
រាជធានីឡុងដ៍៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក ឃា ស្តាមឺ (Keir Starmer) បានសម្រេចចិត្តបើកផ្លូវឱ្យសហរដ្ឋអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពអង់គ្លេស ដើម្បីវាយកម្ទេចឃ្លាំងមីស៊ីលរបស់អ៊ីរ៉ង់ បន្ទាប់ពីមីស៊ីលទាំងនោះបានធ្លាក់ចំគោលដៅស៊ីវិលដែលមានពលរដ្ឋអង់គ្លេសស្នាក់នៅ។

តាមរយៈវីដេអូបង្ហោះលើបណ្ដាញសង្គម X នៅថ្ងៃ២មីនានេះ លោក ស្តាមឺ បានបញ្ជាក់ជាថ្មីថា អង់គ្លេសមិនបានចូលរួមក្នុងការវាយប្រហារតាមអាកាសរួមគ្នាជាមួយអាម៉េរិក និងអ៊ីស្រាអែល ដែលបានសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណេ នោះទេ ហើយក៏នឹងមិនចូលរួមក្នុងរលកនៃការវាយប្រហារបន្តបន្ទាប់ទៀតដែរ។ យ៉ាងណា លោកបានសង្កត់ធ្ងន់ថា ដោយសារតែអ៊ីរ៉ង់បានបាញ់មីស៊ីលសងសឹកចំសណ្ឋាគារ និងព្រលានយន្តហោះដែលមានពលរដ្ឋអង់គ្លេសស្នាក់នៅ វាគឺជាកាតព្វកិច្ចរបស់លោកក្នុងការការពារជីវិតមនុស្ស និងឆ្លើយតបតាមសំណើរបស់ដៃគូនៅតំបន់ឈូងសមុទ្ទ។

ទោះបីជាមានការប្រើប្រាស់កម្លាំងយោធាក៏ដោយ លោក ស្តាមឺ នៅតែអះអាងថា ការចរចាគឺជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះនេះ។ លោកបង្ហាញការជឿជាក់ដូច្នេះថា៖«មធ្យោបាយដ៏ល្អបំផុតសម្រាប់តំបន់ និងសម្រាប់ពិភពលោក គឺដំណោះស្រាយតាមរយៈការចរចា ដែលក្នុងនោះអ៊ីរ៉ង់យល់ព្រមបោះបង់រាល់មហិច្ឆតាអភិវឌ្ឍអាវុធនុយក្លេអ៊ែរ»។ ការអនុញ្ញាតឱ្យអាម៉េរិកប្រើប្រាស់មូលដ្ឋានទ័ពនាពេលនេះ ត្រូវបានលោកចាត់ទុកថាជាកាតព្វកិច្ចចំពោះមុខច្បាប់អន្តរជាតិ ដើម្បីការពារសមូហភាពរវាងសម្ព័ន្ធមិត្ត ខណៈយន្តហោះចម្បាំងអង់គ្លេសបានចាប់ផ្ដើមប្រតិបត្តិការស្ទាក់ចាប់ការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់រួចរាល់ហើយដែរ៕





