មន្រ្តីអង្គការសហប្រជាជាតិ បន្តគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា
L
Linda Sorn
13 ម៉ោងមុន

រាជធានីភ្នំពេញ៖ លោកស្រី វ្លាដានកា អានឌ្រីវា (Vladanka Andreeva) អ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា បានបញ្ជាក់ពីការបន្តគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា។ ការលើកឡើងរបស់លោកស្រីធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នាថ្ងៃទី២មីនា ឆ្នាំ២០២២៦។

លោកស្រី វ្លាដានកា អានឌ្រីវា បានសម្ដែងសេចក្ដីសោមនស្សរីករាយដែលបានវិលត្រឡប់មកបំពេញបេសកកម្មការងារនៅកម្ពុជាជាលើកទី២។ លោកស្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងក្រសួង-ស្ថាប័នពាក់ព័ន្ធកម្ពុជា ជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិប្រចាំនៅកម្ពុជា នាពេលកន្លងមក។ ក្នុងការកាន់តំណែងជាអ្នកសម្របសម្រួលអង្គការសហប្រជាជាតិថ្មី ប្រចាំកម្ពុជា លោកស្រីបានជម្រាបជូនសម្ដេចធិបតីថា ទីភ្នាក់ងារនានា របស់អង្គការសហប្រជាជាតិនៅកម្ពុជានឹងបន្តភាពសកម្មរបស់ខ្លួន ដើម្បីបន្តពង្រឹងភាពជាដៃគូជាមួយក្រសួង-ស្ថាប័នកម្ពុជា សំដៅគាំទ្រដល់ដំណើរការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ជាពិសេសការបង្កើតការងារ, ការបង្កើនជំនាញបន្ថែម និងការកសាងមូលធនមនុស្ស។ លោកស្រីបន្តថា អង្គការសហប្រជាជាតិក៏ចង់ឃើញកម្ពុជា និងថៃ ដោះស្រាយបញ្ហាព្រំដែនជាមួយគ្នា ដោយសន្តិវិធី ដោយគោរពតាមធម្មនុញ្ញនៃអង្គការសហប្រជាជាតិ និងច្បាប់អន្តរជាតិផងដែរ។

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានវាយតម្លៃខ្ពស់ចំពោះតួនាទីក្នុងភាពជាដៃគូរបស់អង្គការសហប្រជាជាតិ ក្នុងការគាំទ្រដល់ការរីកចម្រើនសង្គម-សេដ្ឋកិច្ចនៅកម្ពុជា ក៏ដូចជាការបន្តការគាំទ្ររបស់អង្គការសហប្រជាជាតិនៅកម្ពុជា ក្នុងដំណើរការនៃការចាកចេញពីចំណាត់ក្រុមប្រទេសដែលមានការអភិវឌ្ឍតិចតួច (LDC) ក្នុងឆ្នាំ២០២៩។ ជាមួយគ្នា សម្តេចថែមទាំងបានជម្រាបជូនលោកស្រី វ្លាដានកា អានឌ្រីវា អំពីការវិវត្តថ្មីៗនៃស្ថានការណ៍តាមបណ្ដោយព្រំដែនកម្ពុជា-ថៃ ដោយគូសបញ្ជាក់អំពីជំហររបស់កម្ពុជានៅក្នុងការបន្តប្រកាន់យកការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី ផ្អែកលើច្បាប់អន្តរជាតិ សន្ធិសញ្ញា និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់រវាងប្រទេសទាំងពីរ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត