
រដ្ឋធានីម៉ូស្គូ៖ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ស្ថានទូតរុស្ស៊ីប្រចាំរដ្ឋធានីបាគូ នៃប្រទេសអាស៊ែបៃហ្សង់ បានប្រកាសជាផ្លូវការថា ពលរដ្ឋរុស្ស៊ីប្រមាណ៥០០នាក់ កំពុងស្ថិតក្នុងការត្រៀមលក្ខណៈជម្លៀសខ្លួនចេញពីប្រទេសអ៊ីរ៉ង់ជាបន្ទាន់ តាមរយៈទឹកដីនៃប្រទេសអាស៊ែបៃហ្សង់ បន្ទាប់ពីភ្លើងសង្គ្រាមរវាងសម្ព័ន្ធមិត្តអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់ បានផ្ទុះយ៉ាងសន្ធោសសន្ធៅ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Reuters។

ស្ថានទូតរុស្ស៊ីបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលអាស៊ែបៃហ្សង់ ដែលបានផ្តល់កិច្ចសម្របសម្រួលយ៉ាងរហ័សទាន់ចិត្ត ជាពិសេសលើការត្រួតពិនិត្យ និងចេញលិខិតអនុញ្ញាតឆ្លងដែនក្នុងស្ថានភាពអាសន្ន ដើម្បីធានាសុវត្ថិភាពពលរដ្ឋរុស្ស៊ី ដែលកំពុងរត់គេចពីតំបន់ដ៏គ្រោះថ្នាក់នេះ។ ប្រភពជិតស្និទ្ធនឹងរដ្ឋាភិបាលអាស៊ែបៃហ្សង់បានបង្ហើបឱ្យដឹងថា ក្នុងរយៈពេលត្រឹមតែ ៣៨ម៉ោង ចុងក្រោយនេះ មនុស្សចំនួន ១៩២នាក់ ត្រូវបានជម្លៀសចេញពីអ៊ីរ៉ង់ចូលមកដល់ទឹកដីអាស៊ែបៃហ្សង់រួចរាល់ហើយ ដោយក្នុងចំណោមនោះ រួមមាន៖ ពលរដ្ឋអាស៊ែបៃហ្សង់ ៨២នាក់ និងជនបរទេសផ្សេងទៀតចំនួន ១១០នាក់។

ជាក់ស្តែង ក្រសួងការបរទេសរុស្ស៊ីបានចេញសេចក្តីណែនាំដល់ពលរដ្ឋខ្លួនទាំងអស់ ដែលកំពុងមានវត្តមានក្នុងប្រទេសអ៊ីស្រាអែល និងអ៊ីរ៉ង់ ត្រូវទៅកាន់តំបន់ដែលមានសុវត្ថិភាពខ្ពស់បំផុត។ គួរបញ្ជាក់ថា ភ្លើងសង្គ្រាមរវាងអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់ កំពុងតែរីករាលដាលទូទាំងតំបន់ ដែលកំពុងបង្កជាជាវិបត្តិជនភៀសខ្លួនទ្រង់ទ្រាយធំ៕



