គេត្រូវដឹងថា កាប៊ីន ឬកៅអ៊ីអង្គុយនោះ គឺជាទីតាំងតូច ដែលហ៊ុំព័ទ្ធដោយដែកដ៏រឹងមាំជារបាំងការពារពីការបាញ់ប្រហារដោយមីស៊ីល ឬគ្រាប់អាវុធផ្សេងទៀត។ 

ផ្សែងហុយក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាម៉េរិក-អ៊ីស្រាអែលទម្លាក់គ្រាប់លើ។
ផ្សែងហុយក្នុងប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអាម៉េរិក-អ៊ីស្រាអែលទម្លាក់គ្រាប់លើ។

គិតមកដល់ថ្ងៃ៣មីនានេះ សង្គ្រាមបានឈានចូលថ្ងៃទី៤ហើយ។ បញ្ជាការកងទ័ពកណ្តាលអាម៉េរិក បង្ហាញតួលេខថា ទើបតែមានកងទ័ពខ្លួន៦នាក់ បានបាត់បង់ជីវិត។ ចំពោះអ៊ីស្រាអែលវិញ មិនទាន់បញ្ចេញរបាយការណ៍នោះទេថា កងទ័ពខ្លួនបាត់បង់ជីវិតប៉ុន្មាននាក់។ ចំណែកកងទ័ពអ៊ីរ៉ង់ ត្រូវបានសារព័ត៌មានអន្តរជាតិផ្សាយថា ស្លាប់បន្តបន្ទាប់អស់ជាច្រើននាក់ សូម្បីមេដឹកនាំកំពូលលំដាប់ទី១របស់អ៊ីរ៉ង់ លោក អាលី ខាម៉េណេ ក៏ក្ស័យសង្ខារដែរ។ តែអ៊ីរ៉ង់មិនព្រមចុះចាញ់ឡើយ នៅតែតស៊ូជាមួយជើងខ្លាំងទាំង២នេះ។    

ផ្ទាំងរូបដ៏ធំរបស់លោក អាលី ខាម៉េណេ ត្រូវបានបិទជាប់នឹងអគារ។ 
ផ្ទាំងរូបដ៏ធំរបស់លោក អាលី ខាម៉េណេ ត្រូវបានបិទជាប់នឹងអគារ។ 

មិនទាន់មានសញ្ញាណាបង្ហាញថា ភ្លើងសង្គ្រាមអាចបន្ថយកម្តៅនោះទេ តែផ្ទុយមកវិញ មានតែខ្លាំងក្លាឡើងៗ ព្រោះសង្គ្រាមនេះ កំពុងរាលដល់ និងជះឥទ្ធិពលដល់ប្រទេសផ្សេងទៀតក្នុងតំបន់មជ្ឈិមបូព៌ា។ លើសពីនេះ មានក្រុមប្រដាប់អាវុធប្រទេសខ្លះ កំពុងជួយប្រយុទ្ធជាមួយអ៊ីរ៉ង់ ខណៈប្រទេសខ្លះទៀត ក៏ចេញមុខជួយដល់អាម៉េរិក-អ៊ីស្រាអែលថែមដែរ ទាំងដែលអាម៉េរិក-អ៊ីស្រាអែលខ្លាំងស្រាប់ទៅហើយ៕ 

ទង់ជាតិអាម៉េរិក និងទង់ជាតិអ៊ីស្រាអែល
ទង់ជាតិអាម៉េរិក និងទង់ជាតិអ៊ីស្រាអែល
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត