រូបភាពផ្កាយរណបបង្ហាញពីយោធាអាម៉េរិកសម្រុកជញ្ជូនគ្រឿងសឹកចម្បាំងទៅបំពេញមូលដ្ឋានទ័ពនៅអារ៉ាប៊ីសាអូឌីត ដើម្បីបើកសមរភូមិជាមួយអ៊ីរ៉ង់ ហើយក្រោយមក សង្គ្រាមក៏ផ្ទុះឡើងពិតមែន
ហៀប ស៊ីថេត
12 ម៉ោងមុន

មជ្ឈិមបូព៌ា៖ រូបភាពផ្កាយរណប បានបង្ហាញពីការកើនឡើងយ៉ាងគគ្រឹកគ្រេងនៃចំនួនយន្តហោះយោធា រួមទាំងយន្តហោះចាក់សាំងលើអាកាស នៅឯមូលដ្ឋានទ័ពអាកាសអារ៉ាប៊ីសាអូឌីត ដែលប្រើប្រាស់ដោយយោធាសហរដ្ឋអាម៉េរិក ចំពេលរដ្ឋធានីវ៉ាស៊ីនតោន កំពុងបង្កើនកម្លាំងទ័ព ដើម្បីលេងអ៊ីរ៉ង់មួយក្ឌាំង។ មិនមែនរៀបចំឱ្យខាតកម្លាំងទទេៗឡើយ! អាម៉េរិក និងអ៊ីស្រាអែល បានរួមដៃគ្នា បើកការវាយប្រហារលើអ៊ីរ៉ង់ពិតមែន នៅថ្ងៃ២៨កុម្ភៈនេះ។ 

ទោះបីជាអារ៉ាប៊ីសាអូឌីតជាសម្ព័ន្ធមិត្តយូរអង្វែងរបស់អាម៉េរិកក៏ដោយ ប៉ុ​ន្តែកាលពីខែមករា ប្រទេសសម្បូរដោយកំណប់ប្រេងមួយនេះ បានបញ្ជាក់ប្រាប់អ៊ីរ៉ង់ ថា ខ្លួននឹងមិនអនុញ្ញាតឱ្យប្រើប្រាស់ដែនអាកាស ឬទឹកដីរបស់ខ្លួនសម្រាប់សកម្មភាពយោធាប្រឆាំងនឹងរដ្ឋធានីតេហេរ៉ង់ឡើយ។ រូបភាពផ្កាយរណបកម្រិតច្បាស់មួយកាលពីថ្ងៃ២១កុម្ភៈ បានបង្ហាញវត្តមានយន្តហោះយ៉ាងហោចណាស់៤៣គ្រឿង នៅមូលដ្ឋានទ័ពអាកាស Prince Sultan ខណៈរូបភាពផ្កាយរណបកាលពីថ្ងៃ១៧កុម្ភៈ បានបង្ហាញថា មានត្រឹមតែ២៧គ្រឿងប៉ុណ្ណោះ។ ប្រភេទយន្តហោះសំខាន់ៗ រួមមាន៖ យន្តហោះចាក់សាំងលើអាកាសប្រភេទ Boeing KC-135 Stratotankers ចំនួន ១៣គ្រឿង​, យន្តហោះបញ្ជាការលើអាកាស ប្រភេទ Boeing E-3 Sentry ចំនួន ៦គ្រឿង និងយន្តហោះយោធាខ្នាតធំជាច្រើនគ្រឿងទៀត។  

រូបភាពផ្កាយរណបថ្មីៗនេះ ក៏បានបង្ហាញផងដែរថា អ៊ីរ៉ង់កំពុងជួសជុល និងពង្រឹងមូលដ្ឋានយោធារបស់ខ្លួន រួមទាំងទីតាំងយោធាដ៏រសើបមួយ ដែលត្រូវបានគេរាយការណ៍ថា ត្រូវបានអ៊ីស្រាអែលទម្លាក់គ្រាប់បែកកាលពីឆ្នាំ២០២៤កន្លងទៅ។ សូមជម្រាបថា មុនសង្គ្រាមផ្ទុះឡើង ប្រធានាធិបតីអាម៉េរិក លោក ដូណាល់ ត្រាំ ធ្លាប់ព្រមានរួចមកហើយថា អ៊ីរ៉ង់ត្រូវតែឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែ បើមិនដូច្នោះទេ រដ្ឋធានីតេហេរ៉ង់នឹងជួបគ្រោះធំជាក់ជាមិនខាន ខណៈកិច្ចព្រមព្រៀងនៅតែមានភាពស្រពេចស្រពិល៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត