
ក្រុងដូនកែវ៖ មន្រ្តីក្រសួងបរិស្ថានបានបន្តពិនិត្យ តាមដាន ក្រុមហ៊ុនគ្រប់គ្រងទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជន ស្ថិតនៅភូមិព្រិច សង្កាត់រការក្នុង ក្រុងដូនកែវ ខេត្តតាកែវ ករណីបើមន្ត្រីជំនាញរកឃើញថា នៅតែបង្កផលប៉ះពាល់ដល់បរិស្ថាន និងការរស់នៅរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានបន្តទៀត នោះនឹងដកហូតអាជ្ញាបណ្ណ បិទលែងឱ្យធ្វើអាជីវកម្មតែម្ដង។

មន្រ្តីក្រសួងបរិស្ថាន កាលពីថ្ងៃទី២៨កុម្ភៈ បានឱ្យដឹងថា កន្លងមក មន្ត្រីជំនាញបានចុះត្រួតពិនិត្យទីតាំងទីលានចាក់សំរាម សំណល់រឹងទីប្រជុំជនក្នុងក្រុងដូនកែវ រកឃើញ ការគ្រប់គ្រងសំណល់មិនត្រឹមត្រូវតាមគោលការណ៍បច្ចេកទេស និងច្បាប់ ដោយបានបង្កឱ្យមានការឆេះជាបន្តបន្ទាប់ ហើយផ្សែង និងក្លិន បានប៉ះពាល់ដល់បរិយាកាស ក៏ដូចជាការរស់នៅរបស់ពលរដ្ឋនៅក្បែរនោះ។ ក្រោយការរកឃើញពីផលប៉ះពាល់ ក្រសួងបានពិន័យម្ចាស់ទីតាំង ដោយយោងតាមក្រមបរិស្ថាន និងធនធានធម្មជាតិ ក្នុងនោះតម្រូវឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដុតនៅទីតាំងចាក់សំណល់ឱ្យមានប្រសិទ្ធភាព ចាប់ពីពេលនេះតទៅ។

លើសពីនេះ ត្រូវរៀបចំរបាយការណ៍វាយតម្លៃហេតុប៉ះពាល់បរិស្ថានដំបូង ដាក់ជូនក្រសួងបរិស្ថានពិនិត្យ និងផ្ដល់យោបល់។ មួយវិញទៀត ត្រូវមានវិធានការតាមដានត្រួតពិនិត្យជាប្រចាំ ដើម្បីទប់ស្កាត់ការឆេះទីលាន និងត្រៀមឧបករណ៍បម្រុងសម្រាប់ពន្លត់ភ្លើងឱ្យបានឆាប់រហ័សនៅពេលមានភ្លើងឆេះទីលាន៕




