លោក នេត្រ ភក្ត្រា៖ «នគរសង្រ្កាន្ត» គ្រោងធ្វើនៅភ្នំពេញពេលចូលឆ្នាំ បង្ហាញពីអត្តសញ្ញាជាតិខ្មែរ មិនមែនត្រឹមតែព្រឹត្តិការណ៍សប្បាយនោះទេ
S
Sreyleak Yith
11 ម៉ោងមុន

រាជធានីភ្នំពេញ៖ ក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦ ស្ដីពីគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន លើកទ្បើងថា កម្មវិធី «នគរសង្រ្កាន្ត» នេះ មិនមែនគ្រាន់តែជាព្រឹត្តិការណ៍កម្សាន្តសប្បាយធម្មតាទេ តែជាការបង្ហាញពីអត្តសញ្ញាណជាតិ ការរួបរួមរបស់យុវជន និងភាពរស់រវើករបស់រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ…។

លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ថ្លែងក្នុងជំនួបពិភាក្សាជាមួយសមាគមទូរទស្សន៍ និងអ្នកសារព័ត៌មាន

លោករដ្ឋមន្ត្រី គូសបញ្ជាក់ថា កន្លងទៅ ប្រព័ន្ធផ្សព្វផ្សាយទាំងស្ថាប័នរដ្ឋ និងឯកជន បានចូលរួមផ្សព្វផ្សាយពី«អង្គរសង្រ្កាន្ត»លើទឹកដីខេត្តសៀមរាប បានទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ និងបានលើកកេរ្តិ៍ឈ្មោះប្រទេសកម្ពុជានៅលើឆាកអន្តរជាតិ​។ ជាមួយគ្នា លោក ក៏បានអំពាវនាវអ្នកសារព័ត៌មានទាំងអស់ បន្តចូលរួមយ៉ាងសកម្មផ្សព្វផ្សាយអំពីកម្មវិធី «នគរសង្រ្កាន្ត» ក្នុងពេលខាងមុខ ដើម្បីឱ្យកម្មវិធីនេះ ក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យមួយទៀតសម្រាប់រាជធានីភ្នំពេញ និងជាតិទាំងមូល។

រូបតំណាង
រូបតំណាង

សូមជម្រាបថា សហភាពសហព័ន្ធយុវជនកម្ពុជា ហៅកាត់ ស.ស.យ.ក. មានគម្រោងរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៤ ដល់១៩ ខែមេសា ឆ្នាំ២០២៦។ ការរៀបចំនគរសង្រ្កាននេះ គឺដើម្បីថែរក្សាការពារ វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីដូនតា និងជាការចូលរួមជំរុញចរន្តសេដ្ឋកិច្ចជាតិ ទាក់ទាញទេសចរឱ្យមកទស្សនាកម្ពុជា និងបង្ហាញពីសាមគ្គីភាព ឯកភាព ភាពធន់ ក៏ដូចជាផ្សារភ្ជាប់ជាមួយបងប្អូនជនភៀសសឹក និងវីរកងទ័ព។ ចំពោះបរិវេណនៃព្រឹត្តិការណ៍ រួមមាន៖ វត្តភ្នំ, ផ្លូវថ្មើរជើងចតុមុខ (Walkstreet), សួនច្បារ Vattanac Capital Lifestyle មកដល់ផ្សាររាត្រី។ ទីតាំងផ្សេងទៀតនៅបរិវេណវត្តបទុមវតី បាសាក់លែន និងបរិវេណផ្សារទួលទំពូង។

ព្រឹត្តិការណ៍នេះ ក៏នឹងមានការរៀបចំពិធីសាសនាឧទ្ទិសដល់យុទ្ធជនពលី ជនរងគ្រោះ បួងសួងសុំសេចក្តីសុខជូនដល់ប្រទេសជាតិ, មានតាំងបង្ហាញរូបរចនាបំផុសស្មារតីនឹករឭកដល់វីរយុទ្ធជន និងបងប្អូនភៀសសឹក, សហការរៀបចំផ្ទាំងទស្សនីយភាពស្នាដៃគំនូរ «សិល្បៈដើម្បីសន្តិភាព», សម្តែងសិល្បៈលើឆាកធំ បង្ហាញពីវីរភាពកងកម្លាំងជួរមុខ ដែលកំពុងឈរជើងការពារបូរណភាពទឹកដី, ធ្វើចលនាសង្គម «១០០០០ ក្រមា» តំណាងឱ្យក្តីស្រឡាញ់ពីមហាជន, ចែករំលែកចំណូលបានពីការលក់ស្តង់ និងការលក់ផ្សេងទៀត ជូនទៅបងប្អូនភៀសសឹក។ តាមគម្រោង ក៏នឹងមានការរៀបចំពិធីជួបជុំ និងអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនៅតាមជំរំជនភៀសសឹកផងដែរ។

ទោះជាយ៉ាងណាក៏ដោយ ព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» នៅរាជធានីភ្នំពេញនេះ មិនទាន់សម្រេចរៀបចំមួយ១០០ភាគរយនៅឡើយទេ ដោយរង់ចាំការសិក្សាលម្អិតអំពីផលជះវិជ្ជមាន ឬអវិជ្ជមានជាមុន បន្ទាប់ពីការផ្សព្វផ្សាយផែនការរៀបចំព្រឹត្តិការណ៍ «នគរសង្រ្កាន្ត» ទៅកាន់មហាជនបានជ្រាប។ ករណីទទួលបានមតិយោបល់វិជ្ជមានពីសាធារណជនច្រើនជាងផលអវិជ្ជមាន ទើបមានការដាក់ឆ្លងស្នើសុំយោបល់ និងសម្រេចពីប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៅពេលក្រោយ៕

រូបតំណាង
រូបតំណាង
រូបតំណាង
រូបតំណាង
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត