
រាជធានីភ្នំពេញ៖ ខែមករា និងខែកុម្ភៈ ឆ្នាំ២០២៦ ចំនួនភ្ញៀវទេសចរបរទេសទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទនានាក្នុងខេត្តសៀមរាប មានត្រឹមតែជាង១៨ម៉ឺននាក់ ធ្លាក់ចុះដល់ទៅប្រមាណ៣២ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ នេះបើតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចុះកាលបរិច្ឆេទថ្ងៃទី១មីនា។

របាយការណ៍របស់គ្រឹះស្ថានអង្គរ បានបង្ហាញថា ការធ្លាក់ចុះនៃចំនួនភ្ញៀវទេសចរទិញសំបុត្រចូលទស្សនាចូលទស្សនារមណីយដ្ឋានអង្គរ ប្រាសាទកោះកែរ ប្រាសាទបេងមាលា ភ្នំក្បាលស្ពាន និងកំពង់ផែចុងឃ្នៀស ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៦ ក៏ធ្វើឱ្យចំណូលធ្លាក់ចុះដូចគ្នា ដោយរកបានត្រឹមតែប្រមាណ៩,១លានដុល្លារ ថយចុះចំនួន៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២៥។

ចំនួនភ្ញៀវទៅប្រាសាទកោះកែររយៈពេល២ខែនេះ មានចំនួនជាង៤,៣ពាន់នាក់ ទទួលបានចំណូលជាង៦,៥ម៉ឺនដុល្លារ រីឯចំនួនភ្ញៀវទិញសំបុត្រចូលប្រាសាទបេងមាលារយៈពេលដូចគ្នា មានចំនួនជាង៤,២ពាន់នាក់ ទទួលបានចំណូល៤,២ម៉ឺនដុល្លារ។ យ៉ាងណា របាយការណ៍របស់គ្រឹះស្ថានអង្គរ មិនបានបញ្ជាក់ពីមូលហេតុជាក់លាក់ណាមួយដែលធ្វើឱ្យចំនួនភ្ញៀវទិញសំបុត្រចូលទស្សនារមណីដ្ឋានអង្គរ ធ្លាក់ចុះនោះទេ។ SBM News ព្យាយាមទាក់ទងសុំការអត្ថាធិប្បាយពីមូលហេតុនៃការធ្លាក់ចុះ ពីលោក ជុំ សុភមករា អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប៉ុន្តែលោកមិនទទួលទូរសព្ទ។ សូមជម្រាបថា ខេត្តសៀមរាប ជាប៉ូលទេសចរណ៍មួយដ៏សំខាន់របស់កម្ពុជា ដែលមានប្រាសាទអង្គរវត្ត ជាសម្បត្តិបេតិកភណ្ឌពិភពលោក និងមានតំបន់ទេសភាពធម្មជាតិ ព្រមទាំងអេកូទេសចរណ៍ជាច្រើនកន្លែងទៀត សម្រាប់ភ្ញៀវទេសចរមកទស្សនាកម្សាន្ត៕




