
តំបន់មជ្ឈិមបូព៌ា៖ សង្គ្រាមក្នុងតំបន់មជ្ឈិមបូព៌ានឹងផ្ទុះឡើងភ្លាម ប្រសិនបើសហរដ្ឋអាម៉េរិកបើកការវាយប្រហារមកលើរដ្ឋធានីតេហេរ៉ង់។ នេះជាសារព្រមានដ៏មុតស្រួចរបស់មេដឹកនាំរបបតេហេរ៉ង់ លោក អាយ៉ាតូឡាស៍ អាលី ខាមេណី និងបានចាត់ទុកកងទ័ពសហភាពអឺរ៉ុប ជា«ក្រុមភេរវករ»ដ៏គ្រោះថ្នាក់វិញផងដែរ...។

សូមជម្រាបថា សហរដ្ឋអាម៉េរិកបានបង្កើនវត្តមានកងទ័ពជើងទឹករបស់ខ្លួននៅក្នុងតំបន់មជ្ឈិមបូព៌ាកាន់តែស្រួចស្រាវ បន្ទាប់ពីលោកប្រធានាធិបតី ដូណាល់ ត្រាំ បានគំរាមអ៊ីរ៉ង់ម្ដងហើយម្ដងទៀតជាមួយនឹងការវាយប្រហារកម្រិតយោធា ប្រសិនបើរដ្ឋធានីតេហេរ៉ង់មិនយល់ព្រមចំពោះកិច្ចព្រមព្រៀងនុយក្លេអ៊ែរ ឬបរាជ័យក្នុងការបញ្ឈប់ការសម្លាប់ក្រុមបាតុករ ខណៈមនុស្សចំនួន៦៧១៣នាក់បានស្លាប់ នៅក្នុងមហាបាតុកម្មដ៏បង្ហូរឈាមនៅអ៊ីរ៉ង់ នេះបើតាមក្រុមសិទ្ធិមនុស្សរ៉ាណា HRANA មានមូលដ្ឋាននៅសហរដ្ឋអាម៉េរិកនាថ្ងៃអាទិត្យទី១ ខែកុម្ភៈ។ ទោះបីជាមានការប្រឈមមុខដាក់គ្នារវាងអ្នកដឹកនាំឆ្នាំបដិវត្តន៍អ៊ីរ៉ង់ និងរដ្ឋបាល លោក ដូណាល់ ត្រាំ ក៏ដោយ ក៏ភាគីទាំង២ បានបង្ហាញសញ្ញាបន្តកិច្ចពិភាក្សាផងដែរ ស្របពេលសម្ព័ន្ធមិត្តក្នុងតំបន់ដូចជា តួកគីព្យាយាមស្វែងរកការបន្ធូរបន្ថយភាពតានតឹង។

មេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាស៍ អាលី ខាមេណី (Ayatollah Ali Khamenei) ត្រូវបានគេដកស្រង់សម្តីនៅលើប្រព័ន្ធផ្សព្វផ្សាយរដ្ឋថា ទោះបីជាលោក ត្រាំ បានបញ្ជូននាវាចម្បាំងដូចស្រមោចទៅកាន់តំបន់មជ្ឈិមបូព៌ាក៏ដោយ ក៏ប្រជាជាតិអ៊ីរ៉ង់មិនភ័យខ្លាចចំពោះរឿងទាំងនេះ ឬព្រឺរោមដោយសារតែការគំរាមកំហែងនេះដែរ។ មេដឹកនាំកំពូលរូបនេះបន្ថែមថា៖«យើងមិនមែនជាអ្នកផ្តួចផ្តើមគំនិត[បង្កាត់ភ្លើងសង្គ្រាមទេ] ហើយមិនចង់វាយប្រហារប្រទេសណាមួយដែរ ប៉ុន្តែប្រទេសអ៊ីរ៉ង់នឹងវាយប្រហារទ្រង់ទ្រាយធំ ប្រឆាំងនឹងនរណាដែលវាយប្រហារ និងបៀតបៀនយើង»។

កងទ័ពជើងទឹកអាម៉េរិកបច្ចុប្បន្ន មាននាវាពិឃាតចំនួន៦គ្រឿង នាវាផ្ទុកយន្តហោះមួយគ្រឿង និងនាវាប្រយុទ្ធចំនួន៣គ្រឿង កំពុងបោះយុថ្កានៅក្នុងតំបន់មជ្ឈិមបូព៌ា ត្រៀមខ្លួនប្រយុទ្ធ ប្រសិនបើសង្គ្រាមផ្ទុះឡើង។ មែនទែនទៅ លោក ត្រាំ កំពុងថ្លឹងថ្លែងជម្រើសប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ថា តើត្រូវចរចា ឬត្រូវចុចប៊ូតុងសង្គ្រាម...? កិច្ចចរចាអាចប្រព្រឹត្តិទៅបាន ល្កឹកណា អ៊ីរ៉ង់ទទួលយកកិច្ចព្រមព្រៀងគ្មានអាវុធនុយក្លេអ៊ែរ។ យ៉ាងណា រដ្ឋធានីតេហេរ៉ង់ប្រកាសត្រៀមខ្លួនរួចជាស្រេច សម្រាប់ការចរចាដោយយុត្តិធម៌ ដែលមិនដាក់សម្ពាធសមត្ថភាពការពាររបស់ខ្លួន។

កាលពីសប្តាហ៍មុន សហភាពអឺរ៉ុប បានចាត់ទុកឆ្មាំបដិវត្តន៍អ៊ីរ៉ង់ជាអង្គការភេរវករ។ ជាការឆ្លើយតប ប្រធានសភាអ៊ីរ៉ង់ លោក ម៉ូហាម៉ាដ បាកឺ ក្វាលីបាហ្វ (Mohammad Baqer Qalibaf) បានប្រតិកម្មថា កងទ័ពសហភាពអឺរ៉ុប ក៏ត្រូវបានកំណត់ជាក្រុមភេរវកម្មដូចគ្នាដែរ។ ម្សាងវិញទៀត បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយជាច្រើន ចុះផ្សាយថា អ៊ីរ៉ង់នឹងធ្វើសមយុទ្ធនៅច្រកសមុទ្ទហ័រមូហ្ស (Hormuz) ស្រាប់តែមន្ត្រីកងទ័ពជើងទឹកនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ ចេញមុខមកបញ្ជាក់ថា រដ្ឋធានីតេហេរ៉ង់មិនមានគម្រោងធ្វើសមយុទ្ធបាញ់គ្រាប់ពិតនៅច្រកសមុទ្ទហ័រមូហ្សនោះទេ។ ពិភពលោកកំពុងដកដង្ហើមធំតាមដានមើលថា តើល្បែងនយោបាយនៅមជ្ឈិមបូព៌ារបស់បងធំពិភពលោក នឹងបញ្ចប់ដោយការចាប់ដៃគ្នាចូលតុចរចា ឬដោយគ្រាប់មីស៊ីលនៅសមរភូមិ?...៕




