ទស្សនកិច្ចនៅកម្ពុជា ប្រធានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី នឹងចុះទៅមើលជនភៀសសឹកតាមព្រំដែនផ្ទាល់
អុន សម្ផស្ស
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ អគ្គលេខាធិការអង្គការអន្តរជាតិ ហ្វ្រង់កូហ្វូនី (Organisation internationale de la Francophonie-OIF) លោកស្រី ល្វីស មូស៊ីគីវ៉ាបូ (Louise MUSHIKIWABO) នឹងចុះទៅសួរសុខទុក្ខពលរដ្ឋខ្មែរជាច្រើនគ្រួសារដែលកំពុងបន្តស្នាក់នៅជំរំភៀសសឹក។ ពលរដ្ឋខ្មែរជាច្រើនគ្រួសារ មិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញ ដោយសារយោធាថៃឈ្លានពាន បានស្រាស់បន្លាលួស និងដាក់ទូកុងតឺន័រព័ទ្ធយក ហើយថែមទាំងបន្តឈរជើងកាន់កាប់តំបន់មួយចំនួនក្នុងដែនដីកម្ពុជា។ 

លោកលោកស្រី ល្វីស មូស៊ីគីវ៉ាបូ ប្រកាសពីគម្រោងចុះមើលស្ថានភាពជនភៀសសឹកខ្មែរ ក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រមុខរដ្ឋស្តីទី នៅថ្ងៃទី២មីនា ឆ្នាំ២០២៦។  អ្នកនាំពាក្យព្រឹទ្ធសភា លោក ជា ធីរិទ្ធ ថ្លែងថា ក្នុងជំនួបថ្នាក់ដឹកនាំទាំងពីរ បានពិភាក្សាគ្នាអំពីការរៀបចំកិច្ចប្រជុំហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ។ បើតាមអ្នកនាំពាក្យ លោកស្រី ល្វីស មូស៊ីគីវ៉ាបូ ចាត់ទុកកម្ពុជាគឺជាប្រទេសមួយដែលបានចូលរួមចំណែកដ៏សកម្ម ក្នុងអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី។

លោកស្រី ប្ដេជ្ញាគាំទ្រកម្ពុជា ក្នុងការរៀបចំនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី ក្នុងអំឡុងខែវិច្ឆិកាឆ្នាំ២០២៦ខាងមុខនេះ។ លោកស្រីបានទទួលស្គាល់ពីភាពស្មុគស្មាញរបស់ពិភពលោកសព្វថ្ងៃ ដែលតម្រូវឱ្យបណ្ដាប្រទេសនៅក្នុងអង្គការហ្វ្រង់កូហ្វូនី មានការគិតគូរចំពោះបញ្ហានេះ។ ដោយឡែក សម្រាប់បរិបទកម្ពុជា លោកស្រីអះអាងថា បានតាមដានផងដែរពីបញ្ហាព្រំដែនកម្ពុជា-ថៃ។ ទន្ទឹមគ្នា លោកស្រីប្រធានអង្គការអន្តរជាតិហ្វ្រង់កូហ្វូនី បញ្ជាក់ប្រាប់សម្តេចតេជោថា លោកស្រីនឹងឆ្លៀតទៅសួរសុខទុក្ខបងប្អូនជនភៀសខ្លួននៅព្រំដែនផងដែរ។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកវត្តមានរបស់លោកស្រីប្រធានអង្គការ ជាផ្នែកមួយដ៏សំខាន់ចូលរួមចំណែក លើកទឹកចិត្ត និងគាំទ្រកម្ពុជាក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។ ទោះបច្ចុប្បន្ន ពិភពលោកមានភាពដ៏ស្មុគស្មាញពិតមែន តែតាមរយៈនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ សម្តេចសង្ឃឹមថានឹងទទួលបានលទ្ធផលជោគជ័យល្អប្រសើរទុកជាប្រវត្តិសាស្ត្រក្នុងប្រទេសកម្ពុជាផង និងប្រវត្តិសាស្ត្រនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនេះ។

សម្តេចតេជោថែមទាំងសម្ដែងការអរគុណចំពោះការចាប់អារម្មណ៍របស់លោកស្រី ដែលមានបំណងគ្រោងទៅជួបបងប្អូនជនភៀសខ្លួននៅព្រំដែន។ សម្តេចប្រមុខរដ្ឋស្តីទី ចាត់ទុកដំណើរទស្សនកិច្ចរបស់លោកស្រីនៅកម្ពុជា ជាពិសេសការគ្រោងទៅសួរសុខទុក្ខបងប្អូនភៀសសឹក គឺជាការបង្ហាញយ៉ាងច្បាស់ពីជំហររបស់លោកស្រីក្នុងការគាំទ្រដល់សន្តិភាពដែលមិនចង់ឃើញសង្គ្រាមកើតឡើង។ បន្ថែមពីនេះ សម្តេច ផ្ញើសារតាមរយៈលោកស្រី ល្វីស មូស៊ីគីវ៉ាបូ ទៅកាន់ថ្នាក់ដឹកនាំដែលត្រូវអញ្ជើញមកចូលរួមក្នុងកិច្ចប្រជុំហ្វ្រង់កូហ្វូនីនៅខែវិច្ឆិកាខាងមុខ កុំឱ្យមានការព្រួយបារម្ភ ដ្បិតកម្ពុជាមានបញ្ហាជម្លោះព្រំដែនជាមួយថៃ តែមិនជះឥទ្ធិពលដល់កិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះទេ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត