
រាជធានីភ្នំពេញ៖ រដ្ឋមន្ត្រីការបរទេសកម្ពុជា-សិង្ហបុរី នឹងមានជំនួបផ្ទាល់មុខទ្វេភាគី ដើម្បីពង្រឹងចំណងមិត្តភាព និងពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ លើគ្រប់វិស័យដែលមានសក្តានុពល។ ជំនួបនេះ ត្រូវធ្វើឡើងក្នុងពេល លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា ទៅបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរី រយៈពេលពីរថ្ងៃ..។

ក្រសួងការបរទេស តាមរយៈសេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ចាកចេញពីកម្ពុជាទៅសិង្ហបុរី ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៥។ ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋសិង្ហបុរីរបស់រដ្ឋមន្ត្រីការបរទេសកម្ពុជា គឺធ្វើឡើងតបតាមការអញ្ជើញរបស់លោកបណ្ឌិត វីវៀន បាឡាគ្រីស្សណាន់ រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋសិង្ហបុរី។ ប្រមុខការទូតប្រទេសទាំងពីរ នឹងមានជំនួបពិភាក្សា ដើម្បីពង្រឹងចំណងមិត្តភាពដ៏ជិតស្និទ្ធបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសិង្ហបុរី។

អំឡុងពេលនៃទស្សនកិច្ចនេះ លោក ប្រាក់ សុខុន ក៏នឹងអញ្ជើញចូលជួបសម្ដែងការគួរសមជាមួយ លោក ឡរ៉េន វ៉ុង នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសិង្ហបុរីផងដែរ។ ក្រសួងការបរទេសចាត់ទុកថា ដំណើរទស្សនកិច្ចនេះ មានសារសំខាន់ជាពិសេស ខណៈប្រទេសទាំងពីរប្រារព្ធខួបលើកទី៦០ នៃការបង្កើតទំនាក់ទំនងការទូត។ មួយវិញទៀត ក៏បញ្ជាក់ជាថ្មីអំពីចំណងមិត្តភាពដ៏ជ្រាលជ្រៅ និងយូរអង្វែង កិច្ចសហប្រតិបត្តិការផ្តល់ប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ ព្រមទាំងការប្តេជ្ញាចិត្ត រួមគ្នា ក្នុងការជំរុញបន្ថែមទៀតនូវភាពជាដៃគូដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់៕





