ត្រាំ ប្រកាសពីមរណភាពមេដឹកនាំកំពូលអ៊ីរ៉ង់ ខណៈការវា.យប្រ.ហា.រស.ម្លា.ប់មនុស្សជាង២០០នាក់
N
Nary Vann
5 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានធ្វើការប្រកាសដ៏ភ្ញាក់ផ្អើល ដោយអះអាងថា មេដឹកនាំកំពូលអ៊ីរ៉ង់ លោក អាយ៉ាតូឡា ខាមេនី (Ayatollah Ali Khamenei) បានទទួលមរណភាពហើយ។ ការប្រកាសនេះ ធ្វើឡើងបន្ទាប់ពីកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាម៉េរិក បើកប្រតិបត្តិការវាយប្រហារតាមអាកាស ក្នុងកម្រិតមិនធ្លាប់មាន ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់២០១នាក់ និងបង្ករបួសដល់មនុស្សជាង៧០០នាក់ផ្សេងទៀត...។

លោក អាយ៉ាតូឡា ខាមេនី Ayatollah Ali Khamenei
លោក អាយ៉ាតូឡា ខាមេនី Ayatollah Ali Khamenei

យោងតាមសេចក្តីរាយការណ៍ពីទីភ្នាក់ងារ AFP សំឡេងអបអរសាទរបានបន្លឺឡើងនៅតាមដងផ្លូវក្នុងរដ្ឋធានីតេហេរ៉ង់ ស្របពេលមានផ្សែងខ្មៅហុយទ្រលោមចេញពីតំបន់ Pasteur ជាកន្លែងស្នាក់នៅរបស់មេដឹកនាំកំពូលលោក អាយ៉ាតូឡា ខាមេនី។ ទន្ទឹមនោះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់ បញ្ជាក់ថា សមាជិកគ្រួសាររបស់លោក អាយ៉ាតូឡា ខាមេនី ជាច្រើននាក់ រួមទាំងកូនស្រី ចៅ និងកូនប្រសា បានស្លាប់ក្នុងមហន្តរាយនេះផងដែរ។ លោក ត្រាំ បានផ្ញើសារយ៉ាងមុតស្រួចនៅលើបណ្ដាញ Truth Social ថា៖«លោក អាយ៉ាតូឡា ខាមេនី ជាបុគ្គលដ៏អាក្រក់បំផុតម្នាក់ក្នុងប្រវត្តិសាស្ត្រ បានស្លាប់ហើយ។ នេះគឺជាឱកាសដ៏ធំបំផុតសម្រាប់ប្រជាជនអ៊ីរ៉ង់ ក្នុងការដណ្ដើមយកប្រទេសរបស់ពួកគេត្រឡប់មកវិញ»។ 

ស្របពេលជាមួយគ្នា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក ប៊េនចាមីន នេតាន់យ៉ាហ៊ូ ក៏បានជំរុញឱ្យពលរដ្ឋអ៊ីរ៉ង់ ក្រោកឈរផ្ដួលរំលំរបបដឹកនាំ ដើម្បីអនាគតថ្មីរបស់ពួកគេ។ តែទោះជាយ៉ាងណា ខាងភាគីអ៊ីរ៉ង់នៅមិនទាន់បានចេញសេចក្តីថ្លែងការណ៍ផ្លូវការបញ្ជាក់ពីមរណភាពរបស់មេដឹកនាំកំពូលនៅឡើយទេ ប៉ុន្តែបានសារភាពថា មនុស្សជាង២០០នាក់ បានបាត់បង់ជីវិត រួមទាំងការវាយប្រហារចំសាលារៀនមួយខ្នង ដែលសម្លាប់មនុស្សដល់ទៅ១០៨នាក់។ 

ជាការឆ្លើយតប អ៊ីរ៉ង់បានបាញ់គ្រាប់មីស៊ីលរាប់រយគ្រាប់ស្រោចពេញតំបន់មជ្ឈិមបូព៌ា បង្កឱ្យមានការផ្ទុះកក្រើកនៅតាមទីក្រុងធំៗក្នុងប្រទេសអារ៉ាប់រួម អារ៉ាបីសាអ៊ូឌីត ហ្សកដានី និងអ៊ីស្រាអែល ខណៈមន្ត្រីជាន់ខ្ពស់អ៊ីរ៉ង់ខ្លះ ព្យាយាមបដិសេធព័ត៌មានមរណភាពមេដឹកនាំកំពូល ប៉ុន្តែកងទ័ពអ៊ីស្រាអែលបានអះអាងថា ទីប្រឹក្សាជាន់ខ្ពស់ និងមេទ័ពឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាច្រើនរូប ត្រូវបានសម្លាប់រួចរាល់ហើយ៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត