
មជ្ឈិមបូព៌ា៖ សហរដ្ឋអាម៉េរិក បានបញ្ចេញយន្តហោះចម្បាំងជាង៥០គ្រឿងទៅកាន់តំបន់មជ្ឈិមបូព៌ា ក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ ជាផ្នែកមួយនៃការបង្កើនសម្ពាធកម្លាំងអាកាស និងកងនាវាចម្បាំងយ៉ាងខ្លាំងក្លានៅបញ្ឈរចាំមុខផ្ទះអ៊ីរ៉ង។ នេះបើតាមមន្ត្រីសហរដ្ឋអាម៉េរិកម្នាក់ ទម្លាយប្រាប់កាសែត The Jerusalem Post នាថ្ងៃទី១៨ ខែកុម្ភៈ។

យន្តហោះចម្បាំងទំនើបៗ ដូចជា៖ ឥន្ទ្រីពិឃាត F-16, ស្តេចយន្តហោះចម្បាំង F-22 Raptor និងF-35 Lightning II ជាច្រើនគ្រឿង បានហោះសំដៅទៅកាន់តំបន់មជ្ឈិមបូព៌ា ដើម្បីឡោមព័ទ្ធអ៊ីរ៉ង់ ដែលជាការដាក់ពង្រាយសព្វាវុធយោធាដ៏ធំសម្បើម និងស្រួចស្រាវបំផុត។ ការបង្កើនកម្លាំងយោធារបស់អាម៉េរិក កើតឡើងក្នុងពេលកំពុងមានការចរចាលើកម្មវិធីនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ មន្ត្រីជាន់ខ្ពស់សហរដ្ឋអាម៉េរិកម្នាក់ប្រាប់កាសែត The Jerusalem Post ថា កិច្ចចរចានៅទីក្រុងហ្សឺណែវ មានវឌ្ឍនភាពខ្លះ ប៉ុន្តែនៅតែមានចំណុចខ្វះខាតជាច្រើន ដែលត្រូវពិភាក្សាបន្ត។ អ៊ីរ៉ង់បញ្ជាក់ថានឹងដាក់សំណើលម្អិតក្នុងរយៈពេល២សប្តាហ៍ខាងមុខ ដើម្បីបំពេញចន្លោះប្រហោងជាមួយសហរដ្ឋអាម៉េរិក។ «[..] មានកិច្ចប្រជុំល្អ ប៉ុន្តែចន្លោះប្រហោងនៅមានច្រើនណាស់។ ដូច្នេះ នៅមានការងារច្រើនដែលត្រូវធ្វើ ដើម្បីឈានដល់កិច្ចព្រមព្រៀង» នេះជាសម្តីរបស់មន្ត្រីអាម៉េរិក។

កាលពីខែមករា អាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះ យូអេសអេស អាប្រាហាំ លីនខូលន៍ (USS Abraham Lincoln) កងកម្លាំងដែនអាកាស នាវាចម្បាំង និងកងនាវាសំខាន់ៗផ្សេងទៀត ទៅដាក់ពង្រាយនៅតំបន់មជ្ឈិមបូព៌ា រួចបែរកាណុងភ្ជង់ទៅកាន់រដ្ឋធានីតេហេរ៉ង់។ រហូតចូលមកដល់ខែកុម្ភៈនេះ សហរដ្ឋអាម៉េរិកបានបញ្ជូននាវាផ្ទុកយន្តហោះធំជាងគេរបស់ខ្លួនមួយ គឺ យូអេសអេស ជើរ៉ាល់ អរហ្វដ (USS Gerald R. Ford) ទៅពូតផ្តុំកម្លាំងយោធានៅមជ្ឈិមបូព៌ា ដើម្បីត្រៀមទប់ទល់នឹងការប៉ះទង្គិចជាមួយកងកម្លាំងអ៊ីរ៉ង់ ក្នុងករណីកិច្ចចរចាបរាជ័យ។ ទាំងនេះចង្អុលបង្ហាញពីការត្រៀមខ្លួនរបស់សហរដ្ឋអាម៉េរិក សម្រាប់ធ្វើសង្គ្រាមទ្រង់ទ្រាយធំជាមួយអ៊ីរ៉ង់៕





