
រាជធានីភ្នំពេញ៖ ជនសង្ស័យ២នាក់ជាមុខសញ្ញាកាច់-កម៉ូតូ យ៉ាងសកម្មក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានកម្លាំងសមត្ថកិច្ចក្រសោបជាប់ នៅចំណុចផ្លូវ៤៨៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ។ នេះបើតាមការឱ្យដឹងពីនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី០១មីនា ឆ្នាំ២០២៦...។

មន្ត្រីនាយកដ្ឋានបានបង្ហាញរបាយការណ៍ឱ្យដឹងថា លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ចាត់កម្លាំងការិយាល័យជំនាញបើកការស៊ើបអង្កេត ស្រាវជ្រាវករណីកាច់-កម៉ូតូពលរដ្ឋ រហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យពីរនាក់ រួមមាន៖ ទី១.ឈ្មោះ ធឿន វុទ្ធី ហៅម៉ៅ អាយុ៣៣ឆ្នាំ និងទី២.ឈ្មោះ ឃឹម ចាន់ឌី ហៅឌី អាយុ២៦ឆ្នាំ។

ជាមួយគ្នា សមត្ថកិច្ចបានធ្វើការដកហូតម៉ូតូម៉ាក Yamaha Mslaz ចំនួនមួយគ្រឿង និងម៉ូតូមួយគ្រឿងទៀត ម៉ាក ហុងដា ស្កុបពី ពណ៌-ស ត្រូវបានប្រគល់ជូនជនរងគ្រោះវិញ រីឯឧបករណ៍បម្រើឱ្យការប្រព្រិត្តិបទល្មើសមួយចំនួនទៀត ក៏ត្រូវបានសមត្ថកិច្ចដកហូតផងដែរ។ បច្ចុប្បន្ន កម្លាំងជំនាញ បាននាំខ្លួនជនសង្ស័យខាងលើយកទៅសាកសួរព័ត៌មានបន្ថែម ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់ជាធរមាន៕





