សិង្ហបុរីសម្រេចទិញយន្តហោះល្បាតដែនសមុទ្ទ «Gulfstream G550» ៣គ្រឿង ចំពេលសន្តិសុខដែនទឹកកាន់តែផុយស្រួយ
ហៀប ស៊ីថេត
14 ម៉ោងមុន

សិង្ហបុរី៖ កងទ័ពអាកាសសិង្ហបុរី (RSAF) សម្រេចបញ្ជាទិញយន្តហោះល្បាតដែនសមុទ្ទប្រភេទ Gulfstream G550 ចំនួន៣គ្រឿង ដើម្បីពង្រឹងសមត្ថភាពផ្ដល់សញ្ញាព្រមានឱ្យបានទាន់ពេលវេលាចំពោះការគំរាមកំហែងតាមដែនសមុទ្ទ។ នេះបើយោងតាមការលើកឡើងរបស់រដ្ឋមន្ត្រីការពារជាតិ លោក ចាន ជុនស៊ីង (Chan Chun Sing) នៅថ្ងៃទី២៧ ខែកុម្ភៈ។

លោក ចាន បានថ្លែងនៅក្នុងសភាថា៖ «ការបញ្ជាទិញនេះ គឺដើម្បីគាំទ្រដល់បេសកកម្មរបស់កងទ័ពសិង្ហបុរី (SAF) ក្នុងការការពារខ្សែទំនាក់ទំនងតាមសមុទ្ទ ដែលជាផ្នែកមួយនៃបណ្តាញឃ្លាំមើលសន្តិសុខដែនសមុទ្ទរបស់សិង្ហបុរី»។ យន្តហោះល្បាតដែនសមុទ្ទប្រភេទ Gulfstream G550 មានសមត្ថភាពមិនធម្មតា។ វាត្រូវបានបំពាក់ដោយប្រព័ន្ធរ៉ាដា, កាមេរ៉ាអេឡិចត្រូនិក និងអ៊ីនហ្វ្រារ៉េដ(Infrared) ព្រមទាំងប្រព័ន្ធទំនាក់ទំនង និងឧបករណ៍ចាប់សញ្ញាទំនើបៗ ដែលអាចស្វែងរកកំណត់អត្តសញ្ញាណ និងតាមដានរាល់ការគំរាមកំហែងនានាតាមដែនសមុទ្ទ។ យន្តហោះនេះ មានតួខ្លួនប្រវែង ២៩,៨ម៉ែត្រ និងស្លាបសងខាងប្រវែង ២៨,៥ម៉ែត្រ ដោយអាចផ្ទុកអ្នកបើកបរ២នាក់ និងក្រុមការងារបច្ចេកទេសរហូតដល់៦នាក់។ ក្រៅពីនេះ លោក ចាន បានអះអាងថា សិង្ហបុរីក៏នឹងបន្តប្រើប្រាស់គ្រឿងយុទ្ធោបករណ៍គ្មានមនុស្សបើក ដោយភ្ជាប់ជាមួយប្រព័ន្ធបញ្ជាផ្ទាល់ផងដែរ៕

លោក ចាន ជុនស៊ីង 
លោក ចាន ជុនស៊ីង 
អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត