
មជ្ឈិមបូព៌ា៖ ស្ថានភាពនៅមជ្ឈិមបូព៌ាកាន់តែដុនដាបខ្លាំងនៅថ្ងៃទី២ខែមីនានេះ បន្ទាប់ពីអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសលើរដ្ឋធានីបេរូត ប្រទេសលីបង់ ដើម្បីកម្ទេចក្រុមសកម្មប្រយុទ្ធហេសបូឡាស៍ (Hezbollah) ដែលជាសម្ព័ន្ធមិត្តរឹងមាំរបស់អ៊ីរ៉ង់។ ការពង្រីកវិសាលភាពសង្គ្រាមនេះ កើតឡើងស្របពេលប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ បានផ្ដល់សញ្ញាថា ប្រតិបត្តិការយោធារួមគ្នាជាមួយអ៊ីស្រាអែលលើគោលដៅអ៊ីរ៉ង់ អាចនឹងបន្តអូសបន្លាយពេលច្រើនសប្តាហ៍ទៅមុខទៀត។

យោងតាមកងទ័ពអ៊ីស្រាអែល ការវាយប្រហារលើលីបង់នាពេលនេះ គឺជាការឆ្លើយតបទៅនឹងក្រុមហេសបូឡាស៍ ដែលបានបាញ់មីស៊ីល និងដ្រូនសំដៅមកលើអ៊ីស្រាអែល ដើម្បីសងសឹកចំពោះមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណេ។ សំឡេងផ្ទុះជាង១០កន្លែងបានកក្រើកពេញរដ្ឋធានីបេរូត នៅចន្លោះម៉ោង២:៤០នាទីទៀបភ្លឺ បង្កឱ្យមានភាពស្លន់ស្លោដល់ប្រជាពលរដ្ឋរាប់ពាន់នាក់ នាំគ្នាវេចបង្វិចរត់គេចខ្លួនទាំងយប់។ ព្រឹត្តិការណ៍នេះ បានធ្វើឱ្យកិច្ចព្រមព្រៀងឈប់បាញ់កាលពីឆ្នាំ២០២៤ រវាងអ៊ីស្រាអែល និងលីបង់ ត្រូវរលាយសាបសូន្យក្នុងមួយប៉ប្រិចភ្នែក។

នៅក្នុងប្រទេសអ៊ីរ៉ង់ឯណោះវិញ ប្រធានាធិបតី ម៉ាស៊ូត ផេហ្សេសកៀន (Masoud Pezeshkian) បានប្រកាសថា ក្រុមប្រឹក្សាដឹកនាំបណ្ដោះអាសន្នមួយ ត្រូវបានបង្កើតឡើង ដើម្បីបំពេញភារកិច្ចជំនួសមេដឹកនាំកំពូលដែលទើបទទួលមរណភាព។ ទោះជាយ៉ាងណាក៏ដោយ អ៊ីស្រាអែលបានអះអាងថា ខ្លួនបានគ្រប់គ្រងដែនអាកាសទាំងស្រុងលើរដ្ឋធានីតេហេរ៉ង់រួចរាល់ហើយ និងបានកម្ទេចមជ្ឈមណ្ឌលបញ្ជាការដ្ឋានសន្តិសុខ និងស៊ើបការណ៍សម្ងាត់សំខាន់ៗជាច្រើនកន្លែង។ សង្រ្គាមដែលកំពុងរីករាលដាលពាសពេញតំបន់នេះ មិនត្រឹមតែបង្កមហន្តរាយដល់ជីវិតមនុស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានធ្វើឱ្យតម្លៃប្រេងពិភពលោកហក់ឡើងខ្លាំង និងបង្កការរំខានយ៉ាងធ្ងន់ធ្ងរដល់វិស័យដឹកជញ្ជូនតាមផ្លូវអាកាសសកលផងដែរ៕




