ចៅហ្វាយខេត្តព្រះសីហនុ ប្រាប់មន្ត្រីបោសសម្អាតឱ្យអស់ទីតាំងឆបោកលុយ​នៅក្រុងកោះរ៉ុង
ហាក់ អ៊ីឌី
4 ម៉ោងមុន

ក្រុងព្រះសីហនុ៖ លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យមន្ត្រីក្រោមឱវាទ ដាច់ខាតត្រូវបោសសម្អាតឱ្យអស់ទីតាំងឆបោកលុយឆ្លងប្រទេស ឬ (Online Scams) ចេញពីទឹកដីក្រុងកោះរ៉ុង ដើម្បីធានាថា ទីនោះជាតំបន់ប្រកបដោយសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ...។

ថ្លែងក្នុងកិច្ចប្រជុំជាមួយមន្ត្រីរាជការក្នុងជួររដ្ឋបាលក្រុងកោះរ៉ុង កាលពីថ្ងៃទី២៨កុម្ភៈ ឆ្នាំ២០២៦ លោក ម៉ាង ស៊ីណេត បានដាក់ចេញនូវវិធានការម៉ឺងម៉ាត់ ចំពោះគ្រប់ទម្រង់នៃបទល្មើសបច្ចេកវិទ្យា ឬការឆបោកតាមប្រព័ន្ធអនឡាញ និងល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ “មិនត្រូវឱ្យមានដាច់ខាត” នៅលើទឹកដីក្រុងកោះរ៉ុង។ ហើយ កងកម្លាំងសមត្ថកិច្ច ត្រូវបង្កើនការត្រួតពិនិត្យ និងតាមដានរាល់សកម្មភាពសង្ស័យ ធានាថា ទីក្រុងកោះរ៉ុង ជាតំបន់ប្រកបដោយសុវត្ថិភាពខ្ពស់បំផុត សម្រាប់អ្នកវិនិយោគ និងភ្ញៀវទេសចរ។

លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ
លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ

លោកអភិបាលខេត្ត បន្តថា គោលដៅចម្បងរបស់រដ្ឋបាលខេត្ត គឺចង់ឃើញក្រុងកោះរ៉ុង រីកចម្រើនទៅមុខតាមរយៈការទាក់ទាញវិនិយោគទុន លើវិស័យសណ្ឋាគារ រីសត និងហេដ្ឋារចនាសម្ព័ន្ធស្អាតៗ សេវាកម្មទេសចរណ៍ បង្កើនគុណភាពសេវាកម្ម ដើម្បីឱ្យកោះរ៉ុងក្លាយជាគោលដៅទេសចរណ៍លំដាប់ថ្នាក់អន្តរជាតិ និងប្រាកដថា កោះរ៉ុង ត្រូវតែជាទីកន្លែងសម្រាប់តែការសម្រាកកម្សាន្ត និងការអភិវឌ្ឍសេដ្ឋកិច្ចបៃតងប៉ុណ្ណោះ។ បន្ថែមលើនេះ លោក ម៉ាង ស៊ីណេត អំពាវនាវយ៉ាងទទូចដល់ម្ចាស់ទីតាំងអាជីវកម្ម ត្រូវចូលរួមថែរក្សាបរិស្ថាន និងត្រូវមានប្រព័ន្ធគ្រប់គ្រងកាកសំណល់ឱ្យបានត្រឹមត្រូវ និងមិនត្រូវបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្ទឡើយ៕ 

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត