នាវាផ្ទុកយន្តហោះធំខ្នាតយក្ស USS Gerald R. Ford បោះពួយទៅមជ្ឈិមបូព៌ា ខណៈ ត្រាំ ត្រៀមវិធានការយោធាលើអ៊ីរ៉ង់
N
Nary Vann
18 ម៉ោងមុន

រដ្ឋធានីវ៉ាស៊ីនតោន៖ នាវាផ្ទុកយន្តហោះខ្នាតយក្សរបស់ពិភពលោក USS Gerald R. Ford ត្រូវបានបញ្ជាឱ្យចាកចាញពីសមុទ្ទការ៉ាប៊ីន សំដៅទៅកាន់មជ្ឈិមបូព៌ាភ្លាមៗ កាលពីថ្ងៃទី១២កុម្ភៈ ខណៈប្រធានាធិបតីអាម៉េរិក ដូណាល់ ត្រាំ កំពុងពិចារណា ថាតើត្រូវចាត់វិធានការយោធាប្រឆាំងនឹងអ៊ីរ៉ង់ ឬអត់? ដើម្បីបង្ខំឱ្យរដ្ឋធានីតេហេរ៉ង់យល់ព្រមលើកិច្ចព្រមព្រៀងនុយក្លេអ៊ែរថ្មី...។

 USS Gerald R. Ford
 USS Gerald R. Ford

វត្តមានរបស់នាវា USS Gerald R. Ford នឹងធ្វើឱ្យអាម៉េរិកមាននាវាផ្ទុកយន្តហោះដល់ទៅ២គ្រឿងក្នុងតំបន់តែមួយ រួមជាមួយនាវាចម្បាំងអមដំណើរជាច្រើនទៀត។ នាវាផ្ទុកយន្តហោះ USS Abraham Lincoln រួមជាមួយនាវាពិឃាតបំពាក់មីស៊ីលនាំផ្លូវចំនួន៣គ្រឿងផ្សេងទៀត បានទៅដល់មជ្ឈិមបូព៌ារួចជាស្រេច កាលពីជាង២សប្តាហ៍មុន។ នេះគឺជាការផ្លាស់ប្ដូរទិសដៅយ៉ាងរហ័សសម្រាប់នាវា USS Ford ដែលកាលពីខែតុលាឆ្នាំមុន លោក ត្រាំ បានបញ្ជូនពីសមុទ្ទមេឌីទែរ៉ាណេ ទៅកាន់តំបន់ការីប៊ីន ដើម្បីត្រៀមលក្ខណៈក្នុងប្រតិបត្តិការឆ្មក់ចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ។ ទោះជាយ៉ាងណា ការងាកមករកមជ្ឈិមបូព៌ានាពេលនេះ ហាក់ដូចជាខុសប្លែកពីយុទ្ធសាស្ត្រសន្តិសុខជាតិដំបូងរបស់ ត្រាំ ដែលធ្លាប់ផ្ដល់អាទិភាពខ្លាំងលើអឌ្ឍគោលខាងលិច (អាម៉េរិកឡាទីន)។

នាវា USS Ford បានចាប់ផ្ដើមបេសកកម្មតាំងពីចុងខែមិថុនា ឆ្នាំ២០២៥ ដែលមានន័យថា ក្រុមនាវិកបានបំពេញការងារអស់រយៈពេលជិត៨ខែមកហើយ។ ការបញ្ជូនទៅកាន់មជ្ឈិមបូព៌ាបន្តទៀត នឹងធ្វើឱ្យក្រុមនាវិកត្រូវស្ថិតក្នុងសមរភូមិរយៈពេលមួយដែលវែងខុសពីធម្មតា ខណៈមិនទាន់មានការបញ្ជាក់ច្បាស់ថា នាវានេះនឹងត្រូវប្រចាំការនៅទីនោះយូរប៉ុណ្ណាទេ។ រហូតមកដល់ពេលនេះ សេតវិមានមិនទាន់បានឆ្លើយតបជាផ្លូវការចំពោះសេចក្តីរាយការណ៍នេះនៅឡើយទេ ប៉ុន្តែកាលពីដើមសប្តាហ៍ លោក ត្រាំ បានប្រាប់សារព័ត៌មាន Axios (អេកស៊ីអូស) ថា លោកពិតជាកំពុងពិចារណាបញ្ជូនក្រុមនាវាចម្បាំងទីពីរទៅកាន់មជ្ឈិមបូព៌ាពិតមែន៕

អត្ថបទព័ត៌មានដែលអ្នកគួរអានបន្ត
អង្គភាពសារព័ត៌មាន SBM
ព័ត៌មាន អប់រំ មនុស្សធម៌ និងកម្សាន្ត