មេដឹកនាំពិភពលោកចេញមុខប្រតិកម្មយ៉ាងខ្លាំងក្លា ក្រោយការវាយប្រហាររួមគ្នារវាងអាម៉េរិក និងអ៊ីស្រាអែល លើអ៊ីរ៉ង់
N
Nary Vann
5 ម៉ោងមុន

មជ្ឈិមបូព៌ា៖ ស្ថានភាពនៅមជ្ឈិមបូព៌ា បានឈានដល់ចំណុចរបត់ដ៏គ្រោះថ្នាក់បំផុត បន្ទាប់ពីសហរដ្ឋអាម៉េរិក និងអ៊ីស្រាអែល បើកការវាយប្រហារលើអ៊ីរ៉ង់កាលពីថ្ងៃទី២៨ ខែកុម្ភៈ ខណៈប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ប្ដេជ្ញាកម្ទេចសមត្ថភាពមីស៊ីល និងនុយក្លេអ៊ែររបស់រដ្ឋធានីតេហេរ៉ង់ឱ្យខាងតែបាន បណ្ដាលឱ្យមេដឹកនាំពិភពលោក បង្ហាញប្រតិកម្មចម្រុះគ្នា ដោយភាគច្រើនបង្ហាញពីការបារម្ភចំពោះមហន្តរាយសន្តិសុខសកល...។

មហាអំណាចអឺរ៉ុប រួមមាន៖ នាយករដ្ឋមន្ត្រីអង់គ្លេស​ លោក ឃា ស្តាមឺ, ប្រធានាធិបតីបារាំង លោក អេម៉ានូអែល ម៉ាក្រុង និងអធិការបតីអាល្លឺម៉ង់ លោក ហ្វ្រេដឌ្រីច មឺស (Friedrich Merz) បានចេញសេចក្តីថ្លែងការណ៍រួម ដោយអំពាវនាវឱ្យមានការចរចាឡើងវិញ និងស្វែងរកដំណោះស្រាយសន្តិភាព។ នៅក្នុងតំបន់មជ្ឈិមបូព៌ា សម្ព័ន្ធអារ៉ាប់ មាន២២ប្រទេស បានចាត់ទុកការវាយប្រហារសងសឹករបស់អ៊ីរ៉ង់ ថាជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យភាព។ ប្រទេសធ្លាប់ជាមិត្តជិតស្និទ្ធរបស់អ៊ីរ៉ង់ដូចជា ស៊ីរី (ក្រោមរដ្ឋាភិបាលថ្មី) ក៏បានងាកមកថ្កោលទោសអ៊ីរ៉ង់វិញដែរ ដើម្បីស្តារទំនាក់ទំនងជាមួយអាម៉េរិក និងមហាអំណាចសេដ្ឋកិច្ចក្នុងតំបន់។ អារ៉ាប៊ីសាអូឌីត និងអារ៉ាប់រួម ក៏បានថ្កោលទោសយ៉ាងចាស់ដៃ ចំពោះការឈ្លានពានរបស់អ៊ីរ៉ង់ ខណៈប្រទេសអូម៉ង់ ដែលជាអ្នកសម្របសម្រួលកិច្ចចរចា បានរិះគន់សកម្មភាពយោធារបស់អាម៉េរិក ថា ជាការរំលោភលើច្បាប់អន្តរជាតិ និងការដោះស្រាយវិវាទដោយការបង្ហូរឈាម។

ដោយឡែក មហាអំណាចរុស្ស៊ី និងចិន បានចេញមុខរិះគន់អាម៉េរិក និងអ៊ីស្រាអែលយ៉ាងខ្លាំង។ រុស្ស៊ី ហៅការវាយប្រហារនេះថា ជាអំពើឈ្លានពានដែលបានគ្រោងទុកជាមុន ក្នុងគោលបំណងផ្លាស់ប្ដូររបបដឹកនាំនៅអ៊ីរ៉ង់។ ចំណែកឯចិន បានអំពាវនាវឱ្យបញ្ឈប់សកម្មភាពយោធាបន្ទាន់ ដោយបញ្ជាក់ថា អធិបតេយ្យភាពរបស់អ៊ីរ៉ង់ ត្រូវតែទទួលបានការគោរព។ ផ្ទុយទៅវិញ កាណាដា និងនូវែលហ្សេឡង់ បានបង្ហាញជំហរគាំទ្រដោយប្រយោល ដោយនូវែលហ្សេឡង់លើកឡើងថា របបដឹកនាំអ៊ីរ៉ង់បានបាត់បង់ការគាំទ្រពីប្រជាជនខ្លួនជាយូរមកហើយ ខណៈនាយករដ្ឋមន្ត្រីកាណាដាលោក ម៉ាក ខានី បានហៅអ៊ីរ៉ង់ ថា ជាប្រភពចម្បងនៃអស្ថិរភាព និងភេរវកម្មនៅក្នុងតំបន់មជ្ឈិមបូព៌ា៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត