
រដ្ឋធានីតេហេរ៉ង់៖ កិច្ចព្រមព្រៀងអាវុធដ៏រសើបរវាងរដ្ឋធានីតេអេរ៉ង់ និងរដ្ឋធានីប៉េកាំង កំពុងឈានដល់ដំណាក់កាលចុងក្រោយ ដែលអាចនឹងក្លាយជាការប្រែប្រួលយុទ្ធសាស្ត្រយោធាដ៏ធំមួយនៅក្នុងតំបន់មជ្ឈិមបូព៌ា ខណៈអ៊ីរ៉ង់ត្រូវបានរាយការណ៍ថា ជិតសម្រេចបានការបញ្ជាទិញមីស៊ីលប្រឆាំងនាវាល្បឿនលឿនជាងសំឡេង ប្រភេទ CM-302 ពីប្រទេសចិន...។

មីស៊ីលដ៏ទំនើបនេះ មានសមត្ថភាពអាចហោះក្នុងកម្ពស់ទាបបំផុត និងក្នុងល្បឿនយ៉ាងលឿន ធ្វើឱ្យប្រព័ន្ធការពាររបស់នាវាចម្បាំងពិបាកនឹងស្ទាក់ចាប់បាន ហើយវាបាញ់បានចម្ងាយរហូតដល់២៩០គីឡូម៉ែត្រ។ អ្នកជំនាញយោធា ចាត់ទុកការឈានជើងចូលនៃបច្ចេកវិទ្យានេះ ថាជាចំណុចរបត់ថ្មី ដែលនឹងក្លាយជាការគំរាមកំហែងផ្ទាល់ និងធ្ងន់ធ្ងរបំផុតចំពោះកងនាវាជើងទឹកអាម៉េរិក ដែលបច្ចុប្បន្នកំពុងដាក់ពង្រាយកងកម្លាំងយ៉ាងមហាសាលនៅក្បែរឆ្នេរសមុទ្ទអ៊ីរ៉ង់ ដើម្បីត្រៀមបើកការវាយប្រហារប្រសិនបើការចរចានុយក្លេអ៊ែរត្រូវបរាជ័យ។

ទន្ទឹមនឹងស្ថានភាពដ៏តានតឹងនេះ កិច្ចចរចាដែលបានចាប់ផ្ដើមតាំងពី២ឆ្នាំមុន បានហក់ឡើងដល់កម្រិតកំពូល បន្ទាប់ពីសង្គ្រាមរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ កាលពីឆ្នាំមុន ខណៈមន្ត្រីជាន់ខ្ពស់យោធាអ៊ីរ៉ង់ បានធ្វើដំណើរទៅកាន់ប្រទេសចិនជាសម្ងាត់ ដើម្បីពន្លឿនការផ្ទេរអាវុធទាំងនេះ។ ទោះបីជាសហរដ្ឋអាម៉េរិកក្រោមរដ្ឋបាល លោក ដូណាល់ ត្រាំ បានដាក់សម្ពាធយ៉ាងធ្ងន់ធ្ងរ និងព្រមានប្រើវិធានការយោធាក្ដៅបំផុតក៏ដោយ ប៉ុន្តែមន្ត្រីការបរទេសអ៊ីរ៉ង់ បានបញ្ជាក់យ៉ាងដាច់អហង្កាថា នេះគឺជាពេលវេលាដ៏សមស្របបំផុតសម្រាប់អ៊ីរ៉ង់ក្នុងការប្រើប្រាស់សម្ព័ន្ធភាពយោធាជាមួយចិន ដើម្បីការពារខ្លួន។ ប្រសិនបើកិច្ចព្រមព្រៀងនេះ ត្រូវបានអនុវត្តមែន វានឹងក្លាយជាការផ្គើននឹងទណ្ឌកម្មអាវុធរបស់អង្គការសហប្រជាជាតិ និងជាសញ្ញានៃការបង្កើតជញ្ជាំងការពារដែនសមុទ្ទថ្មីមួយ ដែលអាចរារាំងឥទ្ធិពលយោធាអាម៉េរិក នៅក្នុងដែនទឹកនៃតំបន់មជ្ឈិមបូព៌ាទាំងមូល៕



