
រាជធានីភ្នំពេញ៖ ស្ថិតក្នុងគ្រាដ៏លំបាកដែលប្រទេសជាតិបានទទួលរងនូវសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយចំនួននៅតាមបណ្តោយព្រំដែន ត្រូវបានរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់ ដល់ការការពារ ថែរក្សា និងលើកតម្លៃចំពោះវប្បធម៌អារ្យធម៌ជាតិ រាជរដ្ឋាភិបាល បានសម្រេចរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ដោយនៅតែបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ»...។

សារាចរស្ដីពីការរៀបចំទិវាវប្បធម៌ជាតិ ៣មីនា លើកទី២៨ ឆ្នាំ២០២៦ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ការសម្រេចបន្តរក្សាប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» ក្នុងទិវាវប្បធម៌ជាតិ គឺដើម្បីរំលេចអំពីកាតព្វកិច្ចចាំបាច់របស់យុវជនបន្តវេន ក្នុងការការពារ អភិរក្ស និងអភិវឌ្ឍវប្បធម៌ប្រកបដោយចីរភាព និងបរិយាបន្ន ដើម្បីលើកកម្ពស់មនសិកាស្នេហាជាតិ, ភាពជាម្ចាស់នៃកេរដំណែលវប្បធម៌, និងភាពជាពលរដ្ឋក្នុងសង្គមដែលមានអារ្យធម៌ខ្ពស់ ប្រកបដោយសីលធម៌ សមធម៌ និងបរិយាបន្ន សំដៅធានាបាននូវសុខដុមរមនាសង្គម សេចក្តីថ្លៃថ្នូរ និងកិត្យានុភាពជាតិ ចូលរួមកសាងកម្ពុជាជាអរិយប្រទេស។ វាក៏ជាការបំផុសឱ្យប្រជាជនកម្ពុជាគ្រប់រូប ជាពិសេសយុវជន ចូលរួមជាកម្លាំងចលករ ក្នុងកិច្ចការពារ លើកស្ទួយ និងអភិវឌ្ឍវប្បធម៌ជាតិ រួមទាំងវប្បធម៌ចម្រុះរបស់សហគមន៍ជនជាតិដើមភាគតិចនៅកម្ពុជាឱ្យបានស្ថិតស្ថេរគង់វង្ស និងរីកចម្រើន ដោយមិនប្រកាន់នូវនិន្នាការនយោបាយ ជំនឿ សាសនា ពណ៌សម្បុរ។

ពេលវេលាសម្រាប់ប្រារព្ធទិវាវប្បធម៌ជាតិ លើកទី២៨ ត្រូវបានកំណត់យកចន្លោះចាប់ពីថ្ងៃទី៣ ខែមីនា រហូតដល់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ ដើម្បីជំរុញការផ្សព្វផ្សាយកាន់តែច្បាស់ពីអត្ថន័យ នៃទិវាវប្បធម៌ជាតិ ក៏ដូចជាសារសំខាន់នៃការថែរក្សា ការពារ និងលើកតម្លៃមរតកវប្បធម៌ជាតិ ដល់ប្រជាជនកម្ពុជាកាន់តែទូលំទូលាយ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានណែនាំដល់ក្រសួងវប្បធម៌ ត្រូវរៀបចំឯកសារពាក់ព័ន្ធ ដើម្បីឃោសនាផ្សព្វផ្សាយអំពីទិវាវប្បធម៌ជាតិ ហើយត្រូវណែនាំដល់អាជ្ញាធរជាតិអប្សរា អាជ្ញាធរជាតិព្រះវិហារ អាជ្ញាធរជាតិសំបូរព្រៃគុក គ្រប់មន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានី-ខេត្ត ឱ្យរៀបចំផ្សព្វផ្សាយសមិទ្ធផលការងារសំខាន់ៗពាក់ព័ន្ធនឹងការអភិរក្ស ការលើកស្ទួយ និងការអភិវឌ្ឍប្រកបដោយចីរភាពនៅក្នុងតំបន់បេតិកភណ្ឌពិភពលោក និងរមណីយដ្ឋានវប្បធម៌នានា រួមទាំងកម្មវិធីផ្សេងៗទៀត ដើម្បីអបអរទិវាវប្បធម៌ជាតិនៅមូលដ្ឋានរបស់ខ្លួន។

សម្ដេចនាយករដ្ឋមន្រ្តី ក៏បានណែនាំផងដែរដល់ក្រសួងពាក់ព័ន្ធ ត្រូវណែនាំដល់បណ្ដាញសារព័ត៌មានទាំងអស់ ចូលរួមផ្សព្វផ្សាយឱ្យទូលំទូលាយនូវព្រឹត្តិការណ៍នេះ ខណៈក្រសួងអប់រំ និងក្រសួងវប្បធម៌ ត្រូវសហការផ្សព្វផ្សាយវប្បធម៌ជាតិដល់សិស្ស និស្សិត ព្រមទាំងបំផុសឱ្យមានសកម្មភាពបង្ហាញ និងប្រតិបត្តិប្រពៃណី ទំនៀមទម្លាប់ និងវប្បធម៌ជាតិ នៅតាមគ្រឹះស្ថានសិក្សាអប់រំរដ្ឋ និងឯកជន។ ចំណែក ក្រសួងទេសចរណ៍ ត្រូវផ្សព្វផ្សាយវប្បធម៌ជាតិ និងខ្លឹមសារទិវាវប្បធម៌ជាតិដល់ភ្ញៀវជាតិ និងអន្តរជាតិ តាមរយៈទីភ្នាក់ងារទេសចរណ៍៕



