
មជ្ឈិមបូព៌ា៖ តម្លៃប្រេងឆៅលើទីផ្សារអន្តរជាតិ បានហក់ឡើងខ្ពស់បំផុត ចាប់ពីព្រឹកថ្ងៃទី២ខែមីនានេះទៅ បន្ទាប់ពីសង្គ្រាមអ៊ីរ៉ង់ម្នាក់ឯង ទប់ទល់ជាមួយអ៊ីស្រាអែល-អាម៉េរិកទាំងពីរ បានផ្ទុះឡើងយ៉ាងសាហាវ ហើយថែមទាំងជះឥទ្ធិពលដល់តំបន់ និងប្រទេសផ្សេងទៀត។

ការវាយប្រហារតាមអាកាស និងការបាញ់គ្រាប់មីស៊ីលស្រោចពាសពេញតំបន់មជ្ឈិមបូព៌ា បានបណ្ដាលឱ្យនាវាដឹកប្រេងជាច្រើនរងការខូចខាត និងធ្វើឱ្យចរាចរណ៍ដឹកជញ្ជូនថាមពលសកលត្រូវជាប់គាំង។ តម្លៃប្រេងឆៅប្រភេទ Brent (ប្រេន) បានហក់ឡើងដល់ ៨២,៣៧ដុល្លារក្នុង១បារ៉ែល កើនឡើង ៨,៨៨ភាគរយ ខណៈប្រេងឆៅប្រភេទ West Texas Intermediate (WTI) របស់អាម៉េរិក ត្រូវបានជួញដូរក្នុងតម្លៃ ៧៥,៣៣ដុល្លារ កើនឡើង៨ភាគរយ។ វិបត្តិសេដ្ឋកិច្ចនេះ បានផ្ទុះឡើងកាន់តែខ្លាំង ក្រោយមរណភាពរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាលី ខាមេណេ ដែលជំរុញឱ្យអ៊ីរ៉ង់បើកការវាយបក និងព្រមានបិទច្រកសមុទ្រ Hormuz (ហរមូស) ដែលជាសរសៃឈាមដឹកជញ្ជូនប្រេងដ៏សំខាន់បំផុតរបស់ពិភពលោក។

បច្ចុប្បន្ន ក្រុមហ៊ុនប្រេងខ្នាតយក្ស និងម្ចាស់នាវាដឹកជញ្ជូនភាគច្រើន បានសម្រេចផ្អាកការដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិ (LNG) តាមច្រកសមុទ្រ Hormuz ជាបណ្ដោះអាសន្ន ដើម្បីសុវត្ថិភាព។ អ្នកជំនាញសេដ្ឋកិច្ចថាមពលបានព្រមានថា ប្រសិនបើច្រកសមុទ្រនេះត្រូវបានបិទទាំងស្រុង ពិភពលោកនឹងត្រូវបាត់បង់ការផ្គត់ផ្គង់ប្រេងចន្លោះពី ៨ ទៅ ១០លានបារ៉ែលក្នុង១ថ្ងៃ ដែលនឹងធ្វើឱ្យតម្លៃប្រេងបន្តហក់ឡើងកាន់តែខ្ពស់ និងបង្កឱ្យមានអតិផរណាធ្ងន់ធ្ងរដល់សេដ្ឋកិច្ចសកល៕




