
រដ្ឋធានីតេហេរ៉ង់៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បានប្រកាសជាផ្លូវការនៅថ្ងៃអាទិត្យនេះថា មេដឹកនាំកំពូល លោក អាយ៉ាតូឡា អាលី ខាមេនី ក្នុងជន្មាយុ៨៦ឆ្នាំ ត្រូវបានបាត់បង់ជីវិត កាលពីថ្ងៃទី២៨ ខែកុម្ភៈ នៅក្នុងការវាយប្រហារតាមអាកាសយ៉ាងធ្ងន់ធ្ងរពីសំណាក់សហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល ដែលបានកម្ទេចវិមានស្នាក់នៅរបស់លោកក្នុងរដ្ឋធានីតេហេរ៉ង់។

មរណភាពនេះ បានបិទបញ្ចប់ការកាន់អំណាចរយៈពេល៣៦ឆ្នាំ ដែលត្រូវបានគេស្គាល់ថា ជាយុគសម័យនៃកណ្តាប់ដៃដែក និងការប្រឆាំងនឹងលោកខាងលិច យ៉ាងខ្លាំងក្លាបំផុត។ លោក ខាមេនី បានឡើងកាន់តំណែងជាមេដឹកនាំកំពូលតាំងពីឆ្នាំ១៩៨៩ បន្ទាប់ពីមរណភាពរបស់ស្ថាបនិកបដិវត្តន៍ឥស្លាម លោក អាយ៉ាតូឡា រូហ៊ុលឡា ខាមេនី (Ayatollah Ruhollah Khomeini)។ ទោះបីជាដំបូងឡើយ លោកត្រូវបានគេមើលរំលងថា ជាមេដឹកនាំដែលទន់ជ្រាយ និងខ្វះការសម្រេចចិត្ត ប៉ុន្តែលោកបានប្រែក្លាយខ្លួនទៅជាបុគ្គលដែលមានឥទ្ធិពលបំផុតម្នាក់ ក្នុងប្រវត្តិសាស្ត្រអ៊ីរ៉ង់ ១០០ឆ្នាំចុងក្រោយ តាមរយៈការគ្រប់គ្រងអំណាចយ៉ាងណែនក្នុងដៃ និងការបោសសម្អាតរាល់ចលនាបះបោរក្នុងស្រុក។

ពេញមួយអាណត្តិដឹកនាំ លោក ខាមេនី បានរក្សាជំហររឹងត្អឹងដោយមិនចុះញ៉មនឹងសហរដ្ឋអាម៉េរិកឡើយ សូម្បីតែក្រោយពេល លោក ដូណាល់ ត្រាំ ឡើងកាន់តំណែងជាប្រធានាធិបតីអាម៉េរិក អាណត្តិទី២ ក្នុងឆ្នាំ២០២៥ ក៏ដោយ។ កាលពីខែមករាកន្លងទៅ ចំពេលមានរលកបាតុកម្មទាមទារទម្លាក់របបផ្តាច់ការ លោក ខាមេនី បានប្តេជ្ញាយ៉ាងមុតមាំថា អ៊ីរ៉ង់នឹងមិនចុះចាញ់សត្រូវជាដាច់ខាត។ ទោះជាយ៉ាងណា អ្នករិះគន់បានលើកឡើងថា នយោបាយរឹងត្អឹងរបស់លោក បានធ្វើឱ្យអ៊ីរ៉ង់ស្ថិតក្នុងភាពឯកោពីពិភពលោក និងរារាំងរាល់មហិច្ឆតារបស់ប្រធានាធិបតីជាប់ឆ្នោតជាច្រើនរូប ដែលចង់បើកចំហគោលនយោបាយជាតិឱ្យកាន់តែប្រសើរឡើង៕


