
រាជធានីរីយ៉ាដ៖ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅរាជធានីរីយ៉ាដ (Riyadh) នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត ត្រូវបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកចំនួន២គ្រឿង បណ្ដាលឱ្យមានអគ្គិភ័យ និងខូចខាតសម្ភារមួយចំនួន ស្របពេលភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា បានឈានដល់ការកំណត់គោលដៅលើបេសកកម្មការទូត។ នេះបើយោងតាមការវាយតម្លៃបឋម ដោយក្រសួងការពារជាតិរបស់អារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអង្គារទី២មីនា...។

ការវាយប្រហារដោយដ្រូននេះ កើតឡើងចំពេលមានការវាយប្រហារដោយមីស៊ីល និងដ្រូនជាបន្តបន្ទាប់ពីសំណាក់ប្រទេសអ៊ីរ៉ង់ ទៅលើបណ្តាប្រទេសនានានៅតំបន់ឈូងសមុទ្ទ ដែលផ្តល់ទីតាំងមូលដ្ឋានទ័ពឱ្យរដ្ឋធានីវ៉ាស៊ីនតោន បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បានរួមដៃគ្នាបើកការវាយប្រហារលើប្រទេសអ៊ីរ៉ង់ កាលពីថ្ងៃសៅរ៍កន្លងទៅ។ ប្រភពបានបញ្ជាក់ថា គេបានឮសូរផ្ទុះយ៉ាងសន្ធឹក និងឃើញមានអណ្តាតភ្លើងឆាបឆេះយ៉ាងសន្ធោសសន្ធៅនៅស្ថានទូតអាម៉េរិក ក្នុងរាជធានីរីយ៉ាដ កាលពីថ្ងៃអង្គារទី២មីនា។ គេឃើញមានផ្សែងខ្មៅហុយទ្រលោមខ្មៅងងឹតមេឃ គ្របដណ្ដប់ទូទាំងតំបន់ការទូតក្នុងរាជធានីរីយ៉ាដ ជាកន្លែងប្រមូលផ្តុំទៅដោយស្ថានទូតបរទេសនានា។

ជុំវិញការវាយប្រហារខាងលើ ប្រភពដដែលបន្តថា មិនមានរបាយការណ៍អំពីអ្នករងរបួសទេ ដោយសារអគារនៅទំនេរ ព្រោះមិនទាន់មានមនុស្សទៅធ្វើការ ដោយសារព្រឹកព្រលឹម។ ស្ថានទូតសហរដ្ឋអាម៉េរិកប្រចាំនៅរាជធានីរីយ៉ាដ បានចេញសេចក្តីជូនដំណឹងឱ្យប្រជាជនខ្លួន រស់នៅក្នុងរាជធានីរីយ៉ាដ, ជេដដាហ៍ និងដាហារ៉ាន ផ្លាស់ទីទៅកាន់ជម្រកសុវត្ថិភាព ហើយបានណែនាំឱ្យពួកគេចៀសវាងការធ្វើដំណើរទៅកាន់ស្ថានទូត រហូតដល់មានការជូនដំណឹងជាថ្មី។ យ៉ាងណា អ្នកនាំពាក្យស្ថានទូត ក៏ដូចជាការិយាល័យព័ត៌មានរបស់រាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត មិនទាន់មានការឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនៅឡើយទេ។

សូមជម្រាបថា ភ្លើងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ាកាន់តែរីកធំឡើង បន្ទាប់ពីអាម៉េរិក និងអ៊ីស្រាអែលព្រួតដៃគ្នាវាយប្រហារលើអ៊ីរ៉ង់ ខណៈរដ្ឋធានីតេហេរ៉ង់បានបើកប្រតិបត្តិការសឹកវិញ ដោយបានប្រើមីស៊ីល និងដ្រូនអត្តឃាតវាយប្រហារអ៊ីស្រាអែល និងបើកប្រតិបត្តិការយោធាកម្ទេចមូលដ្ឋានទ័ពអាម៉េរិកនានា នៅទូទាំងតំបន់ ធ្វើឱ្យប៉ះពាល់ដល់បណ្តាប្រទេសជាច្រើន ទាំងដោយផ្ទាល់ និងប្រយោល៕



