បាញ់ច្រឡំគ្នាឯង! យន្តហោះចម្បាំងអាម៉េរិកឆេះធ្លាក់នៅគុយវ៉ែត ក្រោយប្រព័ន្ធការពារដែនអាកាស Patriot បា.ញ់កម្ទេចច្រឡំ
ហៀប ស៊ីថេត
13 ម៉ោងមុន

មជ្ឈិមបូព៌ា៖ នាថ្ងៃចន្ទទី២ ខែមីនា យន្តហោះចម្បាំង F-15E របស់អាម៉េរិក (អាចលើសពីមួយគ្រឿង) បានធ្លាក់ឆេះនៅក្នុងប្រទេសគុយវ៉ែត បន្ទាប់ពីប្រព័ន្ធការពារអាកាស Patriot (ផេទ្រៀត) របស់ខ្លួន ច្រឡំបាញ់ស្ទាក់ចាប់ ខណៈបំណែកយន្តហោះបានធ្លាក់ចូលក្នុងរោងចក្រចម្រាញ់ប្រេង Mina Al Ahmadi (មីណា អាល់ អាម៉ាឌី) ប៉ុន្តែអ្នកបើកបរយន្តហោះបានលោតឆត្រយោងទាន់ពេលប្រកបដោយសុវត្ថិភាព។

ក្ររសួងការពារជាតិគុយវ៉ែត បានបញ្ជាក់ថា មិនមែនមានតែមួយគ្រឿងនេះទេ ប៉ុន្តែមានយន្តហោះចម្បាំងអាម៉េរិកជាច្រើនគ្រឿងទៀត បានធ្លាក់ក្នុងពេលតែមួយ។ យ៉ាងណា រហូតមកដល់ពេលនេះ គេនៅមិនទាន់ដឹងច្បាស់ពីចំនួនពិតប្រាកដនៃយន្តហោះ ដែលធ្លាក់នៅឡើយទេ។ យោងតាមរបាយការណ៍បឋម យន្តហោះធ្លាក់នោះ គឺដោយសារការបាញ់ច្រឡំគ្នាឯង។ ក្នុងថ្ងៃដដែលនេះ វីដេអូមួយដែល CNN បានបង្ហាញពីយន្តហោះចម្បាំងមួយគ្រឿង ឆេះសន្ធោសន្ធៅនៅកណ្តាលអាកាសា មុនពេលធ្លាក់វិលខ្ញាល់ចុះមកក្រោម ខណៈការវិភាគបានបង្ហាញថា យន្តហោះនោះបានធ្លាក់ក្នុងចម្ងាយប្រហែល ១០គីឡូម៉ែត្រពីមូលដ្ឋានទ័ពអាកាស Ali Al Salem (អាលី អាល់ សាឡឹម) របស់អាម៉េរិកនៅក្នុងប្រទេសគុយវ៉ែត។

យោងតាមការវាយតម្លៃរបស់ CNN យន្តហោះដែលមានម៉ាស៊ីនភ្លោះនៅក្នុងវីដេអូ គឺមានលក្ខណៈស្រដៀងទៅនឹងប្រភេទ F-15E ឬ F/A-18។ គេនៅមិនទាន់ច្បាស់ថា តើកងទ័ពអាកាសប្រទេសណាមួយជាអ្នកបញ្ជាយន្តហោះនេះនោះទេ ព្រោះកងទ័ពអាកាសគុយវ៉ែតក៏ប្រើប្រាស់យន្តហោះប្រភេទ F/A-18 ដែរ។ យ៉ាងណា មន្ត្រីមកពីបញ្ជាការដ្ឋានកណ្តាលសហរដ្ឋអាម៉េរិក ឬCENTCOM (សេនខំ) និងក្រសួងការបរទេសគុយវ៉ែត មិនទាន់បញ្ជាក់ជាផ្លូវការអំពីមូលហេតុនៃគ្រោះថ្នាក់នេះនៅឡើយទេ។

អាជ្ញាធរបានបញ្ជាក់ថា អ្នកបើកបរយន្តហោះបានលោតឆត្រយោងចេញពីយន្តហោះដោយជោគជ័យ មុនពេលវាធ្លាក់ ហើយបច្ចុប្បន្នកំពុងមានសុវត្ថិភាព។ សូមជម្រាបថា បំណែកនៃយន្តហោះបានធ្លាក់ចូលក្នុងរោងចក្រចម្រាញ់ប្រេង Mina Al Ahmadi បណ្ដាលឱ្យកម្មករ២នាក់រងរបួស ខណៈក្រុមការងារសង្គ្រោះបន្ទាន់ត្រូវបានដាក់ពង្រាយទៅកាន់ទីតាំងកើតហេតុភ្លាមៗ បន្ទាប់ពីឧប្បត្តិហេតុនេះ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត