
រដ្ឋធានីម៉ានីល៖ សីតុណ្ហភាពភូមិសាស្ត្រនយោបាយនៅដែនសមុទ្ទចិនខាងត្បូង កំពុងឡើងកម្ដៅ និងកាន់តែពុះកញ្ជ្រោល ក្រោយកងទ័ពជើងទឹកនៃអំណាចយោធា៣ទិស រួមមាន៖ ហ្វីលីពីន សហរដ្ឋអាម៉េរិក និងជប៉ុន ព្រួតដៃគ្នាធ្វើសមយុទ្ធយោធាយ៉ាងគគ្រឹកគគ្រេងផ្អើលអស់ហ្វូងមច្ឆជាតិ រញ្ជួយឋានភុជង្គនាគរយៈពេលពេញមួយសប្តាហ៍នេះ ដែលជាចុតហ្មាយព្រមានចំៗ ប្រឆាំងទៅនឹងការពង្រីកឥទ្ធិពលរបស់នាគរាជចិន។ នេះបើតាមការអះអាងរបស់យោធាហ្វីលីពីន នៅថ្ងៃសុក្រទី២៧កុម្ភៈនេះ...។

ចាប់តាំងពីឆ្នាំ២០២៣ ហ្វីលីពីនបានសហការជាមួយប្រទេសមួយចំនួន ដើម្បីទាមទារសិទ្ធិកាន់កាប់ និងសិទ្ធិគ្រប់គ្រងលើដែនសមុទ្ទថ្មប៉ប្រះទឹកនៅសមុទ្ទចិនខាងត្បូង ប៉ុន្តែ នាគរាជចិន អះអាងថា ទីនោះជាដែនដីនៃឋានភុជង្គនាគរបស់ខ្លួន និងបានដាក់ការគាបសង្កត់ផ្នែកយោធាលើនាវាហ្វីលីពីនជារឿយៗ ដោយរដ្ឋធានីប៉េកាំងទាមទារស្ទើរតែទាំងស្រុងនៃផ្លូវទឹក ដែលសម្បូរទៅដោយភោគទ្រព្យធម្មជាតិដ៏មហាសាល។ ក្នុងសេចក្តីថ្លែងការណ៍មួយ យោធាហ្វីលីពីនបញ្ជាក់ថា៖«សកម្មភាព[សមយុទ្ធ]រួមគ្នានេះ បញ្ជាក់ពីការប្តេជ្ញាចិត្តជាបន្តបន្ទាប់របស់កងកម្លាំងដៃគូ ដើម្បីបង្កើនអន្តរប្រតិបត្តិការ ពង្រឹងសន្តិសុខដែនសមុទ្ទ និងបង្កើនការយល់ដឹង អំពីដែនសមុទ្ទនៅក្នុងតំបន់»។

សូមជម្រាបថា ហ្វីលីពីនបានដាក់ពង្រាយនាវាចម្បាំង Antonio Luna, ឧទ្ធម្ភាគចក្រ, និងយន្តហោះចម្បាំងជាច្រើនគ្រឿង ខណៈជប៉ុនបានដាក់ពង្រាយយន្តហោះ P-3 Orion មួយគ្រឿង ទន្ទឹមនឹងសហរដ្ឋអាម៉េរិក បានបញ្ជូននាវាពិឃាតដឹកក្បាលគ្រាប់មីស៊ីល USS Dewey និងយន្តហោះ Poseidon មួយគ្រឿង ទៅកាន់ទីតាំងសមយុទ្ធរួមគ្នា។ សមយុទ្ធនេះ ត្រូវបានធ្វើឡើងក្រោមក្របខណ្ឌសកម្មភាព សហប្រតិបត្តិការដែនសមុទ្ទពហុភាគីរបស់ហ្វីលីពីន ដែលពីមុនមានការចូលរួមពីប្រទេសដទៃទៀត ដូចជា អូស្ត្រាលី កាណាដា និងនូវែលហ្សេឡង់។ លោកអនុសេនីយ៍ឯក ជេននីហ្វើរ ម៉ុនហ្វរតេ (Jennifer Monforte) កងនាវាចម្បាំងកងទ័ពជើងទឹកហ្វីលីពីន បានអះអាងថា៖«សមយុទ្ធនេះ មានគោលបំណងបង្កើនអន្តរប្រតិបត្តិការនៃកងកម្លាំងប្រដាប់អាវុធរបស់យើង ដើម្បីធានាបាននូវតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក សេរី និងបើកចំហ[..]»។

សូមជម្រាបថា សមយុទ្ធរួមគ្នានៃប្រទេសទាំងបី ត្រូវបានគេមើលឃើញថា ជាយុទ្ធសាស្ត្រឡោមព័ទ្ធ និងទប់ស្កាត់របស់ហ្វីលីពីន និងសម្ព័ន្ធមិត្ត ដើម្បីឆ្លើយតបទៅនឹងមហិច្ឆតាចង់ក្រសោបយកដែនទឹកម្នាក់ឯងរបស់រដ្ឋធានីប៉េកាំង ដែលតែងតែទាមទារជាម្ចាស់កម្មសិទ្ធិផ្តាច់មុខ លើផ្លូវទឹកដ៏មានសារសំខាន់មួយនេះ។ គួរបញ្ជាក់ថា គិតត្រឹមពេលវេលានៃការចុះផ្សាយនេះ នាគរាជចិន នៅមិនទាន់បញ្ចេញប្រតិកម្មទៅនឹងការធ្វើសមយុទ្ធយោធានៃសម្ព័ន្ធមិត្តត្រីភាគី«ហ្វីលីពីន-អាម៉េរិក-ជប៉ុន» ក្បែរឋានភុជង្គនាគដែលមេដឹកនាំចិនតែងអះអាងថា ជាមាត់រូងរបស់ខ្លួននោះនៅឡើយទេ៕







